វីតាមីនសំខាន់ៗល្អចំពោះអ្នកមានបញ្ហាស្ងួតទ្វារមាស
- 2023-12-16 00:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីតាមីនសំខាន់ៗល្អចំពោះអ្នកមានបញ្ហាស្ងួតទ្វារមាស
បញ្ហាស្ងួតទ្វារមាសអាចធ្វើឲ្យស្រីៗយើងជួបបញ្ហាឈឺចាប់ពេលរួមភេទ ផ្សា រមាស់ ឬអាចមានឈាមក្រោយរួមភេទដែលកើតចេញពីការដាច់រលាត់ជាលិកាទ្វារមាស។ ការស្ងួតទ្វារមាសក៏អាចមានហានិភ័យនៃការឆ្លងមេរោគផងដែរ ក្រៅពីប៉ះពាល់ដល់ក្ដីសុខពេលរួមភេទ និងទំនាក់ទំនងស្នេហា។ ក្រៅពីការប្រើទឹករម្អិលដើម្បីជំនួយដល់សំណើមទ្វារមាសពេលរួមភេទ វីតាមីនមួយចំនួនក៏មានប្រយោជន៍ចំពោះបញ្ហានេះដែរ។
វីតាមីន D៖ វីតាមីន D ត្រូវគេស្គាល់ថាជួយឲ្យឆ្អឹងរឹងមាំ ប៉ុន្តែក៏ជាវីតាមីនជួយដល់សុខភាពទ្វារមាសស្រ្តីក្រោយអស់រដូវផងដែរ។ វីតាមីនD ជាវីតាមីនបានពីពន្លឺព្រះអាទិត្យពេលរាងកាយយើងត្រូវនឹងពន្លឺព្រះអាទិត្យ ឬអាហារមួយចំនួនដូចជាត្រី ស៊ុត និងផ្សិតជាដើម។
វីតាមីន E៖ វីតាមីន E ក៏មានប្រយោជន៍ខ្លាំងក្នុងការជួយផ្ដល់ទឹករម្អិលដល់ទ្វារមាស ក្នុងការកាត់បន្ថយភាពស្ងួតផងដែរ ពិសេសសម្រាប់ស្រ្តីវ័យអស់រដូវ។ អាហារផ្ទុកវីតាមីន E មានដូចជាស្វាយ សណ្ដែក និងផ្លែប័រ ជាដើម។
វីតាមីន A៖ វីតាមីន A ដើរតួសំខាន់ក្នុងការបង្កើតភ្នាសរម្អិល ដែលរួមទាំងនៅជញ្ជាំងទ្វារមាសផងដែរ ដែលការណ៍នេះជួយឲ្យទ្វារមាសមានសំណើម។ អាហារសម្បូរវីតាមីន A មានដូចជាត្រី ថ្លើមសត្វ ការ៉ុត ស្វាយ និងល្ហុង ជាដើម។
វីតាមីន B៖ ប្រព័ន្ធរាងកាយដំណើរការបានល្អ ក៏ជួយឲ្យទ្វារមាសមានសុខភាពល្អដែរ ហើយពពួកវីតាមីន B ជួយជំរុញដល់ដំណើរការប្រព័ន្ធភាពស៊ាំ។ អាហារសម្បូរវីតាមីន B មានដូចជា ត្រី សាច់ ទឹកដោះគោ និងស៊ុត ជាដើម។
បញ្ហាស្ងួតទ្វារមាសអាចបណ្ដាលមកពីការប្រែប្រួលអ័រម៉ូនពេលអស់រដូវ និងក្រោយសម្រាលកូន។ ក្រៅពីនេះ បញ្ហាតានតឹងផ្លូវចិត្ត និងការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបណ្ដាលឲ្យស្ងួតទ្វារមាសដែរ។