រើសជំនាញត្រូវ និងចំណុចសំខាន់ទាំងនេះដែលស្ត្រីវ័យក្មេងគួរមានមុនចាប់ជំនាញបច្ចេកវិទ្យា
- 2022-03-01 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសជំនាញត្រូវ និងចំណុចសំខាន់ទាំងនេះដែលស្ត្រីវ័យក្មេងគួរមានមុនចាប់ជំនាញបច្ចេកវិទ្យា
“តាំងពីដើមរហូតមកឪពុកម្ដាយតែងតែអប់រំប្រាប់កូនៗថា មានតែការខិតខំរៀនសិក្សាបង្កើនចំណេះឲ្យខ្ពង់ខ្ពស់នោះទេ ទើបអាចធ្វើឲ្យអនាគតភ្លឺស្វាង និងទទួលបានជោគជ័យលើអ្វីដែលយើងស្រលាញ់”។ នេះជាការលើកឡើងរបស់យុវតីមួយរូប ដែលបានប្រាប់មកក្រុមការងារ កញ្ញា។ ស្ត្រីវ័យក្មេងរូបនេះបានបង្ហើបប្រាប់ថា នាងមានក្តីស្រម៉ៃធំៗជាច្រើនក្នុងជីវិត ជាពិសេសគឺចង់ផ្សារភ្ជាប់ខ្លួនទៅនឹងការងារក្នុងផ្នែកបច្ចេកវិទ្យា ដើម្បីជួយជម្រុញចំនួនស្ត្រីក្នុងវិស័យនេះឲ្យកាន់តែប្រសើរ។
កញ្ញា ហេង វិជ្ជារ៉ា អាយុ ១៨ ឆ្នាំ កើតនៅក្នុងរាជធានីភ្នំពេញ ទើបបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ ២០២១។ សព្វថ្ងៃនេះកញ្ញាជានិសិត្សឆ្នាំទី ១ នៅក្នុងសាកលវិទ្យាល័យ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច-Camtech University) នៅក្នុងរាជធានីភ្នំពេញ។ ប្អូនស្រីបានចាប់យកជំនាញ វិទ្យាសាស្ត្រទិន្នន័យ និងវិស្វកម្មប្រាជ្ញាសិប្បនិម្មិត ដែលជាភាសាអង់គ្លេសហៅថា Data Science and AI Engineering ក្នុងគោលបំណងចូលរួមជួយសង្គមនៅថ្ងៃអនាគត និងជាអ្វីដែលនាងស្រលាញ់តាំងពីក្មេង។
មុនពេលចូលសាកលវិទ្យាល័យប្អូនស្រីបានដាក់ពាក្យសុំអាហារូបករណ៍តាមរយៈ Sister of Code ដែលតម្រូវឲ្យមានការបំពេញបែបបទ ការថតវីដេអូខ្លីនិយាយអំពីចំណាប់អារម្មណ៍ទៅលើមុខវិជ្ជានេះ ការធ្វើតេស្ត និងការសម្ភាសផងដែរ។ អ្វីដែលជាក្តីរំភើបធំដំបូងក្នុងជីវិត និងជាលទ្ធផលប្អូនស្រីទទួលបាននោះគឺ អាហារូបករណ៍ ១០០ ភាគរយក្នុងការសិក្សានៅសាលានោះ។
កញ្ញា ហេង វិជ្ជារ៉ា បានសម្រេចចិត្តជ្រើសរើសយកមុខជំនាញនេះ ពីព្រោះនាងស្វែងយល់ថាក្រោយពីបញ្ចប់ការសិក្សាហើយ នាងអាចបង្កើតអ្វីថ្មីៗនៅក្នុងប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីអាចជួយដោះស្រាយបញ្ហានានា ដែលអាចកើតមានឡើងនៅក្នុងសង្គម។ វិជ្ជរ៉ាបានសម្រេចចូលរៀននៅសាលា ខេមតិច ដោយសារសាលានេះ មានផ្ដល់ការបង្រៀនពេញម៉ោងដែលមានគ្រូស្រាវជ្រាវលំដាប់ពិភពលោក ការផ្ដល់ឱកាសជាច្រើនដល់សិក្សានុសិស្សក្នុងអំឡុងពេលរៀន ព្រមទាំងការផ្ដល់ឱកាសក្នុងការបង្ហាញអំពីទេពកោសល្យសមត្ថភាពរបស់ពួកគេថែមទៀតផង។
វិជ្ជរ៉ាបានប្រាប់ថាមិនថា៖ ការសិក្សាជំនាញមួយនេះបានផ្ដល់ផលប៉ះពាល់បន្ដិចបន្ដួចដល់ប្អូនស្រី ដូចជាការលំបាកក្នុងការផ្ដោតអារម្មណ៍នៅលើអេក្រង់កុំព្យូទ័រក្នុងរយៈពេលយយូរ ការរំខានជាច្រើនតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬគេហទំព័រផ្សេងទៀតក្នុងអំឡុងពេលសិក្សាពិចម្ងាយក្នុងបរិបទកូវីដ-១៩ ខណៈពេលដែលសិស្សមួយចំនួនធំនៅតែបន្ដការសិក្សានៅផ្ទះតាមប្រព័ន្ធអ៊ីនធឺណែតនៅឡើយ។ យ៉ាងណាក្តី ដោយសារតែនាងបានត្រៀមខ្លួនជាមុន ទោះជាមានការរំខានយ៉ាងណាក៏ដោយ ក៏នាងនៅតែអាចបន្តការសិក្សាដោយរលូនបាន។
មួយវិញទៀត៖ ក្រៅខ្លួនឯង ការផ្ដល់កម្លាំងចិត្តដ៏ធំធេងពីឪពុកម្ដាយគឺជាការលើកទឹកចិត្តដ៏សំខាន់មួយដែលបានធ្វើឲ្យប្អូនស្រី វិជ្ជារ៉ា នៅតែតស៊ូបន្ដការសិក្សាឈ្ពោះទៅមុខជានិច្ច ដើម្បីអនាគតរបស់ខ្លួនផង និងប្រទេសជាតិផង។ ហើយគោលបំណងដ៏ធំរបស់ប្អូនស្រីគឺដើម្បីក្លាយជាស្ត្រីឈានមុខគេដ៏រឹងមាំនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ជាគំរូនឹងជាស្ត្រីវ័យក្មេងដែលអាចជំរុញលើកទឹកចិត្តក្មេងស្រីដទៃទៀតឲ្យមានភាពក្លាហ៊ានក្នុងការចូលរួមចំណែកនៅក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យានាសម័យទំនើបមួយនេះ៕
ចុចអានបន្ដ៖ ជនពិការ Lona Hay ក្លាយជាអ្នករចនាសម្លៀកបំពាក់សម្រាប់អ្នកដែលមានអវយវៈសិប្បនិម្មិតដូចជានាង