ដំណោះស្រាយ ៦ យ៉ាងដើម្បីទប់ទល់ជាមួយមនុស្សដែលពូកែកុហកគេជាញឹកញាប់
- 2021-09-29 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយ ៦ យ៉ាងដើម្បីទប់ទល់ជាមួយមនុស្សដែលពូកែកុហកគេជាញឹកញាប់
មនុស្សមួយចំនួនអាចមានអារម្មណ៍ដឹងថានៅពេលដែលគេកំពុងតែនិយាយប្រាប់រឿងអ្វីមួយ ឬសួរនាំទៅកាន់នរណាម្នាក់ ពួកគេដឹងថាម្នាក់នោះមិនបាននិយាយប្រាប់មកវិញនូវការពិតឡើយ។ ជាទូទៅពួកគេតែងតែមានមតិប្រឆាំងជាមួយអ្នកដែលយើងហៅថាការខ្វែងគំនិតគ្នា ឬពួកគេតែងតែមានលេសដោះសាជានិច្ច ហើយយូរៗទៅអ្នកក៏ដឹងច្បាស់នឹងចាប់បានថាវាគឺជាការកុហក។ នៅក្នុងនោះអាចមាន ការកុហកដើម្បីយករួចខ្លួនពីកំហុសដែលខ្លួនបានប្រព្រឹត្ត និងការកុហកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផ្សេងទៀត។
តាមរយះបទសម្ពាសជាមួយ លោក រ៉ូបឺត ហេនឌឺសាន់ មីលឡឺ (Robert Henderson Miller) ដែលជាសាស្ត្រាចារ្យនៅក្នុងសកលវិទ្យាល័យឯកជនមួយ គាត់បានធ្វើការចែករំលែកបទពិសោធប្រាប់មកកាន់ កញ្ញា និងសម្រាប់បងប្អូនអ្នកអានទាំងអស់ឲ្យបានដឹងថា៖ មនុស្សមួយចំនួនធ្វើការកុហកតែម្តងម្កាលដោយសារបញ្ហាផ្ទាល់ខ្លួន ឬជាការសម្រេចចិត្តដោយដឹងខ្លួន ខណៈពេលដែលមនុស្សខ្លះទៀតនិយាយកុហកជាញឹកញាប់ដោយគ្មានការគិតការត្រួតពិនិត្យច្បាស់លាស់ ហើយពួកគេមិនដឹងខ្លួនថាពួកគេបានធ្វើវាឡើយ។ ការនិយាយកុហកដោយបង្ខិតបង្ខំបែបនេះត្រូវបានគេចាត់ទុកថាជា “ទម្លាប់សុទ្ធសាធ ឬហៅថាការកុហកបែបរោគសាស្ត្រ” ដែលអ្នកនឹងសួរខ្លួនឯងថា មូលហេតុអ្វីបានជាពួកគេកុហកអ្នកញឹកញាប់ម្ល៉េះ។
ទាំងនេះគឺជាយុទ្ធសាស្ត្រល្អៗពីលោកសាស្ត្រាចារ្យ រ៉ូបឺត ដែលអាចជួយអ្នកទប់ទល់ដោះស្រាយជាមួយនឹងមនុស្សម្នាក់នៅក្នុងជីវិតរបស់អ្នកដែលពូកែក្នុងការកុហក៖
១. ចាត់ទុកថាវាមិនមែនជារឿងផ្ទាល់ខ្លួន៖ ទោះបីវាជារឿងពិបាកក្នុងការទទួលយក ប៉ុន្តែវាជាការសំខាន់ណាស់ដែលអ្នកត្រូវចងចាំថាវាគឺជាទម្លាប់របស់មនុស្សមួយចំនួនទៅហើយ ឬអាចបណ្ដាលមកពីស្ថានភាពសុខភាពផ្លូវចិត្តដែលជាកត្តាជំរុញឥរិយាបថរបស់ពួកគេឲ្យនិយាយកុហក។
២. ណែនាំឲ្យពួកគេមានការព្យាបាល៖ ប្រាប់បុគ្គលនោះឲ្យស្វែងរកការព្យាបាលសុខភាពផ្លូវចិត្តចំពោះស្ថានភាពរបស់ពួកគេ ហើយផ្តល់នូវធនធាន និងការគាំទ្រណាដែលអ្នកអាចធ្វើទៅបាន។ ជៀសវាងការទម្លាក់កំហុស ផ្ទុយទៅវិញសូមឲ្យពួកគេដឹងថាអ្នកព្រួយបារម្ភអំពីពួកគេ។
៣. ការបង្ហាញពីអារម្មណ៍ពិតរបស់អ្នក៖ ព្យាយាមទប់កំហឹងរបស់អ្នកនៅពេលដែលអ្នកប្រឈមមុខនឹងការកុហករបស់ពួកគេម្ដងហើយម្ដងទៀត បើអ្នកពិបាកចិត្តសូមប្រាប់គេឲ្យត្រង់ថាអ្នកមិនចង់ទាក់ទងជាមួយគេទៀតទេបើគេមិនភាពស្មោះត្រង់ជាមួយអ្នក។
៤. ការយកចិត្តទុកដាក់ចំពោះសកម្មភាពរបស់ពួកគេ៖ វាអាចពិបាកជឿទុកចិត្តទៅលើពាក្យសម្ដីរបស់មនុស្សដែលនិយាយកុហក តែការតាមដានអំពីសកម្មភាពរបស់បុគ្គលនោះនឹងជួយអ្នកឲ្យដឹងពីឥរិយាបថពិតរបស់បុគ្គលនោះ។
៥. ការកំណត់ព្រំដែនឲ្យបានច្បាស់៖ វាមានសារសំខាន់ណាស់ក្នុងការកំណត់ព្រំដែននៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយបុគ្គលនោះដើម្បីការការពារខ្លួនអ្នក។ ប្រសិនបើពួកគេមិនមានឆន្ទៈក្នុងការផ្លាស់ប្តូរទេ អ្នកត្រូវកំណត់ព្រំដែនទំនាក់ទំនងជាមួយពួកគេឲ្យបានជាក់លាក់។
៦. បញ្ចប់ទំនាក់ទំនងនោះ៖ ប្រសិនបើអ្នកមិនអាចទប់ទល់ ឬធ្វើការដោះស្រាយជាមួយនឹងការកុហករបស់មនុស្សនោះទេ អ្នកអាចបញ្ចប់ទំនាក់ទំនងរបស់អ្នកជាមួយពួកគេបើទោះបីបុគ្គលនោះជាសមាជិកគ្រួសារ ឬជាមិត្តរួមក៏ដោយ។
ប្រសិនបើអ្នកស្គាល់នរណាម្នាក់ដែលតែងតែនិយាយកុហកអ្នកជានិច្ច ឬក៏ដៃគូសង្សារ ស្វាមីភរិយាដែលតែងកុហកគ្នាជាប្រចាំនោះ ការព្យាបាលសុខភាពផ្លូវចិត្តអាចផ្តល់អត្ថប្រយោជន៍ល្អៗជាច្រើនដល់ពួកគេ ពីព្រោះវាអាចជួយឲ្យពួកគេផ្លាស់ប្តូរទម្លាប់មិនល្អនោះចោល និងព្យាបាលបញ្ហាសុខភាពផ្លូវចិត្តមូលដ្ឋានផ្សេងទៀតដែលពួកគេមាន។ ហើយអ្វីដែលសំខាន់បំផុតនោះគឺការរក្សា និងការកំណត់ព្រំដែននៅក្នុងទំនាក់ទំនងរបស់អ្នកជាមួយពួកគេឲ្យបានច្បាស់លាស់ ដើម្បីការពារសុខភាពផ្លូវចិត្តផ្ទាល់ខ្លួនរបស់អ្នក៕
ប្រភពរូបភាព៖ Pinterest
ចុចអានបន្ត៖