ម៉ាក់ៗដឹងប្រភពឱ្យច្បាស់មុនទិញ! អាជ្ញាធរខ្មែរចាប់បានសាច់ក្របីកកទាំងកុងទ័រនឺដឹកពីឥណ្ឌាមានផ្ទុកកូវីដ-១៩

  • 2021-07-27 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ បានបញ្ជាក់ថា៖ សាច់​ក្របី​ក្លាស្សេ ចំនួន ៣​កុងតឺន័រ ដែលនាំចូល​មកពី​ប្រទេស​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ត្រូវអាជ្ញាធរ​សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន និងត្រៀមបំផ្លាញចោលក្នុងរយៈពេល ២-៣​ថ្ងៃ​ខាងមុខ។

នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០២១ លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថាបើទោះបីជាកប់ ក៏អាចនឹងមិនមានសុវត្ថិភាពដែរ។

ក្នុងនោះដែរ ​លោក​អភិបាលខេត្ត បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះ ខ្លាច​ប៉ះ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដូច​អ្វីដែល​គយ ចាប់បាន​នាពេលនេះ​។​

សូមរំលឹកថា ​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ហាមឃាត់ មិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុកថា ជា «​ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដោយសារតែ​ឥណ្ឌា រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​កូ​វីដ​១៩ ជាថ្មីទៀត​៕