ការកែឆ្នៃសំណល់ប្លាស្ទិកឲ្យទៅជាសម្ភារៈសំណង់របស់ស្ត្រីជនជាតិកេនយ៉ាក្នុងការជួយបរិស្ថាន

  • 2021-03-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

Nzambi Matee ដែលជាសហគ្រិន និងវិស្វករម្នាក់មានអារម្មណ៍រំភើមបំផុសដែលបានជួយក្នុងការកាត់បន្ថយការបំពុលបរិស្ថានដោយសារប្លាស្ទិចនៅក្នុងប្រទេសរបស់នាង។ ក្រុមហ៊ុន GJENGE បានធ្វើការកែប្រែកាកសំណល់ប្លាស្ទិចឲ្យក្លាយទៅជាដុំឥដ្ឋដែលអាចទ្រទម្ងន់បេតុងបានទ្វេដងជាងដុំឥដ្ឋដែលផលិតចេញពីដីដែលអាចជួយដោះស្រាយបញ្ហាកង្វក់សំរាមពីប្លាស្ទិចដ៏ធំនៅក្នុងប្រទេសនេះ។

ការសិក្សាស្រាវជ្រាវរបស់ទីភ្នាក់ងារជាតិគ្រប់គ្រងបរិស្ថានបានរកឃើញថាសត្វគោក្របីបានស៊ីដោយប្លាស្ទិចចូលទៅក្នុងក្រពះប្រមាណជាង ៥០ ភាគរយជាពិសេសនោះនៅក្នុងតំបន់ទីក្រុងរបស់ប្រទេសកេនយ៉ាតែម្តង។ ដើម្បីដោះស្រាយបញ្ហានេះរដ្ឋាភិបាលកេនយ៉ាបានហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ផ្តើមតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ហើយក៏បានដាក់​បម្រាមលើការប្រើប្រាស់ប្លាស្ទិចគឺ ប្រើតែមួយ ដើម្បីការពារតំបន់ធម្មជាតិក្នុងឆ្នាំ ២០២០ មក។

ជាអកុសលកាកសំណល់ពីក្រុមហ៊ុនពាណិជ្ជកម្មធំៗនៅតែចោទជាបញ្ហាដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសនេះចាប់តាំងពីការហាមឃាត់មក ពីព្រោះមានតែប្រជាជនទេដែលអនុវត្តតាមគោលការណ៍ហាមឃាត់ខាងលើនោះ។ Nzambi Matee បានប្រាប់អ្នកយកព័ត៌មានថានាងពិតជាអស់សង្ឃឹងទៅនឹងគោលការណ៍ហាមប្រាមរបស់​រាជរដ្ឋាភិបាលរហូតដល់នាងបានរកឃើញដំណោះស្រាយដោយខ្លួនឯង។ ដោយសារតែនាងមានបទពិសោធជាវិស្វករផងនោះ នាងបានគំនិតធ្វើការកែច្នៃរចនា ឥដ្ឋដែលផ្សំចេញពីប្លាស្ទិកនឹងដីខ្សាច់ ដែលបានជួយសម្អាតបរិស្ថានយ៉ាងខ្លាំង។ នាងក៏បានបញ្ជាក់ថា “ផលិតផលរបស់នាងគឺមានភាពរឹងមាំជាងដុំឥដ្ឋធម្មតាពីប្រាំទៅប្រាំពីរដងឯណោះ”។

រោងចក្រ GJENGE អាចផលិតឥដ្ឋបានរហូតដល់ទៅ ១៥០០ ឥដ្ឋក្នុងមួយថ្ងៃ ហើយវាបានបំលែងកាកសំណល់ប្លាស្ទិកទៅជាឥដ្ឋសម្រាប់ប្រើប្រាស់ក្នុងពាណិជ្ជកម្មនឹងលំនៅដ្ឋាន។ ក្រុមហ៊ុនបានចាប់ផ្តើមនៅឆ្នាំ ២០១៧ ដោយបានធ្វើការកែឆ្នៃប្លាស្ទិកប្រហែលជាង ២០ តោនរហូតមកដល់បច្ចុប្បន្ននេះ។ វាក៏បានជួយដល់សេដ្ឋកិច្ចក្នុងស្រុកដោយបានបង្កើតការងារសម្រាប់ប្រជាជនជាង ១២០។

សង្ឃឹមថានៅពេលអនាគតយើងអាចបង្កើតផលិតផលទាំងអស់ដោយការប្រើពីកាកសំណល់ប្លាស្ទិកឡើងវិញ ឬជម្រើសផ្សេងៗទៀតដែលមិនបំពុលបរិស្ថាន៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den