ស្រីៗគួរដឹង! មិនត្រឹមតែឆ្ងាញ់ ទឹកក្រូចឆ្មាមានអត្ថប្រយោជន៍ធំៗដល់ទៅ ៧ យ៉ាង!
- 2021-03-01 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗគួរដឹង! មិនត្រឹមតែឆ្ងាញ់ ទឹកក្រូចឆ្មាមានអត្ថប្រយោជន៍ធំៗដល់ទៅ ៧ យ៉ាង!
មនុស្សមួយចំនួនធំតែងចាប់ផ្តើមថ្ងៃថ្មីដោយការពិសារកាហ្វេ ឬ តែ ក៏ប៉ុន្តែមានអ្នកខ្លះទៀតទម្លាប់ផឹកទឹកក្រូចឆ្មាពីព្រលឹម។ អ្នកណាៗក៏ដឹងពីរសជាតិដ៏ឆ្ងាញ់របស់ទឹកក្រូចឆ្មាដែរ ចុះទម្រាំតែវាអត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើនទៀតនោះ ? អ្នកគួរចាប់ផ្ដើមបញ្ចូលទឹកក្រូចឆ្មានៅក្នុងភេសជ្ជៈប្រចាំថ្ងៃ ដើម្បីទទួលបាននូវគុណប្រយោជន៍ទាំង ៧ យ៉ាងនេះ៖
១. វាជួយបំពេញជាតិទឹក
ដូចដែលអ្នកបានដឹងស្រាប់មកហើយ រាងកាយមនុស្សស្រីត្រូវការជាតិទឹកយ៉ាងតិច ២,៥ លីត្រ ក្នុង១ថ្ងៃ ឯមនុស្សប្រុសត្រូវការប្រមាណ ៣,៥ លីត្រ។ ដូចនេះក្រៅពីទឹកធម្មតា អ្នកអាចផ្លាស់ប្តូររសជាតិដោយបន្ថែមជាមួយការពិសារទឹកក្រូចឆ្មាផងដែរ ព្រោះវាក៏ជាប្រភពនៃជាតិទឹកដែរ។
២. វាជួយបំពេញជាតិវីតាមីន C
ទឹកក្រូចឆ្មាក៏ជាប្រភពនៃជាតិវីតាមីនC ដែលរាងកាយត្រូវការផងដែរ។ គួរបញ្ជាក់ថា ជាតិវីតាមីនC មានតួនាទីជួយទប់ស្កាត់ជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង សម្ពាធឈាមទាប។
៣. វាជួយក្នុងការសម្រកទម្ងន់
ទឹកក្រូចឆ្មាក៏មានអត្ថប្រយោជន៍ពិសេសមួយទៀតក្នុងការជួយទប់ស្កាត់នូវការឡើងទម្ងន់នៃរាងកាយ។ ចំណុចនេះពិតជាមានប្រសិទ្ធភាពពិតមែន ជាពិសេសសម្រាប់មិត្តនារីដែលមានបំណងចង់ធ្វើការសម្រកទម្ងន់ ឬ រក្សាទម្ងន់ជាដើម។
៤. ជួយឱ្យស្បែកមានសុខភាពល្អ
កាលណារាងកាយរបស់អ្នកសម្បូរទៅដោយជាតិវីតាមីន C វាជួយឱ្យស្បែកមានសភាពរឹងមាំ ពោលគឺកាត់បន្ថយនូវស្នាមជ្រីវជ្រួញ ស្បែកស្ងួត ឬ ការខូចខាតផ្សេងៗនៃស្បែកដែលបណ្ដាលមកពីការត្រូវពន្លឺថ្ងៃ។
៥. វាជួយដល់ការរំលាយអាហារ
មានមនុស្សមួយចំនួនដែលជ្រើសរើសពិសារទឹកក្រូចឆ្មាពីព្រលឹមដើម្បីជួយសម្រួលបញ្ហាទល់លាមក។ ទឹកក្តៅអ៊ុនៗលាយជាមួយក្រូចឆ្មាពេលព្រឹកមានប្រសិទ្ធភាពខ្លាំង ជាពិសេសក្នុងការជួយសម្រួលដល់ការរំលាយអាហារ។
៦. ជួយឱ្យផ្លូវដង្ហើមស្រស់ស្រាយ
អ្នកធ្លាប់យកផ្លែក្រូចឆ្មាមកលាងដៃដើម្បីកាត់ក្លិនឆ្អេះឆ្អាបនៅលើដៃ ក្រោយពេលបរិភោគរួចទេ? ពិតណាស់ ក្រូចឆ្មាក៏មានតួនាទីលាងជម្រះ និង បំបាត់រាល់ក្លិនមិនល្អដែរ។ ដូច្នេះ ពេលអ្នកផឹកទឹកក្រូចឆ្មាចូល នោះវាក៏ជួយបំបាត់នូវបញ្ហាក្លិនមាត់ដែលបណ្តាលមកពីការបរិភោគនូវអាហារនានា និង ជួយសម្រួលឱ្យផ្លូវដង្ហើមមានលក្ខណៈស្រស់ស្រាយវិញផងដែរ។
៧. វាជួយទប់ស្កាត់ជំងឺគ្រួសក្នុងតម្រងនោម
គួរឱ្យដឹងថា ជាតិអាស៊ីតក្នុងក្រូចឆ្មាមាននាទីជួយទប់ស្កាត់នូវការកកើតគ្រួសក្នុងតម្រងនោម ដែលក្នុងនោះវាជួយកាត់បន្ថយជាតិអាស៊ីតនៅក្នុងទឹកនោម និង ជួយបំបែកដុំគ្រួសឱ្យទៅជាបំណែកតូចៗវិញបាន។ យ៉ាងណាមិញ វាតម្រូវឱ្យអ្នកពិសារទឹកឱ្យបានច្រើនជាប្រចាំ និង គ្រប់គ្រាន់តាមបរិមាណដែលរាងកាយត្រូវការ៕
ចុចអានបន្ត៖ ភេសជ្ជៈ៥ប្រភេទ ផឹករាល់ថ្ងៃស្បែកសភ្លឺថ្លាទន់រលោងលើសស្មាន