តិចនិកជួយឲ្យផលិតផលដែលទិញមក ងាយផ្តល់គុណភាពខ្ពស់ដល់សាច់មុខ

  • 2020-06-05 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ការ​ទិញ​ផលិត​ផល​ថ្លៃ ​ឬ​ តម្លៃ​សម​រម្យ ​ឲ្យ​តែ​ចេះ​វិធី​លាប​បាន​ត្រឹម​ត្រូវ ​នោះ​គឺ​គ្មាន​បញ្ហា​ទាំង​អស់។ ផលិត​ផល​ថែ​រក្សា​សម្រស់ ​មិន​ចាំ​បាច់​ទាល់​តែ​ថ្លៃ​កប់​ពពក​ទើប​សន្មត់​ថា​ល្អ​នោះ​ទេ ពេល​ខ្លះ​ត្រឹម​ផលិត​ផល​សាម​ញ្ញ​ក៏​អាច​ផ្តល់​​គុណ​ភាព​ដូច​ផលិត​​ផល​ថ្លៃ​ៗ​​បាន​ដែរ។ ​ខាង​ក្រោម​នេះ ជា​គន្លឹះ​មួយ​ចំនួន​ដែល​​ជួយ​ឲ្យ​ផលិត​ផល​ដែ​ល​អ្នក​ទិញ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ងាយ​ផ្តល់​គុណ​ភាព​ដល់​ស្បែក​មុខ​ ១០០​%។

រូបតំណាង

**១. ប្រើ​ផលិត​ផល​តាម​លំដាប់​លំដោយ​ឲ្យ​បាន​ត្រឹម​ត្រូវ**

ប្រសិន​បើ​អ្នក​លាប​ផលិតផល​តាម​ជំហាន​នីមួយ​ៗ​មិន​ត្រឹម​ត្រូវ ​នោះ​ជីវជាតិ​​នឹង​មិន​ស្រូប​ចូល​ស្បែក​បាន​គ្រប់​គ្រាន់ និង​ថែម​ទាំង​ខាត​លុយ​ឥត​អំពើ​ទៀត​ផង។ ​ដូច្នេះ ​គួរ​លាប​ផលិត​ផល​​​ពី​ស្រទាប់​ស្តើង​ចេញ​ទៅ​ខាង​ក្រាស់ គឺ​ដំបូង Toner ​បន្ទាប់​មក Lotion ​ឬ សេរ៊ូម ​បន្ទាប់​មក​ទៀត ​គឺ​ គ្រីម។ ​លើស​ពី​នេះ ​ផលិត​ផល​មាន pH ​ទាប​ដូច​ជា AHA, BHA, ​សេរ៉ូម​វីតាមីន C ​ជា​ដើម​​ត្រូវ​ចាំ​១៥​នាទី​សិន​ដើម្បី​ឲ្យ​វា​ជ្រាប​ចូល​ស្បែក​បាន​ល្អ ​រួច​សឹម​លាប​ផលិត​ផល​ផ្តល់​សំណើម​ជា​​ក្រោយ។

រូបតំណាង

២. លាប​ផលិត​ផល​មុខ ​ពេល​ដែល​​លាង​មុខ​រួច

ពេល​វេលា​ដ៏​សំខាន់​បំផុត ​សម្រាប់​លាប​ផលិត​ផល​ ​គឺ​ក្រោយ​ពី​លាង​សម្អាត​មុខ​រួច ខណៈ​ពេល​ស្បែក​នៅ​សើម ទន់ ដែល​វា​​ងាយ​ស្រូប​បាន​ជីវជាតិ។

រូបតំណាង

៣. ខាត់​ស្បែក​ចេញ​ឲ្យ​ទៀង​ទាត់​​រៀង​រាល់​សប្តាហ៍

​​កោសិកា​ងាប់​ៗ​​ប្រមូល​ផ្តុំ​គ្នា​ច្រើន ​នឹង​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ជា​គ្រឿម ខ្មៅ​ស្រអាប់ និង​ពិបាក​ស្រូប​យក​ជីវជាតិ​ពី​ផលិ​ត​ផល​ថែរក្សា​សម្រស់​ណាស់។ ​ម្ល៉ោះ​ហើយ ​រៀង​រាល់​សប្តាហ៍ អ្នក​គួរ​ខាត់​ស្បែក​មុខ​ចេញ​ឲ្យ​បាន​ទៀង​ទាត់ ​ដើម្បី​ជួយ​ស្បែក​​ឲ្យ​ទន់​រលោង ​មាន​ផាសុកភាព និង​ផលិត​ផល​ដែល​អ្នក​លាប​ក៏​អាច​ធ្វើ​ការ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។

រូបតំណាង

៤. ​ម៉ាស្សា​​មុខ​ បន្ទាប់​ពី​លាប​ឡេ​រួច

ការ​ម៉ាស្សា​ថ្នម​ៗ​លើ​ស្បែក​មុខ​ បន្ទាប់​ពី​លាប​ឡេ​រួច ​ជួយ​ឲ្យ​ជីវជាតិ​របស់​ផលិត​ផល​ជ្រាប​ចូល​ស្បែក​មុខ​កាន់​តែ​ជ្រៅ​ល្អ។ ​ម្យ៉ាង​ទៀត ​ជួយ​ចរន្ត​ឈាម​រត់​ ​បង្កើន​ឲ្យ​ស្បែក​ពណ៌​ស៊ី​ជម្ពូ និង​សុខភាព​ល្អ​។ ​​តែ​ត្រូវ​ចាំ​ថា ​ម៉ាស្សា​ពី​ផ្នែក​ក្រោម​ឡើង​ទៅ​លើ ដើម្បី​ស្បែក​តឹង​ណែន ​មិ​ន​យារ​ធ្លាក់។

រូបតំណាង

៥. រក្សា​ផលិត​ផល​ក្នុង​ទូ​ទឹក​កក

​ផលិត​ផល​ថែ​សម្រស់​មួយ​ចំនួន​ដូច​ជា​ សេរ៉ូម​វីតាមីន C ​ឬ ​ផលិត​ផល​ធម្មជាតិ​មួយ​ចំនួន​ងាយ​នឹង​​ខូច​គុណ​ភា​ព​ណាស់ ​បើ​អ្នក​ទុក​វា​ចោល​ក្នុង​កន្លែង​មាន​សីតុណ្ហភាព​ខ្ពស់។ ​ដូច​នេះ ​ការ​ដាក់​ក្នុង​ទូ​ទឹកកក ​នឹង​ជួយ​រក្សា​គុណ​ភាព​​ផលិត​ផល​បាន។ ​លើស​ពី​នេះ ​ដូច​ជា​ ម៉ាស​បិទ​មុខ ​ស្រ្ពាយ​បាញ់​មុខ ​ជែល … ​ជា​ដើម ​បើ​រក្សា​ក្នុង​ទូ​ទឹក​កក ​រឹត​តែ​ជួយ​​ឲ្យ​​នៅ​ពេល​យក​មក​ប្រើ​ ​បង្កើន​នូវ​អារម្មណ៍​ស្រស់​ស្រាយ និង​ត្រជាក់​ដល់​ស្បែក៕

អានបន្ត៖ ​មិនពិបាក! អនុវត្តតិចនិក ៧ យ៉ាងដើម្បីបានស្បែកស្អាតយូរអង្វែង

ប្រភព៖ afamily ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម