មិនពិបាក! អនុវត្តតិចនិក ៧ យ៉ាងដើម្បីបានស្បែកស្អាតយូរអង្វែង

  • 2020-06-04 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​​អាយុ​កាន់​តែ​ច្រើន ​​ស្នាម​ជ្រួញ​និង​បញ្ហា​​ស្បែក​ផ្សេង​ៗ​នឹង​ចូល​មកស្វាគមន៍​មនុស្ស​ស្រី​ស្ទើរ​គ្រប់​គ្នា​។ ​ការ​ប្រើ​​ឡេ​លាប​មុខ​មាន​តម្លៃ​ថ្លៃ​ៗ ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ​ដើម្បី​បាន​ស្បែក​ស្រស់​ស្អាត។ ​ប្រសិន​បើ​សុភាព​នារី​បន្ត​ទម្លាប់​​ដែល​ជា​កំហុស​បំផ្លាញ​​ស្បែក​ជា​រៀង​រាល់​ថ្ងៃ​។

រូបតំណាង

**១. ម៉ាស្សា​មុខ​ជា​រៀង​រាល់​ថ្ងៃ**

ម៉ាស្សា​មុខ​​​នៅ​ទី​នេះ ​​មិន​មែន​មាន​ន័យ​ថា​ឲ្យ​អ្នក​ទៅ​ហាង​ថែ​សម្ផស្ស​រាល់​ថ្ងៃ​ខ្ជះ​ខ្ជាយ​លុយ​នោះ​​ទេ ប៉ុន្តែ​គឺ​ការ​ថែ​ស្បែក​មុខ​នៅ​ផ្ទះ​។ ​បន្ទាប់​ពី​លាង​សម្អាត​មុខ​រួច ​អ្នក​គួរ​យក​ដៃ​ត្រដុស​ស្បែក​មុខ​ថ្នម​ៗ ​ដើម្បី​ជួយ​​ឲ្យ​ចរន្ត​ឈាម​ដើរ​បាន​ស្រួល។ ម្យ៉ាង​ទៀត ​ការ​ម៉ាស្សា​មុខ ​ជួយ​​ចល​នា​សាច់​ដុំ ​​មិន​ឲ្យ​កើត​ស្នាម​ជ្រួញ​ផង​ដែរ។

រូបតំណាង

​២. ​ផឹក​ទឹក​គ្រប់​គ្រាន់​

រឿង​សំខាន់​ដើម្បី​មាន​សម្រស់​ផូរ​ផង់ ​ចេញ​ឆ្ងាយ​ពី​ស្នាម​ជ្រួញ ​មិន​ត្រូវ​បណ្ដោយ​ឲ្យ​រាង​កាយ​ខ្សោះ​ជាតិ​ទឹក​ឡើយ។ រាល់​ថ្ងៃ ​ត្រូវ​ផឹក​ទឹក​ឲ្យ​​គ្រប់​គ្រាន់ ព្រោះ​ទឹក​ជា​ជីវជាតិ​ចម្បង​ជួយ​​ឲ្យ​ស្បែក​ស្រស់​ស្អាត​បាន​យូរ​អង្វែង។

រូបតំណាង

៣. លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ

​​​ពន្លឺ​​ព្រះ​អាទិត្យ​​​អាច​បំផ្លាញ​ស្បែក​យ៉ាង​ធ្ងន់ធ្ងរ ​ដូច្នេះ​មិន​ត្រូវ​ភ្លេច​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​រាល់​ថ្ងៃ​នោះ​ឡើយ។ ​

រូបតំណាង

​៤. ​​ខាត់​ស្បែក​​ឲ្យ​បាន​ទៀង​ទាត់

ការ​ណែនាំ​ដ៏​សំខាន់​បំផុត​មួយ​ពី​អ្នក​ជំនាញ​ផ្នែក​សើ​ស្បែក ប្រាប់​ថា ​វិធី​មួយ​ដើម្បី​បាន​ស្បែក​ស្រស់​ស្អាត​និង​ទន់​រលោង ​គឺ​ត្រូវ​ខាត់​ស្បែក​យ៉ាង​ហោច ១ -​២ ​ដង​ក្នុង​មួយ​សប្ដាហ៍។ ​​វា​ជួយ​ជម្រុះ​កោសិកា​ចាស់ៗ ​​និង​បណ្ដុះ​កោសិកា​ថ្មី​ៗ​ឲ្យ​លូត​លាស់​បាន​ល្អ​ ​​មើល​ទៅ​មាន​ពន្លឺ​ ​និង​ស្រទន់។ ​ប៉ុន្តែ​សម្រាប់​អ្នក​មាន​ស្បែក​ងាយ​ប្រតិកម្ម​​មិន​គួរ​​ខាត់​ស្បែក​ញឹក​ញាប់​ឡើយ ​ព្រោះ​​ធ្វើ​ឲ្យ​ឆាប់​ខូច​ស្បែក​បាន។

៥. លាប​​គ្រីម​​ជុំ​វិញ​រង្វង់​ភ្នែក​ឲ្យ​បាន​ទៀង​ទាត់

ស្បែក​នៅ​ជុំវិញ​ភ្នែក​គឺ​ស្ដើង​និង​ងាយ​រង​ផល​ប៉ះ​ពាល់​ណាស់។ ​បើ​មិន​បាន​​ថែ​ទាំ​ដិត​ដល់ ​នឹង​លេច​ស្នាម​ជ្រួញ​មុន​អាយុ​មិន​ខាន។ ​ម្ល៉ោះ​ហើយ ​ការ​បន្ថែម​ជាតិ​សំណើម​លើ​បរិវេណ​ភ្នែក​​​ជា​រឿង​សំខាន់​សម្រាប់​​មនុស្ស​ស្រី​ទូ​ទៅ។ ​អ្នក​ត្រូវ​ជ្រើស​រើស​ប្រភេទ​គ្រីម​​ណា​ដែល​មាន​ជាតិ​សំណើម​ខ្ពស់ ​​អាច​រំញោច​កោសិកា​​បឺត​យក​សារជាតិ​សំខាន់​ៗ​ជួយ​ដល់​ភ្នែក​បាន​។

រូបតំណាង

៦. ឧ​ស្សាហ៍​ប្ដូរ​​ស្រោម​ពូក និង​ខ្នើយ

​មាន​មនុស្ស​ជា​ច្រើន​បាន​​មើល​រំលង​ចំណុច​នេះ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ឆ្លង​មេរោគ​និង​បាក់​តេរី​​បាន​។ ​​អ្នក​គួរ​ផ្លាស់​ប្តូរ​ស្រោម​ខ្នើយ​និង​ស្រោម​ពួក​ជា​មធ្យម ១​ដង​ក្នុង​មួយ​សប្ដាហ៍ ដើម្បី​កុំ​ឲ្យ​ជា​​ប្រភព​ជម្រក​នៃ​មេរោគ​បាន។

រូបតំណាង

៧. ​កន្សែង​ជូត​មុខ ​និង​កន្សែង​ជូត​ខ្លួន​ក៏​ត្រូវ​ផ្លាស់​ប្តូរ​ដែរ

ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ស្បែក ​គឺ​​ការ​ប្រើ​កន្សែង​ជូត​មុខ និង​ដង​ខ្លួន​គគ្រិច ហើយ​ប្រើ​លាយ​ឡំ​គ្នា​។ ដូច្នេះ ​ទោះ​អ្នក​ជម្រះ​មុខ​ស្អាត​យ៉ាង​​ណា ​វា​នឹង​បន្សល់​នូវ​ស្នាម​កខ្វក់​ដដែរ។ ​ម្ល៉ោះ​ហើយ ​កុំ​ប្រើ​លាយ​​គ្នា ​និង​មាន​អនាម័យ​ចៀស​វាង​​ឆ្លង​បាក់​តេរី​ផ្សេង​ៗ។

​​ប្រសិន​បើ​អ្នក​ចង់​មាន​ស្បែក​ស្អាត ​ចេញ​ឆ្ងាយ​ពី​ស្នាម​ជ្រួញ ​អ្នក​ត្រូវ​ប្រញាប់​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​ចោល ​ដើម្បី​ស្បែក​ស្រស់​ស្អាត​យូរ​អង្វែង៕​

​អាន​បន្ត​៖ ​ មិនខកចិត្តទេ! គុណសម្បត្តិច្រើនលើសលប់របស់សំបកក្រូច ជួយស្បែកមុខបានមួយចប់

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម