មួយឆ្នាំទល់មួយឆ្នាំ ទម្លាក់តែសក់សេះដូច Lisa តែចង់មើលមិនច្រំដែល អាចសាកស្ទីលទាំងនេះបាន
- 2020-06-01 03:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឆ្នាំទល់មួយឆ្នាំ ទម្លាក់តែសក់សេះដូច Lisa តែចង់មើលមិនច្រំដែល អាចសាកស្ទីលទាំងនេះបាន
ទោះបីនៅតែជាម៉ូដសក់សេះបាំងថ្ងាសដដែលក៏ពិតមែន តែដោយសារចេះបត់បែនបន្ថែម តារាចម្រៀងស្រីថៃ Lisa នៅតែមើលទៅប្លែកទោះបីជាទុកម៉ូដសក់មួយនេះរាប់ឆ្នាំហើយក៏ដោយ។
ចាប់តាំងពីពេលបង្ហាញខ្លួននៅឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន កំពូលតារាចម្រៀងស្រី Lisa ក្រុម BlackPink នៅតែស្មោះស្ម័គ្រជាមួយម៉ូដសក់តែមួយគត់ គឺសក់សេះ។ យ៉ាងណាក្ដី នេះមិនមែនមានន័យថា ស្រីស្អាតរូបនេះ រក្សាតែម៉ូដមួយនោះទេ ដោយអ្នកច្នៃម៉ូដសក់ឲ្យតារារូបនេះ តែងកែខៃម៉ូដសក់ផ្សេងៗ ឲ្យម្ចាស់បទ Playing With Fire កុំឲ្យមើលទៅច្រំដែល។ ខាងក្រោមនេះគឺជាម៉ូដសក់សេះទាំង៤ដែលអ្នកទុកសក់សេះពីមួយឆ្នាំ ទល់មួយឆ្នាំអាចសាកល្បងបាន ដើម្បីផ្លាស់ប្ដូរបរិយាកាស។
១. សក់សេះស្ដើងបញ្ឈិត
បើអ្នកខ្លាច ទុកសក់សេះក្រាស់ ធ្វើឲ្យមើលទៅបិទបាំងជ្រុល ហើយចាស់ជាងអាយុនោះ អ្នកអាចទុកសក់សេះប៉ុន្តែឲ្យជាងសាប់ឲ្យស្ដើង ហើយវែកបញ្ឈិតបន្តិចនៅពេលសក់សេះដុះវែងដល់កន្ទុយភ្នែក។
២. សក់សេះប៉ោង មូលរួញ
មនុស្សជាច្រើនខ្ជិលទុកសក់សេះ ក៏ដោយសារតែវាឆាប់ដុះខ្លាំងពេក។ យ៉ាងណាក្ដី នៅពេលសក់ដុះវែង ហើយយើងគ្មានពេលទៅកាត់នោះ វិធីណាដែលធ្វើឲ្យស្អាតលឿនជាងគេនោះ គឺអ្នកអាចមូលរួញសក់សេះនេះ គឺនឹងបានខ្លីវិញភ្លាមមួយរំពេច។
៣. សក់សេះពុះកណ្ដាល
នៅក្នុងកម្មវិធី Youth With You, Lisa បានប្ដូរម៉ូដសក់របស់ខ្លួនពីសក់សេះបិទថ្ងាសទាំងស្រុង មកសក់សេះពុះកណ្ដាល។ ក្រោយការផ្លាស់ប្ដូរនេះ តារាស្រីរូបនេះត្រូវបានគេសរសើរថាស្អាតដូចកូនក្រមុំជ័រ។
៤. សក់សេះចំហៀង សៀតត្រចៀក
សម្រាប់អ្នកទុកសក់សេះ នៅពេលសក់កៀនៗចាប់ផ្ដើមដុះវែងខ្លាំង អ្នកអាចច្នៃចេញម៉ូដថ្មីមួយទៀតនោះ គឺយកសក់នៅកៀននេះ សៀតចូលត្រចៀក។ ការធ្វើបែបនេះនឹងទទួលបានម៉ូដថ្មីមួយទៀត តែមិនបាត់ម៉ូដសក់សេះដែលមានស្រាប់ឡើយ៕
អានបន្ត៖ ចង់ Make up ឲ្យចូលមុខម៉ដ្ឋស្អាត ត្រូវដឹងតិចនិកទាំងនេះ