បង្គារ​អាំង​អំពិល​ទុំ​ជូរ​ផ្អែម មិន​ជក់​មាត់​មិន​យក​លុយ មុខម្ហូប​មិន​គួរ​រំលង បើ​មិន​ចង់​ធ្វើ​ម្ហូប​ច្រំដែល

  • 2020-05-27 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាមួយ​នឹង​មុខ​ម្ហូប បង្គារ​អាំង​អំពិល​ទុំ ធានា​ថា ស្នាដៃ​​រសជាតិ​​របស់​អ្នក​មិន​ចាញ់​នៅ​ហាង​ធំ​នោះ​ឡើយ។ ដោយសារ​ជីវិត​ការងារ​មមាញឹក រវល់​ខ្លាំង រក​ពេល​ដក​ឃ្លា​​មិនបាន មនុស្ស​ជា​ច្រើន បួក​រួម​ទាំង​មិត្ត​ៗ​នារី​ដែល​មាន​គ្រួសារ​រួច បាន​ជ្រើស​យក​ការ​បរិភោគ​នៅ​ខាង​ក្រៅ ឬ​ធ្វើ​ម្ហូប​ងាយ​ៗច្រំដែល​ៗ។

យ៉ាងណាក្ដី​ ជានិច្ចកាល ក៏​យើង​គួរ​ផ្លាស់​ប្ដូរ​មីនុយ​ម្ដង ដើម្បី​បង្ករ​បរិយាកាស​ថ្មី​នៅ​ក្នុង​គ្រួសារ។ ហេតុ​ដូច​នេះ​ហើយ អ្នក​អាច​រៀន​​ធ្វើ​មុខ​ម្ហូប​ថ្មី មាន​ឈ្មោះ​ថា បង្គារ​អាំង​អំពិល​ទុំ​ជូរ​ផ្អែម ដើម្បី​ញ៉ាំងឲ្យ​បរិយាកាស​បាយ​ល្ងាច​កាន់​តែ​កក់​ក្ដៅ។

គ្រឿង​ផ្សំ​រួម​មាន៖

បង្ការ​ខ្នាត​កណ្ដាល កន្លះ​គីឡូ

អំពិល​ទុំ ១៥​ក្រាម (ថែម​ថយ​បាន​តាម​ចំណូល​ចិត្ត)

ម្សៅ​ស្រួយ ១​ស្លាប​ព្រា

ម្ទេស​ក្រៀម​ម៉ត់ ១ស្លាបព្រា

ក្រូចឆ្មា ១​ផ្លែ

ខ្ទឹម​ស​ចិញ្ច្រាំ ១​ស្លាប​ព្រា

អំបិល ប៊ីចេង ស្ករ (តាម​ចំណូល​ចិត្ត)

វិធី​អនុវត្ត

-       លាង​សំអាតបង្គារ​ឲ្យ​ស្អាត តែ​ទុក​សំបក និង​កន្ទុយ​បង្គារ​វិញ​ទាំង​អស់។

-       ក្រោយ​ពេល​លាង​សំអាត ទុក​ឲ្យ​ស្ងួត​រួច ប្រឡាក់​បង្គារ​ជាមួយ​គ្រឿង​ទាំង​អស់​ទុក​ក្នុង​រយៈ​ពេល ១០​នាទី

-       ក្រោយ​ពេល​​ចូលជាតិ​ហើយ បង្កាត់​ធ្យូង​ភ្លើង​ល្មម ហើយ​ចាប់​ផ្ដើម​អាំង​បង្គារ។

-       ក្រោយ​ពេល​បង្គារ​បាន​ក្រៀម​បន្តិច យក​រូបមន្ត​អំពិលទុំ  ម្សៅ​ស្រួយ និង​ម្ទេស​ក្រៀម និងក្រូច​ឆ្មា លាយ​ជាមួយ​ទឹក មក​លាប​លើ​បង្គារ។

-       ក្រោយ​ពេល​​បង្គារ​ឆ្អិន​រួច រូបមន្ត​អំពិល​ទុំ​ដែល​លាយ​ស្រាប់​នោះ យក​មក​ស្រោច​ពី​លើ​បង្គារ​បន្ថែម​ដើម្បី​ថែម​ឱជារស​ឲ្យ​កាន់​តែ​ឈ្ងុយ។ ចុង​ក្រោយ​តុបតែង​ដោយ​ជីបន្ថែម ឬ​អត់​ក៏​បាន​តាម​ចំណូលចិត្ត។ ទទួល​ទាន​ទាន់​បង្គារ​នៅ​ក្ដៅ ជាមួយ​បាយ​ស​ដើម្បី​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ជាប់​ចិត្ត៕

អានបន្ត៖ ​តិចនិក​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក ឲ្យកាត់​បន្ថយ​ថ្លៃ​ភ្លើង​ដែល​តែង​ឡើង​ខ្លាំង​នៅ​រាល់​ខែ​ក្ដៅ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel