មេឃក្តៅយ៉ាងណាក៏ត្រូវតែគេងដណ្តប់ភួយ ដោយសារហេតុផលសំខាន់ ៣ យ៉ាងនេះ

  • 2020-05-22 08:10:00
  • ចំនួនមតិ 8 | ចំនួនចែករំលែក 24

បន្ទាប់​ពី​ហត់​នឿយ​ពេញ​មួយ​ថ្ងៃ អ្នក​តែ​ចង់​ផ្តេក​ខ្លួន​លើ​ពូក ដណ្តប់​ភួយ​​ឲ្យ​មាន​ភាព​កក់​ក្តៅ​។ យ៉ាង​ណា​មិញ តើ​អ្នក​​បាន​ដឹង​​ហើយ​ឬ​នៅ​ពី​អត្ថប្រយោជន៍​ធំៗ នៃ​ការ​ដណ្តប់​ភួយ​?

​​១. ​ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​ក្នុង​រាងកាយ​​

មនុស្ស​ម្នាក់​ៗ​មាន​ឈាម​ក្តៅ​​មធ្យម​ពី​ធម្មជាតិ​ មាន​ន័យ​​ថា​រាង​កាយ​អាច​គ្រប់គ្រង​សីតុណ្ហភាព​នៃ​សរីរាង្គ​ខាង​ក្នុង ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មនុស្ស​មាន​កម្តៅ​។ យ៉ាង​ណា​មិញ​នៅ​ពេល​​ដែល​គេង​លក់ រាង​កាយ​មិន​​អាច​គ្រប់គ្រង​បាន​ល្អ​ទៀត​ទេ ដូច្នេះ​ហើយ​ទើប​បាន​ជា​ត្រូវ​ពឹង​ផ្អែក​លើ​របស់​របរ​ជុំវិញ​ខ្លួន។

​​​កម្តៅ​ក្នុង​ខ្លួន​នឹង​ធ្លាក់​ចុះ ហើយ​មាន​តែ​ភួយ​ប៉ុណ្ណោះ​ដែល​​ជា​មិត្ត​ល្អ​ អាច​ជួយ​ឲ្យ​រាង​កាយ​ស្ថិត​ក្នុង​សីតុណ្ហភាព​សមរម្យ ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​ក៏​ដោយ​។

​​២. ជួយ​កាត់​បន្ថយ​ស្រ្តេស​និង​អារម្មណ៍​តាន​តឹង​ព្រួយ​បារម្ភ​​

សេរ៉ូតេនីន (Serotenin) ជា​សារធាតុ​ម្យ៉ាង ដែល​ជួយ​ឲ្យ​អារម្មណ៍​ល្អ និង​រក្សា​ចិត្ត​របស់​អ្នក​ឲ្យ​​មាន​ភាព​​សប្បាយ​​រីករាយ​និង​ស្ងប់ស្ងៀម។ ពេល​ដែល​ស្រ្តេស​ អ្នក​ច្បាស់​ជា​ពិបាក​ដេក​លក់​ស្កប់ស្កល់ ប៉ុន្តែ​ការ​ដណ្តប់​ភួយ អាច​ជួយ​ឲ្យ​សារធាតុ​សេរ៉ូតេនីន​កើន​ឡើង ធ្វើ​ឲ្យ​ភាព​តានតឹង ខ្វល់ខ្វាយ គិត​រសាប់នរសល់ ចាប់​ផ្តើម​បាត់​ទៅ​វិញ​បន្តិចម្តងៗ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ បាន​បង្ហាញ​ទៀត​ថា ទម្ងន់​នៃ​ភួយ​ នៅ​លើ​រាង​កាយ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​អ្នក​បាន​ធូរ​ស្រាល​ក្នុង​អារម្មណ៍ និង​បំបាត់​អាការៈ​គេង​​ពុំ​លក់​។

​​​៣. ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​កក់ក្តៅ និង​មាន​សុវត្ថិភាព​​

ស្តាប់​​ទៅ​ហាក់ដូច​មិន​គួរ​ឲ្យ​ជឿ ប៉ុន្តែ​ជាក់​ស្តែង​​មនុស្ស​ភាគ​​ច្រើន មាន​ភាព​ភ័យ​ខ្លាច នៅ​កន្លែង​ងងឹត​​តាំង​ពី​វ័យ​ក្មេង។ ការ​ដណ្តប់​ភួយ អាច​​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សុវត្ថិភាព និង​បំបាត់​ក្តី​ភ័យ​ខ្លាច​នានា​។ នៅ​ពេល​​ដែល​មាន​អារម្មណ៍​កក់ក្តៅ ស្ងប់​ចិត្ត អ្នក​នឹង​គេង​លក់​ស្កប់ស្កល់​ទល់​ភ្លឺ៕

ចុចអានបន្ត៖ បង្កើនភាពស៊ាំដល់កូនៗកុំឲ្យឧស្សាហ៍ផ្តាសាយ ពេលអាកាសធាតុផ្លាស់ប្តូរញឹកញាប់​​​

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី