អត្ថន័យពិធីស្រង់ព្រះនាថ្ងៃចូលឆ្នាំខ្មែរធ្វើឡើងដើម្បីអ្វី និងប្រព្រឹត្តទៅចំថ្ងៃណាក្នុងរយ:ពេល៣ថ្ងៃ

  • 2025-04-16 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិធីស្រង់ព្រះគឺជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីសុំសេចក្តីសុខចម្រើន នឹងសម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះអ្នកមានគុណ ដោយលាងជម្រះនូវបាបកម្មទាំងឡាយដែលបានប្រព្រឹត្តិកាលពីឆ្នាំចាស់ ហើយទទួលយកមកវិញនូវពរ ជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ។ ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំនៅក្នុង ក្រុមគ្រួសារ ។

« ពិធីស្រង់ព្រះ» គឺមានតាំងពីបរមបុរាណ ហើយតែងប្រារព្ធនៅក្នុងថ្ងៃបង្ហើយគឺជាថ្ងៃឡើងស័ក ប៉ុន្តែសម្រាប់បច្ចុប្បន្ននេះគឺនៅតាមទីវត្តអារាមមានការរៀបចំដាក់ជូនប្រជាពលរដ្ឋ ក៏ដូចជាពុទ្ធបរិស័ទ តាំងពីថ្ងៃដំបូង ដោយប្រជាពលរដ្ឋខ្លះគឺជាប់ភារៈកិច្ចឬទៅកម្សាន្តនៅតំបន់ណាផ្សេង។ ប៉ុន្តែពីដើមឡើយ ពិធីនេះគឺតែងរៀបចំឡើងនៅក្នុងថ្ងៃចុងបញ្ចប់ ដើម្បីឱ្យជួបជុំពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រព សុគន្ធវារីថ្វាយព្រះអង្គ សុំសេចក្ដីសុខ សេចក្ដីចម្រើន ត្រជាក់ត្រជំ ប៉ុន្តែសម្រាប់នៅក្នុងពិធីទាំងអស់ គឺអាត្មាតែងតែប្រាប់ទៅដល់ពុទ្ធបរិស័ទដែលយកចង្ហាន់មកប្រគេននៅក្នុងវត្ត គឺណែនាំទៅដល់ ពួកគាត់ ឱ្យស្រង់ព្រះនៅវត្តរួចរាល់ហើយនោះ គឺត្រូវទៅស្រង់ព្រះនៅផ្ទះផង ដើម្បីឱ្យបានត្រជាក់ត្រជំទាំងអស់គ្នា ព្រោះព្រះនៅវត្តបានត្រជាក់ត្រជំហើយ ដូច្នេះនៅពេលទៅផ្ទះវិញ យើងត្រូវស្រង់ព្រះរស់នៅផ្ទះ គឺឪពុក ម្ដាយយើងនោះហើយ។

យ៉ាងណាមិញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ ព្រះចៅអធិការវត្តឬស្សីស្រស់ នៅខាងខណ្ឌ័ច្បារអំពៅ ក៏បានមានសង្ឃដីកាណែនាំ ទៅដល់ ពុទ្ធបរិស័ទដែលមកធ្វើបុណ្យនិងស្រង់ព្រះនៅក្នុងទីវត្តអារាម ដោយនៅពេលត្រឡប់ទៅផ្ទះវិញ គឺត្រូវ រៀបចំពិធីស្រង់ព្រះនេះនៅផ្ទះរបស់ខ្លួន ដើម្បីស្រង់ជូនព្រះរស់ គឺឪពុក ម្តាយ ចាស់ព្រឹទ្ធាចារ្យនៅក្នុងផ្ទះ ព្រោះមួយឆ្នាំៗពុទ្ធបរិស័ទភាគច្រើនមានឱកាសជួបជុំក្រុមគ្រួសារបានតែម្ដងឬពីរដងតែប៉ុណ្ណោះ បន្ទាប់ពី សម្រាកការងារ ហើយម្យ៉ាងទៀតឪពុកម្តាយ ធ្លាប់បានមុជទឹកឱ្យកូនចៅ ប្រុស ស្រី តាំងពីតូចរហូតដល់ធំ ដូច្នេះនៅពេលដែលកូនចៅ ប្រុស ស្រី មានឱកាសនៅក្នុងពិធីបុណ្យសាសនាបែបនេះហើយ គឺត្រូវតែ អនុវត្តដើម្បីទទួលបានបុណ្យកុសលសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ៕

អត្ថបទ៖ សិរីរត្នន៍

អត្ថបទថ្មី