ពិបាក​គេង​​ហើយ​ឧស្សាហ៍​ភ្ញាក់​កណ្ដាល​យប់ គឺ​ព្រោះ​តែ​ហេតុផល​ ៥ នេះ​ហើយ​

  • 2020-05-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ចង់​សម្រាក​ឲ្យ​បាន​ស្រួល​ខ្លួន​និង​ស្កប់ស្កល់​ល្អ​ដែរ​ តែ​វា​មិន​មែន​ជា​រឿង​ងាយ​ទេ​សម្រាប់​មនុស្ស​មួយ​ចំនួន។ ពួក​គេ​ច្រើន​ជួប​ប្រទះ​នូវ​បញ្ហា​ក្នុង​ការ​គេង​ដែល​ភាគច្រើន​គឺ​ គេង​មិន​សូវ​លក់ ឬ គេង​លក់​តែ​ឧស្សាហ៍​ងើប​ដឹង​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​​ជាដើម។ ស្ថាន​ភាព​បែប​នេះ​ទុក​ឲ្យ​នៅ​យូរ​មិន​កើត​នោះ​ទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព។ មក​ដឹង​ពី​មូលហេតុ ៥ ​ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ និង តែង​ភ្ញាក់​ដឹង​ខ្លួន​ទាំង​កណ្ដាល​យប់៖

រូបតំណាង

**១. បរិយាកាស​ជុំវិញ៖** មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​គេង​គឺ​សំឡេង​រំខាន​ និង ពន្លឺ។ បើ​អ្នក​ជា​មនុស្ស​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​លើ​សំឡេង ឬ ភ្លើង​​នោះ អ្នក​គួរ​ប្រើ​ប្រាស់​នូវ​ប្រភេទ​បង្អួច​ការពារ​សំឡេង និង វាំងនន​ដែល​ការពារ​ភាព​​ចែងចាំង​នៃ​ពន្លឺ​ពី​ខាង​ក្រៅ​។

២. របប​អាហារ៖ ការ​ទទួល​ទាន​នូវ​អាហារ​ភ្លាម ហើយ​ចូល​គេង​ភ្លាម​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​ដែរ ព្រោះ​អាហារ​ដែល​នៅ​ក្នុង​ពោះ​នៅ​មិន​ទាន់​បាន​រលាយ​នៅ​ឡើយ នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​តឹង​ពោះ មិន​ស្រួល​ក្នុង​ខ្លួន​ដែល​ជះ​ឥទ្ធិពល​ដល់​ការ​គេង។ រី​ឯ​​អ្នក​ងើប​ដឹង​ខ្លួន​កណ្ដាល​យប់​គឺ​មូលហេតុ​ភាគច្រើន​ដោយ​សារ​មិន​បាន​​ទទួល​ទាន​អាហារ​ពេល​ល្ងាច​សោះ ធ្វើ​ឲ្យ​ក្រពះ​ធ្វើ​ទុក្ខ​ខ្លាំង​នៅ​ពេល​យប់​អាធ្រាត្រ។

រូបតំណាង

៣. ឈឺ​ក្អក​ផ្ដាសាយ៖ ជា​ធម្មតា កត្តា​សុខភាព​ក៏​ប៉ះ​ពាល់​ណាស់​ដែរ​ដល់​ការ​គេង​របស់​អ្នក។ ជាពិសេស ច្រើន​ក្អក​ផ្ដាសាយ​នៅ​ពេល​យប់​ជា​ប្រចាំ​ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​គេង​ដូច​ជា​ ពិបាក​ក្នុង​ការ​គេង និង ភ្ញាក់​ដឹង​ខ្លួន​កណ្ដាល​យប់​នេះ​ឯង។​

៤. ​ស្រ្តេស​រឿង​ការ​ងារ ឬ មុខរបរ៖ ការ​ខ្វល់ខ្វាយ និង​ គិត​គូ​អំពី​កិច្ចការ​អ្វី​មួយ​ក្នុង​ជំនួញ ឬ ការងារ​របស់​អ្នក​​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​សូវ​លក់​និង ស្កប់ស្កល់​ល្អ​នោះ​ទេ។ វា​ហាក់​បី​ដូច​ជា​ ខួរ​ក្បាល​របស់​អ្នក​ធ្វើ​ដំណើរ​ការ​ជាប់​ ២៤ ម៉ោង​អ៊ីចឹង។ ដូចនេះ អ្នក​គួរ​ឆ្លៀត​ពេល​ធ្វើ​លំហាត់​ប្រាណ និង យោហ្គា​ក្នុង​១​ថ្ងៃ ប្រមាណ​ ៣០នាទី ទៅ​១​ម៉ោង។ រី​ឯ​ពេល​យប់​មុន​គេង អ្នក​អាច​សម្រួល​នូវ​ស្មារតី​ និង ​អារម្មណ៍​តាម​រយៈ​ការ​ស្ដាប់​ភ្លេង ឬ បទ​ចម្រៀង​អន្លង់អន្លោច​​ជាដើម។

រូបតំណាង

៥. ប្រើ​គ្រឿង​អេឡិចត្រូនិក​មុន​ពេល​គេង៖ ពន្លឺ​ពណ៌​ខៀវ​ដែល​ចេញ​ពី​ឧបករណ៍​អេឡិចត្រូនិក​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុង​ការ​គេង។​ ដូច្នេះ អ្នក​គួរ​កាត់​បន្ថយ​ការ​ប្រើប្រាស់​នូវ​ទូរស័ព្ទ​ដៃ ឬ កុំព្យូទ័រ​នៅ​ពេល​យប់​មុន​គេង​ នោះ​អ្នក​នឹង​ឃើញ​ពី​ភាព​ខុសគ្នា​ក្នុង​ការ​គេង​របស់​អ្នក​ជាក់​ជា​ពុំ​ខាន៕​​

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖ ​ផ្លែ​ឈើ​ខ្មែរ​ ៥ មុខ​នេះ ឆ្ងាញ់​ ហើយផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព​ច្រើនហួសស្មាន

ប្រភព៖ Sanook ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម