រូប​មន្ត​ខ្មែរ​បុរាណ​សម្រាប់​ដាំ​ទឹក​ងូត​ ដើម្បី​បំបាត់​អាការ​ចាញ់​កូន​ខ្លាំង​

  • 2020-04-01 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្មែរ​យើង​មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការ​ថែទាំ​ខ្លួន​ សម្រាប់​ស្ត្រី​កំពុង​មាន​គភ៌​ និង​ក្រោយ​សម្រាល​ហើយ។​ តាម​វិធីសាស្ត្រ​ខ្មែរ​បុរាណ​ការ​ថែ​ខ្លួន​នេះ​មាន​របៀប​ផ្សេង​ៗ​គ្នា​ ចំពោះ​អាការ​ផ្សេង​ៗ​ពី​គ្នា​ ដូច​ជា​លាប​ពន្លៃ​ឆ្ពង់​ក្រោយ​សម្រាល​កូន​រួច​ ឬ​យក​ស្លឹក​រុក្ខជាតិ​ប៉ុន្មាន​ប្រភេទ​នេះ​មក​ដាំ​ទឹក​ងូត​ បំបាត់​អាការ​ចាញ់​កូន​ខ្លាំង។

យោង​តាម​បទ​ពិសោធន៍​ អ្នក​ស្រី​ លីដា​ សព្វ​ថ្ងៃ​ជា​បុគ្គលិក​នៅ​ស្ថាប័ន​ឯកជន​មួយ​ នៅ​ភ្នំពេញ​បាន​ប្រាប់​ កញ្ញា ​ថា​អ្នក​ស្រី​ ធ្លាប់​តែ​ឮចាស់​​ៗ​ប្រាប់​ថា​ ផឹក​ស្រា​ថ្នាំ​ខ្មែរ​ជួយ​ច្រើន​ ដើម្បី​ឲ្យ​ស្វាង​ចាញ់​កូន​។​ តែ​អ្នក​ស្រី​មិន​បាន​អនុវត្តន៍​ទេ​ ព្រោះ​នៅ​ពេល​ដែល​អ្នក​ស្រី​ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​ គឺ​បាន​ណែនាំ​ដាច់ខាត​មិន​ឲ្យ​ធ្វើ​បែប​នេះ​ ព្រោះ​ប៉ះពាល់​ដល់​កូន​ខ្លាំង​។​ ផ្ទុយ​ទៅ​វិញ​ខាង​ពេទ្យ​បាន​បង្គាប់​ឲ្យ​អ្នក​ស្រី​ញ៉ាំ​ថ្នាំ​វីតាមីន​ B6​ ដើម្បី​បន្ថយ​អាការ​នេះ។​

បើ​តាម​អ្នក​ស្រី​ សំ​ ស្រី​ឌឿន​ មុខ​របរ​ជាង​អ៊ុត​សក់​មួយ​នៅ​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ វិធី​បុរាណ​ដែល​អ្នក​ស្រី​ធ្លាប់​បាន​ធ្វើ​ ពេល​ចាញ់​ខ្លាំង​ គឺ​ដាំ​ថ្នាំ​ឆ្ពង់​លាយ​ទឹក​ងូត​។​ អ្នក​ស្រី​បន្ថែម​ថា​ វិធី​នេះ​មាន​ប្រសិទ្ធភាព​ជួយ​ឲ្យ​អ្នក​ស្រី​ធូរ​ស្រាល​ ព្រោះ​ទឹក​មាន​ក្លិន​ប្រហើរ​។​ ចំណែក​ថ្នាំ​ឆ្ពង់​វិញ​ អាច​រក​ទិញ​នៅ​ផ្សារ​ដោយ​ប្រាប់​អ្នក​លក់​ថា​យក​ទៅ​ដាំ​ទឹក​ងូត​នោះ​គេ​នឹង​ផ្សំ​ឲ្យ​ជា​មិន​ខាន។​ អ្នក​ស្រី​បញ្ជាក់​ថា​អាច​ងូត​រាល់​ថ្ងៃ​អត់​បញ្ហា​ តែ​សម្រាប់​អ្នក​ស្រី​ គឺ​ងូត​ពេល​មាន​អាការ​ធេងធោង​ និងងងឹត​មុខ​ប៉ុណ្ណោះ។​

ចំពោះ​បទ​ពិសោធន៍​ អ្នក​គ្រូ​បង្រៀន​នៅ​សាលា​គរុកោសល្យ​ខេត្ត​កំពង់​ចាម​ ផល្លា​ សុម៉ាលីណា​ បាន​អនុវត្តន៍​វិធី​ខ្មែរ​បុរាណ​ដាំ​ទឹក​លាយ​ស្លឹក​ឈើ​ប៉ុន្មាន​ប្រភេទ​ងូត​​ ឃើញ​ថា​មាន​​ប្រសិទ្ធភាព​។​ អ្នក​ស្រី​បាន​ប្រាប់​​ថា៖" ចាញ់​មាន​ប្រភេទ​ខុស​ៗ​គ្នា​។ បង​ចាញ់​មាន​ម៉ោង​ គឺ​ម៉ោង​ ២​ ៣​ រសៀល​ចាប់​ផ្ដើម​ឈឺ​ក្បាល​ហើយ​ ចឹង​បង​ដឹង​ បង​ដាំ​ទឹក​ងូត​ឲ្យ​បាន​មុន​ពេល​ចាញ់​ ។​ និយាយ​ទៅ​ងូត​អាហ្នឹង​វា​ល្អ​ដែរ​ វា​សាយ​ក្នុង​ខ្លួន​ ឈាម​រត់​ល្អ​ ស្បែក​ក៏​ចាំ​ដែរ"។ ចំពោះ​រូប​មន្ត​ទឹក​នេះ​វិញ​ អ្នក​គ្រូ​បង្រៀន​នៅ​សាលា​គរុកោសល្យ​ បាន​រៀបរាប់​​ដូច​ខាង​ក្រោម​៖

គ្រឿង​ផ្សំ៖​

.​ ស្លឹក​ពោរយំ​ ឬ​ស្លឹក​ពោល្យំ​ ៥​ ទៅ​ ១០​ សន្លឹក​

.​ ស្លឹក​ពុំសែន​ មួយ​ក្ដាប់​ដៃ​

.​ ស្លឹក​ក្រូច​សើច​ ៥​ សន្លឹក​

.​ ផ្លែ​ក្រូច​សើច​ ១​ ផ្លែ

.​ ទឹក​ ១​ ឆ្នាំង​

របៀប​ធ្វើ​៖

យក​គ្រឿង​ផ្សំ​ទាំង​អស់​ដាក់​ក្នុង​ទឹក​រួច​ដាំ​ឲ្យ​ពុះ​​ រួច​លាយ​ជា​មួយ​ទឹក​ត្រជាក់​ឲ្យ​នៅ​ក្ដៅ​អ៊ុនៗ​ ចាក់​មុជ​ពី​ក្បាល​ដល់​ចុង​ជើង​ នោះ​នឹង​ស្វាង​ចាញ់​ជា​ពុំ​ខាន។​

ចំណាំ​

មិន​ចាំ​បាច់​ធ្វើ​រាល់​ថ្ងៃ​ទេ​ ធ្វើ​តែ​ពេល​មាន​អារម្មណ៍​ថា​ ចាញ់​ខ្លាំង​តែ​ប៉ុណ្ណោះ​ ឬ​មួយ​អាទិត្យ​ ២​ ដង៕

ចុចអាន៖៥ យ៉ាង​បញ្ជាក់​ថា ធ្វើ​​ការងារ​​ផ្ទះ​ដូច​ហាត់​ប្រាណ​យក​រាង​ស្អាត​ និង​ដុត​បំផ្លាញ​ខ្លាញ់​បាន​ល្អ

អត្ថបទ៖ Pencharm

អត្ថបទពេញនិយម