រោគសញ្ញាទាំង ៩ ដែលបង្ហាញថាអ្នកញុំាជាតិស្ករលើសកម្រិត
- 2019-11-14 14:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញាទាំង ៩ ដែលបង្ហាញថាអ្នកញុំាជាតិស្ករលើសកម្រិត
នរណាៗក៏ដឹងដែរថាការបរិភោគអាហារផ្អែមគឺ មានរសជាតិឆ្ងាញ់ថែមមួយកម្រិតទៀត ប៉ុន្តែការបរិភោគច្រើនពេកគឺមិនល្អសម្រាប់សុខភាព និង រាងកាយនោះទេ។ សំណាងដែរ ដែលរាងកាយរបស់យើង ចេះផ្តល់នូវសញ្ញាទុកមុនជៀសវាងការឈានដល់បញ្ហាធ្ងន់ធ្ងរ។ សញ្ញាទាំង ៩ នេះនឹងជួយរំលឹកឱ្យអ្នកដឹងថា ដល់ពេលហើយដែលគួរតែបន្ថយការបរិភោគផ្អែម៖
១. ឈឺសាច់ដុំ និង សន្លាក់
ជាតិស្ករលើសកម្រិតនៅក្នុងរាងកាយធ្វើឱ្យ ឆ្អឹង សន្លាក់ និងសាច់ដុំ ចុះអន់ខ្សោយ។ លើសពីនេះទៀត វាក៏អាចបង្កឱ្យកើតជម្ងឺរលាកសន្លាក់ ភ្នែកឡើងបាយ ជម្ងឺបេះដូង ការចងចាំអន់ខ្សោយ និង ធើ្វឱ្យស្បែកជ្រីវជ្រួញទៀតផង។
**២. ចេះតែឃ្លានរបស់ផ្អែមជាប្រចាំ**
កាលណាអ្នកបរិភោគជាតិផ្អែមច្រើន រាងការរបស់អ្នកនឹងចាប់ផ្តើមសុំាជាមួយកម្រិតជាតិស្ករនោះ ហើយវានឹងធ្វើឱ្យអ្នកចេះតែកើនឡើងនូវចំណង់ជាតិផ្អែម រហូតដល់លើសកម្រិត។ ដុច្នេះ នៅពេលអ្នកឃ្លានអាហារផ្អែម ចូរអ្នកព្យាយាមជំនួសដោយការបរិភោគផ្លែឈើវិញ ទើបល្អសម្រាប់សុខភាព។
៣. ធ្វើឱ្យអ្នក ម្តងមានកម្លាំង ម្តងអស់កម្លាំង
ថ្វីត្បិតតែជាតិគ្លុយកូសនៅក្នុងស្ករជួយធ្វើឱ្យអ្នកមានកម្លាំងក៏ពិតមែន តែកាលណាលើសកម្រិត វានឹងធ្វើឱ្យថាមពលរបស់អ្នក ម្តងខ្លាំង ម្តងខ្សោយមិនទៀងទាត់ ឬ អាចនិយាយថា នៅពេលរាងកាយអ្នកបំលែងជាតិស្ករអស់ វានឹងធ្វើឱ្យអ្នកអស់កម្លាំង ហើយបែរជាហត់នឿយក្នុងមួយរំពេច។
៤. ចាប់ផ្តើមឡើងមុន
នៅពេលរាងកាយទទួលជាតិស្ករច្រើនហួស វានឹងបង្កជាកន្តួលនៅលើស្បែកដែលជាពិសេស គឺមុន។ ដូចនេះ សាកល្បងផ្លាស់ប្តូរនូវរបបអាហាររបស់អ្នក នៅពេលជួបបញ្ហាស្បែក។
៥. ឡើងទម្ងន់ជាលំដាប់
ច្បាស់ណាស់ ការញុំាផ្អែមច្រើនធ្វើឱ្យអ្នកឡើងទម្ងន់ជាលំដាប់ ពីព្រោះជាតិស្ករលើសកម្រិត ធ្វើឱ្យកើនឡើងការផលិត អ៊ីនសូលីន ដែលវាទៅប្រមូលផ្តុំនូវជាតិខ្លាញ់ដែលលើសទៅបរិវេណពោះ ធ្វើឱ្យដុះក្បាលពោះជាដើម។
៦. ធ្មេញងាយពុកផុយ
នរណាក៏ដឹងដែរ ថាការបរិភោគស្ករងាយធ្វើឱ្យធ្មេញពុក ឬ ដង្កូវស៊ី បើអ្នកមិនដុសសម្អាតវាឱ្យបានស្អាតល្អ។
៧. រាងកាយសុំាជាមួយកម្រិតស្ករខ្ពស់
បើអ្នកទម្លាប់ញុំាជាតិស្ករច្រើន រាងកាយរបស់អ្នកនឹងមិនមានប្រតិកម្មជាមួយកម្រិតស្ករដដែលនោះទេ ដូចនេះវានឹងធ្វើឱ្យអ្នកញុំាកាន់តែផ្អែមជាងមុនទៀត។ យ៉ាងណាអ្នកក៏ត្រូវចេះគ្រប់គ្រងការញុំារបស់អ្នកដែរ កុំបណ្តោយឱ្យខ្លួនឯងញុំាកាន់តែផ្អែមទៅៗ។
៨. ឧស្សាហ៍កើត គ្រុនផ្តាសាយ
គ្លុយកូសមិនអាចធ្វើឱ្យប្រព័ន្ធភាពសុំារបស់អ្នកប្រឆាំងនឹងវីរុសផ្សេងៗដោយមានប្រសិទ្ធភាពនោះទេ។ ដូចនេះ អ្នកគួរជំនួសជាតិស្ករដោយការញុំា បន្លែ ផ្លែឈើ ដែលជាជាតិស្ករធម្មជាតិវិញ។
៩. ហើមពោះ ឬ ទល់ខ្យល់ជាញឹកញាប់
អាហារដែលសម្បូរជាតិស្ករ អាចបណ្តាលឱ្យទល់ខ្យល់នៅក្នុងពោះ ពីព្រោះជាតិស្ករដែលមិនបានបំលែងឱ្យម៉ត់ល្អនៅក្នុងពោះវៀនតូច វាទៅជាកម្ទេចតូចៗដែលធ្លាក់ទៅក្នុងពោះវៀនធំ រួមជាមួយនឹងខ្យល់ដែលអាចស្ទះនៅក្នុងពោះវៀនផងដែរ៕
អានបន្ត៖ ស្រក៥គីឡូ ក្នុងរយៈពេល២សប្តាហ៍ដោយអនុវត្តតាមវិធីទាំងនេះ