នៅម្នាក់ឯងក៏មិនឯកាដែរ ឲ្យតែចេះវិធីទាំងនេះ
- 2019-08-12 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅម្នាក់ឯងក៏មិនឯកាដែរ ឲ្យតែចេះវិធីទាំងនេះ
ភាពឯកាមានទំនាក់ទំនងផ្សាភ្ជាប់ជាមួយមនុស្សយើងអស់រយៈពេលជាយូរ។ នរណាក៏ចេះមានអារម្មណ៍ថាឯកោដែរ មិនថាអ្នកមានមិត្តភ័ក្តិច្រើនឬតិច មានគូស្នេហ៍ ឬនៅម្នាក់ឯងក៏ដោយ។ អារម្មណ៍មួយនេះ បានធ្វើឲ្យអ្នកពិបាកក្នុងខ្លួន កណ្តោចកណ្តែង។ ខ្វះអ្វីអ្នកនៅម្នាក់ឯង គ្មានស្នេហា គ្មានមិត្តព្រោងព្រាត តែគេនៅតែអាចសប្បាយរីករាយមិនឯកាឡើយ ព្រោះគេចេះវិធីទាំងនេះ។
១. ឆាតលេងជាមួយមិត្តភ័ក្តិ
សព្វថ្ងៃនេះមនុស្សម្នា្កក់ៗមានកិច្ចការរវល់រៀងៗខ្លួន ដូច្នេះហើយនរណាក៏ត្រូវការពេលវេលាមួយសម្រាប់ខ្លួនឯងដែរ។ ទោះកម្រមានពេលជួបជុំគ្នាបានដូចមុន ប៉ុន្តែសម័យនេះទៅហើយ អ្នកអាចជំនួសដោយការឆាតលេងមួយទល់មួយ ឬបង្កើតជាក្រុមកាន់តែល្អ។ ម្យ៉ាងវិញទៀត បើមានពេលគ្រប់គ្រាន់អ្នកគួរវីដេអូ Call លេងជាមួយគ្នា ដើម្បីបំបាត់អផ្សុក ព្រមទាំងអាចចែករំលែករឿងរ៉ាវផ្សេងៗ ទោះមិនបានជួបមុខក៏ដោយ។
២. មានសត្វចិញ្ចឹម
សម្រាប់អ្នកធុញទ្រាន់ ហើយមិនសូវចូលចិត្តរាប់អានគេឯង ព្រោះខ្វះទំនុកចិត្ត អាចជ្រើសរើសសត្វចិញ្ចឹមណាមួយដែលអ្នកស្រលាញ់បំផុត គ្រាន់បានប្រលែងលេង ឱបបន្ធូរអារម្មណ៍។ ត្បិតតែវាមិនអាចយល់ពីចិត្តរបស់អ្នកពិតមែន ប៉ុន្តែសត្វមានភាពស្មោះត្រង់ជាមួយម្ចាស់ណាស់ ហើយវានឹងផ្តល់ស្នាមញញឹម ភាពផ្អែមល្ហែមគ្រប់ពេលដែលអ្នកនៅក្បែរវា។
៣. ទម្លាប់អានសៀវភៅ
ប្រសិនបើអ្នកជាមនុស្សចូលចិត្តអានសៀវភៅស្រាប់មិនពិបាកអីនោះទេ ព្រោះរាល់ពេលដែលអ្នកអានអ្នកច្បាស់ជាមានអារម្មណ៍ស្រស់ស្រាយ កាន់តែអានកាន់តែជក់ ចង់ដឹងបន្ថែម។ សម្រាប់អ្នកដែលពុំសូវអានវិញ នឹងមានអារម្មណ៍ថាធុញឬងងុយដេក រាល់ពេលចាប់កាន់សៀវភៅម្តងៗ ប៉ុន្តែបើអ្នកទម្លាប់អាន ពីមួយថ្ងៃទៅមួយថ្ងៃ វាមិនត្រឹមតែជួយបង្កើនចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យអ្នកភ្លេចនូវរឿងឥតបានការផ្សេងៗចេញពីខួរក្បាល។
៤. រៀនធ្វើម្ហូប
ការញ៉ាំជាផ្នែកមួយជួយឲ្យមនុស្សរីករាយ ជាពិសេសនៅពេលដែលអ្នកបានអាហារឆ្ងាញ់ឬរបស់អ្វីមួយដែលខ្លួនឯងចូលចិត្ត។ បើអ្នកអាចរៀនចម្អិនម្ហូបដោយស្នាដៃផ្ទាលខ្លួនទៀត នោះអ្នកនឹងមានអារម្មណ៍រំភើបថែមទាំងចង់ចែករំលែកជាមួយអ្នកដទៃផងដែរ។ ធ្វើម្ហូបមិនមែនស្រួលដូចអ្នកគិតឡើយ គឺត្រូវអនុវត្តជាប្រចាំ ប៉ុន្តែពេលក្លាយជាចុងភៅដ៏ជំនាញម្នាក់ ច្បាស់ជាមានគេឯងសរសើរមិនដាច់ពីមាត់មិនខាន។
៥. ផ្តោតសំខាន់លើចំណង់ចំណូលចិត្តរបស់អ្នក
មិនថាជាការហាត់ប្រាណ ការលេងកីឡា ឧបករណ៍តន្រ្តី ច្រៀង រាំ...ឲ្យតែជាសកម្មភាពដែលអ្នកចូលចិត្ត គួរយកពេលទំនេរធ្វើវាឲ្យបានច្រើន ប្រសើរជាងគិតថាខ្លួនឯងឯកាគ្មានអ្នកយល់ចិត្ត។ បើសូម្បីតែអ្នកមិនអាចផ្គាប់ចិត្តខ្លួនឯងបាន ចង់ឲ្យអ្នកផ្សេងមកយល់ចិត្តម៉េចនឹងកើត?
៦. ជួយអ្នកដទៃ
បើអ្នកទំនេរណាស់ហើយមានអារម្មណ៍ថាឯកោ មិនដឹងធ្វើអ្វី គួរលៃលកពេលវេលា ដើម្បីជួយមនុស្សនៅជុំវិញខ្លួនដែលកំពុងត្រូវការជំនួយជាចាំបាច់។ ទង្វើសប្បុរស អាចបង្កើនទំនាក់ទំនងល្អ បង្ហាញទឹកចិត្តល្អ និងជាគំរូល្អសដល់គ្រប់គ្នាផងដែរ។
អារម្មណ៍ឯកោភាគច្រើនកើតឡើងពេលអ្នកទំនេរ ដូច្នេះហើយគួរធ្វើឲ្យខ្លួនឯងរវល់ជាមួយរឿងមានប្រយោជន៍ មិនមែនមកអង្គុយខ្វល់ខ្វាយគិតថាឯកា ដូចទូកដាច់ខ្សែឡើយ៕
ចុចអានបន្ត៖
ម៉ាឡេស៊ីអញ្ជើញអ្នកសារព័ត៌មាន និង Blogger ពី១០ប្រទេសទៅភ្លក់អាហារប្រចាំតំបន់ច្រើនកន្លែង
តិចនិកសាមញ្ញ៤យ៉ាង ប្រាក់ខែ៤០០$ ចាយគ្រប់ហើយសល់លុយទៅលេងក្រៅប្រទេសទៀត