លេងឈឺៗ! វីដេអូខ្លីរបស់ថៃល្មមឱ្យអ្នកចូលចិត្តជិះម៉ូតូលើគន្លងអ្នកថ្មើរជើងក្អួតឈាម (វីដេអូ)

  • 2019-04-10 07:17:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ការ​បើក​បរ​មិន​ត្រូវ​គន្លង​ផ្លូវ​តែង​កើត​មាន​ ស្ទើរ​គ្រប់​ប្រទេស។ ជាក់​ស្ដែង​នៅ​ប្រទេស​ថៃ ព័ត៌មាន​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាល​មក​ពី​ម៉ូតូ​ជិះ​ខុស​គន្លង​ទៅ​គន្លង​អ្នក​ថ្មើរ​ជើង​ក៏​កើត​មាន​ជា​ញឹកញាប់ រហូត​មាន​ការ​ផលិត​វីដេអូ​ខ្លី​មួយ​​បង្ហាញ​ពី​តថភាព​ពិត និង​អប់រំ​ចំពោះ​អ្នក​ចូល​ចិត្ត​ជិះ​ខុស​ច្បាប់ មិន​ចេះ​អៀន​ខ្មាស ហើយ​ថែម​ទាំង​រក​លេស​បក​ស្រាយ​ពេល​គេ​ចាប់​បាន​ទៀត។

ទោះ​បី​​មាន​បដា​សរសេរ​ច្បាស់ៗ និង​មាន​គូរ​រូប​ហាម​ឡាន ឬ​ម៉ូតូ​ជិះ​ពី​លើ​​តំបន់​សម្រាប់​អ្នក​ថ្មើរ​ជើង​ ឬ​មាន​យុវជន​៣​នាក់​​នៅ​ចាំ​ឈរ​ចង្អុល​ឱ្យ​មើល​បដា​នោះ​ក៏​ដោយ នៅ​តែ​មាន​អ្នក​អត់​ចិត្ត​ជិះ​ចូល​តំបន់​នោះ​ដដែល ដែល​បង្ក​ជា​ការ​ពិបាក​​យ៉ាង​ខ្លាំង​ដល់​អ្នក​ដំណើរ។ ​ដោយ​មើល​ឃើញ​ពី​ភាព​ឥត​អៀន​ខ្មាស និង​ការ​មិន​គោរព​បដា​បម្រាម​បែប​នេះ យុវជន​ទាំង​បី​បាន​​ប្រើ​វិធី​ធម៌​ក្ដៅ ដើម្បី​ព្រមាន​​ដល់​អ្នក​បើក​បរ​ល្មើស​គំនូស​បែប​នេះ ដោយ​យក​នំ​ខេក​ចាំ​ស្ទាក់​អ្នក​ជិះ​ម៉ូតូ​ដែល​ចូល​គំនូស​អ្នក​ថ្មើរជើង ហើយ​គប់​នំ​ខេក​ចំ​កណ្ដាល​មុខ​បុរស​នោះ​តែ​ម្ដង។

បុរស​ដែល​ជិះ​ខុស​មិន​ត្រឹម​មិន​ទទួល​កំហុស បែរ​ជា​រក​លេស​ថា​មក​ពី​ម្ដាយ​គាត់​ឈឺ​នៅ​ផ្ទះ ទើប​ត្រូវ​ជិះ​ខុស​ផ្លូវ​បែប​នេះ ដើម្បី​យក​ម្ហូប​ទៅ​ឱ្យ​ម្ដាយ​ឈឺ​ខ្លាច​មិន​ទាន់។ ក្រោយ​ពី​រក​លេស​បែប​នេះ​ហើយ នៅ​ហ៊ាន​និយាយ​ដៀល​ថា "អ៊ីចឹង​តើ​ ទើប​ប្រទេស​ថៃ​គ្មាន​អរិយធម៌ មិន​អាច​រីក​ចម្រើន​ទៅ​មុខ​បាន​ ដោយ​សារ​តែ​មាន​មនុស្ស​ដូច​ក្រុម​យុវជន​ដែល​ឈរ​ពាំង​ផ្លូវ​គាត់" លុះ​ត្រូវ​មួយ​នំ​ខេក​ទៀត ទើប​ប្រែ​សម្ដី​មក​ថា "មក​ពី​មាន​មនុស្ស​ដូច​ជា​ខ្លួន​គាត់"។

ចុចអាន៖ អ្នក​មិន​ចេះ​ឆ្អែត​ឆ្អន់​ គួរ​អាន​រឿង​របស់​​ Michael Jackson

ការពិត​នរណា​ក៏​ចេះ​ធ្វើ​ខុស ប៉ុន្តែ​ត្រូវ​ចេះ​ទទួល​កំហុស ហើយ​កែ​ប្រែ​វា មិន​មែន​ព្យាយាម​រក​លេស​មក​លុបលាង​កំហុស​ខ្លួន ហើយ​ទម្លាក់​កំហុស​ឱ្យ​អ្នក​ដទៃ​ទេ! ប្រទេស​មាន​ច្បាប់ អ៊ីចឹង​ជា​ពលរដ្ឋ​ត្រូវ​តែ​គោរព​ច្បាប់ បើ​មិន​គោរព​ ពេល​ច្បាប់​ដាក់​ទោស កុំ​យំ​ឱ្យ​គេ​អាណិត។

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម