អ្នក​ស្រឡាញ់​ទេសភាព​ផ្កា ទៅ​​លេង​​ដាឡាត់​​មាន​ផ្កា​រីក​ស្ទើរ​គ្រប់​រដូវ

  • 2018-12-08 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដាឡាត់​គឺ​ជា​ក្រុង​របស់​ខេត្ត Lam Dong នៃ​ប្រទេស​វៀតណាម​ដែល​ស្ថិត​នៅ​លើ​តំបន់​ទំនាប​កណ្ដាល​ មាន​អាកាសធាតុ​​ត្រជាក់​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង។ ភាព​ល្បីល្បាញ និង​ត្រូវ​បាន​ដាក់​រហស្សនាម​ថា​ជា​ទីក្រុង​អមត ដាឡាត់​ផ្ដល់​ឱ្យ​អ្នក​ទេសចរ​នូវ​ទេសភាព​ផ្កា​ចម្រុះ​ពណ៌ ច្រើន​ប្រភេទ និង​គ្រប់​រដូវ មិន​ថា​អ្នក​មក​រដូវ​ណា​ក៏​នៅ​តែ​អាច​រីករាយ​នឹង​ភាព​ត្រកាល និង​ត្រជាក់​ភ្នែក​នៃ​ផ្កា​ទាំង​នោះ​បាន​ដែរ។

ចុចអាន​៖ ៧​យ៉ាង​​ស្រីៗ​​​​​ត្រូវ​​ដឹង មុន​​​​ធ្វើ​​​​ដំណើរ​​​កម្សាន្ត​​ក្រៅ​​​ប្រទេស​ម្នាក់​​​​​ឯង

រដូវ​ផ្កា​ឆឺរី

បើក​ក្បាល​​រដូវ​ផ្កា​រីក​នៅ​ដើម​ខែ​មករា និង​កុម្ភៈ ដាឡាត់​ត្រូវ​ស្វាគមន៍​ផ្កា​ឆឺរី​ដែល​នឹងរីក​ស្គុះស្គាយ​ពណ៌​ផ្កា​ឈូក​ក្រហម​ពាសពេញ​ដើម​ ធ្លាក់​រុះ​រោយ​លម្អ​ដី​ឱ្យ​មាន​ពណ៌​ក្រហម​ដូច​ក្រាល​ព្រំ​ដូច្នោះ​ដែរ។

ឈាន​ជើង​ដល់​ទឹក​ដី​ដាឡាត់​​ក្នុង​រដូវ​នេះ អ្នក​នឹង​ទទួល​បាន​អារម្មណ៍​នៃ​ការ​បង់​កន្សែង​ចាក់​ទន់​ល្មើយ​នៅ​នឹង​ក រង់ចាំ​ខ្យល់​បក់​រវិចៗ​ ឈរ​ពី​ក្រោម​ដើម​ឈើ​សង្ខាង​ផ្លូវ​មើល​ស្រទាប់​ផ្កា​ឆឺរី​របូត​ពី​ទង​ធ្លាក់​មក​ទុំ​នឹង​បាត​ដៃ​ដោយ​អារម្មណ៍​លន្លង់លន្លោច។

រដូវ​ផ្កា​ពណ៌​ស្វាយ

ផ្កា​ពណ៌​ស្វាយ​នេះ​ត្រូវ​បាន​បុរស​ជនជាតិ​បារាំង​ម្នាក់​​ទិញ​​​តាំង​ពី​បារាំង​យក​មក​ដាំ​នៅ​ក្នុង​ឆ្នាំ​១៩៦០​ជាង ហើយ​ក្រោយ​មក​ក៏​មាន បណ្ឌិត​ផ្នែក​កសិកម្ម​មួយ​រូប​ទៀត​បាន​នាំ​ពូជ​ផ្កា​ពណ៌​ស្វាយ​នេះ​មក​ពី​អូស្ត្រាលី​មក​ដាំ​នៅ​ក្នុង​ឆ្នាំ​១៩៩០ ហើយ​ក៏​បាន​បន្ត​ដុះ​សុះសាយ​ពេញ​ក្រុង​ដាឡាត់​តែ​ម្ដង។

ជា​ប្រក្រតី ផ្កា​ពណ៌​ស្វាយ​នេះ​រីក​ចន្លោះ​ខែ​កុម្ភៈ​និង​មីនា ហើយ​ទេសចរ​អាច​ឃើញ​ពី​ភាព​ឆើត​ឆាយ​របស់​វា និង​ថត​រូប​​ជាមួយ​វា​នៅ​តាម​ផ្លូវ​មួយ​ចំនួន​ដូច​ជា ផ្លូវ Nguyen Thi Minh Khai, Doc Stone Phu Dong Thien Vuong Street, Bui Road Thi Xuan, Hai Ba Trung ជាដើម។

ចុចអាន​៖ ៥ វិធី​សាស្ត្រ​រាង​ចាស់​គំរឹល​ តែ​​ជួយ​ឱ្យ​អ្នក​ដើរ​លេង​អស់​លុយ​តិច បាន​សប្បាយ​កប់

រដូវ​ផ្កា​ឡាវេនឌ័រ

ផ្កា​ឡាវេនឌ័រ​ត្រូវ​បាន​យក​មក​ដាំ​នៅ​ក្នុង​ក្រុង​ដាឡាត់​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុ​ងក្រោយ​នេះ​ប៉ុណ្ណោះ។ ​កាល​ពី​ខែ​មេសា​​កន្លង​ទៅ​ក្នុង​ឆ្នាំ​នេះ ចម្ការ​ផ្កា​មួយ​កន្លែង​​​ស្ថិត​ក្នុង​ភូមិ Van Thanh ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​រាប់​ពាន់​នាក់​មក​ភ្លូក​ទឹក​ភ្លូក​ដី ព្រោះ​តែ​ទ្រាំ​មិន​បាន​នឹង​ភាព​ទាក់​ទាញ​របស់​ផ្កា​នេះ ហើយ​ត្រឹម​តែ​២​ថ្ងៃ​ប៉ុណ្ណោះ ម្ចាស់​ចម្ការ​ក៏​បិទ​លែង​ឱ្យ​ចូល​មើល ដើម្បី​ការពារ​ការ​ខូច​ខាត​ផ្កា​ដោយ​សារ​តែ​មាន​ការ​ជាន់​ឈ្លី​ច្រើន​ពេក។

បច្ចុប្បន្ន​ ចម្ការ​ផ្កា​ឡាវេនឌ័រ​ទំហំ​១​ហិចតា​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ជោគជ័យ​ដែល​បាន​ដាំ​យ៉ាង​រ៉ូមែនទិច​រួម​ផ្សំ​ជាមួយ​ទិដ្ឋភាព​បឹង Tuyen Lam។ ដើម្បី​ទៅ​ដល់​ទី​នោះ អ្នក​អាច​​ចេញ​ពី​រីសត Clay Tunnel ទៅ​ត្រង់ ហើយ​បត់​ឆ្វេង​តាម​សញ្ញា​ដែល​បាន​ដាក់​តាម​ដង​ផ្លូវ។

ចុចអាន​៖ បើបាន​ទៅ​លេង​ថៃ កុំភ្លេច​ទៅ​អើត​ផ្សារ​រាត្រី​​​៣កន្លែង​នេះ

រដូវ​ផ្កា​ឈូក​រ័ត្ន

សួន​ផ្កា​ឈូក​រ័ត្ន​នៅ​ដាឡាត់​ត្រូវ​បាន​ដាំ​ដំបូង​បង្អស់​នៅ​ខែ​តុលា​ឆ្នាំ​២០១៥​និង​បាន​ក្លាយ​ជា​ទី​ទាក់​ទាញ​បំផុត​សម្រាប់​យុវវ័យ។ ស្រប​ពេល​នេះ​ដែរ ទេសចរ​រាប់​ពាន់​នាក់​មក​លេង​ និង​ថត​រូប​មិន​ចេះ​ដាច់។

រដូវ​ស្មៅ​ក្រហម

ស្មៅ​ក្រហម​គឺ​ជា​ស្មៅ​ព្រៃ​ដែល​ដុះ​នៅ​តាម​ជម្រាល​ភ្នំ​នៅ​ជាយ​ក្រុង​ដាឡាត់។ ​ភាគ​ច្រើន​វា​ដុះ​នៅ​ខែ​ធ្នូ​ក្នុង​ព្រៃ​ដើម​ស្រល់​​ជិត​បឹង Tuyen Lam ភូមិ​ផ្កា Thai Phien ដែល​មើល​ទៅ​ឃើញ​ផ្កា​ឈូក​ស្រទន់​ ត្រជាក់​ភ្នែក​គួរ​ឱ្យ​ចង់​ចូល​ជិត។

រដូវ​ផ្កា​ស្មៅ

ពី​ខែ​ឧសភា​ដល់​កក្កដា ផ្កា​​ស្មៅ​​ពណ៌​ស​ត្រូវ​គ្រប​ដណ្ដប់​​តំបន់​សំខាន់ៗ​មួយ​ចំនួន​នៃ​ក្រុង​ដាឡាត់​ ដូច​ជា​ បឹង Tuyen Lam ស្ពាន​​៧២៣ ដែល​ឆ្លង​កាត់​ដាឡាត់​និង​ញ៉ាត្រាំង។ ទោះ​បី​ជា​ផ្កា​ស្មៅ ឬ​ផ្កា​ព្រៃ​ក៏​ដោយ តែ​វា​បាន​បង្អួត​សម្រស់​មិន​ឱ្យ​ចាញ់​ប្រភេទ​ផ្កា​ផ្សេង​ទៀត​ឡើយ។

រដូវ​ផ្កា Cam Tu

ផ្កា​ប្រភេទ​នេះ​ដុះ​នៅ​ក្នុង​រដូវ​ក្ដៅ ហើយ​បើ​អ្នក​មក​ចំ​ពេល​នេះ អ្នក​នឹង​បាន​ឃើញ​​ភាព​ស្រស់​ស្អាត​របស់​វា​នៅ​គ្រប់​ទី​កន្លែង​ដុះ​​មក​ត្រសង​គ្នា​នឹង​ពន្លឺ​ពណ៌​លឿង​របស់​ព្រះ​អាទិត្យ​​បង្កើត​ជា​ទិដ្ឋភាព​ទាក់​ភ្នែក​ដក​ចិត្ត​មិន​រួច​ទេ។

ភាគ​ច្រើន​នៃ​អ្នក​មាន​គូ​គឺ​មក​លេង​សួន​ផ្កា​នេះ​ដើម្បី​បង្កើន​ភាព​ផ្អែម​ល្ហែម និង​ថត​រូប​អនុស្សាវរីយ៍​មិន​ដែល​រំលង៕ ​

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម