បើមានក្លិនមាត់មិនល្អ សាកវិធី ៧យ៉ាងនេះដឹងតែបាត់ហើយ
- 2018-08-06 08:32:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានក្លិនមាត់មិនល្អ សាកវិធី ៧យ៉ាងនេះដឹងតែបាត់ហើយ
បញ្ហាក្លិនមាត់គឺជាបញ្ហាចម្បងនៃការប្រាស្រ័យទាក់ទងគ្នា។ បញ្ហាក្លិនមាត់អាចមកពីមូលហេតុជាច្រើនយ៉ាងដូចជាបាក់តេរី ខ្យល់ដង្ហើមមិនល្អ បញ្ហាសុខភាព។ល។ អ្នកដែលជួបប្រទះបញ្ហានេះច្បាស់ជាខិតខំរកគ្រប់វិធីដើម្បីបំបាត់វា តែពេលខ្លះនៅតែមិនអាចបាត់ទាំងស្រុងនោះទេ។ អញ្ចឹងហើយអ្នកចង់កម្ចាត់បញ្ហាក្លិនមាត់ និងបាក់តេរីក្នុងមាត់ទាំងអស់គួរតែសាកវិធី ៧យ៉ាងនេះដើម្បីបំបាត់ក្លិនមាត់យ៉ាងប្រសិទ្ធភាព៖
១. ប្រើទឹកខ្ពុលមាត់ពីធម្មជាតិ
ស្លឹកជីអង្កាមជួយកម្ចាត់ខ្យល់ដង្ហើមមិនល្អនិងជួយឱ្យអ្នកមានខ្យល់ដង្ហើមស្រស់ស្រាយឡើងវិញ។រីឯផ្កាក្លាំពូ (Cloves) ផ្លែក្រវាញ (Cardamom) និង គ្រាប់ Fennels) គឺល្អបំផុតសម្រាប់កម្ចាត់ក្លិនមាត់។ ដូចដែលអ្នកបានដឹងហើយថា ម្សៅសូដាគឺល្អសម្រាប់ការសម្អាត។ វិធីងាយៗបំផុតគឺអ្នកគ្រាន់តែលាយម្សៅសូដា១ស្លាបព្រាកាហ្វេជាមួយទឹកមួយកែវហើយខ្ពុលមាត់ជាការស្រេច។ ឬក៏អ្នកអាចប្រើវាជាថ្នាំដុសធ្មេញហើយដុសតាមធម្មតា។
២. ផឹកទឹកយ៉ាងហោចណាស់២លីត្រក្នុង១ថ្ងៃ
ជាតិទឹកក្នុងខ្លួនមនុស្សគឺសំខាន់ជាងអ្វីៗទាំងអស់។ ការផ្តល់ជាតិទឹកឱ្យខ្លួនឯងបានគ្រប់គ្រាន់ជួយដល់សុខភាពអ្នកបានច្រើន ហើយថែមទាំងជួយការពារមិនឱ្យមានបញ្ហាក្លិនមាត់។ ទឹកមាត់ជួយការពារបាក់តេរីមិនឱ្យលូតលាស់ ហើយបើសិនជាអ្នកមិនសូវផឹកទឹកទេនោះអ្នកក៏មិនសូវមានទឹកមាត់ដែរ។ វាជាហេតុបណ្តាលឱ្យមានបាក់តេរីកាន់តែច្រើន ក្លិនមាត់កាន់តែអាក្រក់។
៣. ប្រយ័ត្នចំពោះអាហារដែលអ្នកញ៉ាំ
អាហារខ្លះមិនត្រឹមតែមិនជួយឱ្យមានក្លិនមាត់ល្អទេថែមទាំងធ្វើឱ្យមានក្លិនអាក្រក់ទទួលយកមិនបានទៀត។ ជាពិសេសខ្ទឹមបារាំង ខ្ទឹមក្រហម និងពពួកខ្ទឹមផ្សេងៗទៀតសុទ្ធតែធ្វើឱ្យមាត់អ្នកជាប់ក្លិនមិនបាត់។ បន្ថែមពីនេះដែរ អាហារដែលមានជាតិស្ករនិងអាស៊ីតក៏គួរតែលះបង់ដែរព្រោះវាធ្វើឱ្យមានបាក់តេរីកាន់តែច្រើន។
៤. ដុសអណ្តាត
មនុស្សមួយចំនួនធំមិនបានយកចិត្តទុកដាក់លើអណ្តាតទេពេលដែលដុសធ្មេញម្តងៗ។ បាក់តេរីជាច្រើនក៏មានជាប់នៅលើអណ្តាតដែរ ហើយបាក់តេរីកាន់តែច្រើន ក្លិនមាត់ក៏អាក្រក់ទៅតាមនោះដែរ។
៥. ដុសធ្មេញ២ដង និងឆ្កឹះធ្មេញ១ដង
ជាទូទៅអ្នកណាក៏ដុសធ្មេញពីរដងក្នុងមួយថ្ងៃដែរ រីឯអ្នកខ្លះទៀតក៏ដុស៣ដងក្នុងមួយថ្ងៃ។ យកល្អអ្នកគឺយកចិត្តទុកដាក់លើការប្រើខ្សែឆ្កឹះធ្មេញវិញល្អជាងដុសធ្មេញ៣ដង ព្រោះបាក់តេរី និងកំណកអាហារខ្លះនៅជាប់ប្រលោះធ្មេញតូចៗដែលច្រាសដុសធ្មេញមិនអាចសម្អាតអស់។
៦. រក្សាអញ្ចាញធ្មេញអ្នកឱ្យមានសុខភាពល្អ
បាក់តេរីប្រមូលផ្តុំនៅគ្រប់ប្រលោះអញ្ចាញធ្វើឱ្យមាត់អ្នកមានក្លិនមិនល្អ។ ហេតុនេះហើយអ្វីដែលសំខាន់នោះគឺ ត្រូវជ្រើសរើសថ្នាំដុសធ្មេញឱ្យបានត្រឹមត្រូវ។ អ្នកគួរតែជ្រើសរើសថ្នាំដុសធ្មេញណាដែលមានសារធាតុ ហ្វ្រអូរ៉ាយ (Fluoride)។ បើសិនជាអ្នកជក់បារីឬផឹកកាហ្វេច្រើននោះគួរតែកាត់បន្ថយ។
៧. ទំពាសំបកផ្លែឈើ
សំបកផ្លែឈើក៏អាចជួយបំបាត់ក្លិនមាត់អ្នកបានយ៉ាងឆាប់រហ័សដែរ។ នៅពេលដែលអ្នកទំពាសំបកផ្លែឈើដូចជាក្រូច និងក្រូចឆ្មា ជាតិអាស៊ីតស៊ីតិច (Citic) ដែលមាននៅក្នុងសំបកក្រូចជួយដល់ការផលិតទឹកមាត់និងការពារខ្យល់ដង្ហើមមិនល្អ៕
ចុចអាន៖
យល់ដឹង! អ្នកមានជំងឺប៉ុន្មានមុខនេះគួរកុំញ៉ាំខ្នុរ ប្រយ័ត្នគ្រោះថ្នាក់
វិធីកម្ចាត់កំណកកំបោរជាប់ធ្មេញដែលមានប្រសិទ្ធភាពមិនគួរឱ្យជឿ