​មិន​ថា​ស្នេហា​ ការងារ ឬ​មិត្ត ​បើ​ដល់​ដំណាក់​កាល​នេះ​ហើយ គឺ​ល្មម​ដល់​ពេល​លែង​ដៃ

  • 2018-04-10 02:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រស់នៅ​កាន់​តែ​យូរ ជីវិត​កាន់​តែ​ជួប​រឿង​ស្មុគស្មាញ​ច្រើន​ឡើងៗ​។ មិន​ថា​ជីវិត​ស្នេហា ការងារ មិត្តភក្ដិ ឬ​បញ្ហា​​ផ្ទាល់​ខ្លួន​ជា​ច្រើន​ទៀត កំពុង​តែ​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​ជា​រៀង​រាល់​ថ្ងៃ​។ គូ​ស្នេហ៍​ដែល​មិន​យល់​ចិត្ត ការងារ​ដែល​ពោរពេញ​ដោយ​​ភាព​ចម្រូងចម្រាស មិត្តភក្ដិ​ដែល​ចាំ​តែ​គេង​ចំណេញ តើ​អ្នក​ព្យាយាម​ឱប​ក្រសោប​​ដល់​ពេល​ណា​ទៀត​?​ ប្រសិន​អ្នក​សង្កេត​ឃើញ​សញ្ញា​ទាំង​៥​យ៉ាង​នេះ​ មាន​ន័យ​ថា​​សម្ពាធ​​ទាំង​នោះ​ធ្ងន់​ណាស់ ដូច្នេះ​អ្នក​ត្រូវ​ដោះលែង​វា​ជា​ប្រញាប់​៖​

១.​ អ្នក​​តែងតែ​ក្រៀមក្រំ​ចិត្ត​​

មួយ​ថ្ងៃៗ​អ្នក​រវល់ វីវក់​ខ្លាំង មិន​ដែល​ទំនេរ​ដៃ ប៉ុន្តែ​ទឹក​មុខ​​បៀម​ជាប់​ភាព​ក្រៀមក្រំ​​​គ្រប់​ពេល។ប្រសិន​អ្នក​ចំណាយ​​​ពេល​វេលា​ស្ទើរ​តែ​​​ទាំង​អស់​ ធ្វើ​រឿង​ដែល​ខ្លួន​មិន​ចូលចិត្ត ជីវិត​អ្នក​ពិត​ជា​គ្មាន​ន័យ​​សោះ​តែ​ម្ដង​។ គ្មាន​ពាក្យ​ថា “យឺត​ពេល​” ក្នុង​ការ​​ចាប់ផ្ដើម​ជា​ថ្មី​នោះ​ទេ​។ មិន​ថា​​មាន​ហេតុផល​ត្រឹមត្រូវ​ជា​ច្រើន​តម្រូវ​ឲ្យ​អ្នក​ធ្វើ​កិច្ចការ​នោះ ប៉ុន្តែ​អ្នក​ពិត​ជា​មិន​អាច​បូជា​សេចក្ដី​សុខ​​ផ្ទាល់​ខ្លួន​​មួយ​ជីវិត​ដើម្បី​វា​ត​ទៅ​ទៀត​ឡើយ​។

២. អ្នក​មិន​ទទួល​បាន​ការ​គោរព​

អ្នក​ស្រឡាញ់ និង​ផ្ដល់​ការ​គោរព​ចំពោះ​គាត់​អស់​ពី​បេះដូង​ ប៉ុន្តែ​គាត់​បែរ​ជា​មើល​​ស្រាល​ក្ដី​ស្រឡាញ់​​របស់​អ្នក​ ចាត់​ទុក​អ្នក​ត្រឹម​​ជា​ស្ពាន​ឆ្លង​ និង​​សម្រាប់​បោក​ប្រើ​​​ទៅ​វិញ​។ អ្នក​ដឹង​ច្បាស់ ប៉ុន្តែ​នៅ​តែ​ព្យាយាម​តោង​គាត់​ស្អិត​ព្រោះ​តែ​ហេតុផល​​ចាំបាច់​នានា​។​ បញ្ឈប់​​​​​ភាព​ងប់ងុល​​ខ្លួន​ឯង ​ក្រោក​ឈរ​​ជា​ថ្មី ឈប់​ធ្វើ​ជា​​ឈ្នាន់​ឲ្យ​​មនុស្ស​ដែល​មិន​ស្គាល់​តម្លៃ​របស់​​អ្នក ​ជាន់​ឈ្លី​​​​​តាម​អំពើ​ចិត្ត​ទៀត​​​។​

៣. ជីវិត​ហាក់​បី​ដូចជា​សោះ​កក្រោះ

សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​គឺ​ដដែលៗ គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​បន្តិច​សោះ​។ ការ​ប្លែក​អារម្មណ៍ ភាព​រំភើប​រំជើប​រំជួល លែង​មាន​តាំង​ពី​យូរ​​​យា​ណាស់​មក​ហើយ​។ អ្នក​មាន​អារម្មណ៍​ដូច​ជា​កំពុង​រស់នៅ​ក្នុង​ទ្រុង​អញ្ចឹង​។ ជាក់ស្ដែង អ្នក​គួរ​តែ​បន្ថែម​រសជាតិ​ឲ្យ​ជីវិត​ខ្លះ ដូច្នេះ​កុំ​ខ្លាច​ជ្រុល​​ពេក​ ហ៊ាន​បើក​ចិត្ត​ទទួល​យក​ការ​ប្រថុយ​ប្រថាន​ខ្លះ​ក៏​ល្អ​ម៉្យាង​ដែរ​។​

៤. អ្នក​កំពុង​រង​ទុក្ខ​វេទនា​

អ្នក​ពិត​ជា​​ស្អប់​ការងារ​នេះ និង​ចង់​​លាលែង​ ចាកចេញ​ពី​កន្លែង​នេះ​ឲ្យ​បាត់ៗ ប៉ុន្តែ​អ្នក​បារម្ភ​ថា​មិន​អាច​រក​បាន​ការងារ​ថ្មី ដែល​ល្អ​ជាង​នេះ​បាន​​ភ្លាមៗ​។ ទោះ​ជា​ធ្លាប់​ជា​ជន​រងគ្រោះ​ដោយសារ​អំពើ​ហិង្សា​ពី​ដៃ​គូ​ច្រើន​លើក​ច្រើន​សា ប៉ុន្តែ​អ្នក​នៅ​តែ​សង្ឃឹម​ថា​គាត់​នឹង​​ដឹង​ខ្លួន ប្រែ​ជា​មនុស្ស​​ថ្មី​នៅ​​ថ្ងៃ​ណា​មួយ​។​ សូម​​ឈប់​រង់ចាំ ស្ទាក់ស្ទើរ​ទៀត ព្រោះ​រឿង​ខ្លះ​ទោះ​អ្នក​អត់ធ្មត់​ពេញ​មួយ​ជីវិត​ក៏​វា​គ្មាន​ថ្ងៃ​ផ្លាស់ប្ដូរ​ដែរ​។​

៥. អ្នក​​មិន​ខ្វល់​ពី​ជីវិត​​​បច្ចុប្បន្ន​

អ្នក​តែង​ព្រួយ​បារម្ភ ចំពោះ​រឿង​នានា​ដែល​អាច​កើតឡើង​នៅ​ថ្ងៃ​អនាគត ឬ​ស្រមោល​អតីតកាល​តាម​លង​បន្លាច​អ្នក​រាល់​ថ្ងៃ​។ សម្ពាធ​ផ្លូវ​ចិត្ត​ដ៏​សែន​ធ្ងន់​បែប​នេះ ពិត​ជា​បំផ្លាញ​សុភមង្គល​រាល់ថ្ងៃ​របស់​​អ្នក​អស់​គ្មាន​សល់​​?​ រីករាយ​ជាមួយ​ជីវិត​បច្ចុប្បន្ន សើច ញញឹម ឲ្យ​បាន​ច្រើន​។ រឿង​នៅ​ថ្ងៃ​ស្អែក ទុក​ឲ្យ​ខ្លួន​អ្នក​នៅ​ថ្ងៃ​ស្អែក ដោះស្រាយ​ទៅ​ចុះ​ ៕

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា