ចង់​​ដើរ​លេង​សប្បាយ​ថ្ងៃចូល​ឆ្នាំ​ ត្រូវ​ដឹង​វិធី​ការពារ​ខ្លួន​ទាំង​នេះ​ នៅ​កន្លែង​មនុស្ស​ច្រើន​

  • 2018-04-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នឹង​ចូល​មក​ដល់។ ក្នុង​ឱកាស​ដ៏​ពិសេស​នោះ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ពិតជា​បាន​ទៅ​ស្រុក​កំណើត និង​ទៅ​លេង​នៅ​តាម​ទី​រមណីយដ្ឋាន​ផ្សេង​ៗ​គ្នា។ ដើម្បី​ការពារ​ខ្លួន​ពី​គ្រោះ​ចៃដន្យ ដែល​កើត​ឡើង​ពេល​ទៅ​ដើរ​លេង​មាន​មនុស្ស​ច្រើន អ្នក​គួរតែ​អនុវត្តន៍​ដូច​ខាងក្រោម៖

១.ដើរ​លេង​ត្រូវ​មាន​គ្នា​ច្រើន

ពេល​ចូល​កន្លែង​មាន​មនុស្ស​កកកុញ អ្នក​ពិតជា​ងាយស្រួលច្រើន ព្រោះ​មាន​គ្នី​គ្នា​ច្រើន​អ្នក​ដទៃ​មិន​ហ៊ាន​បន្លំ​ប៉ះពាល់​រាងកាយ​ឡើយ ហើយ​អ្នក​ក៏​អាច​មាន​សុវត្ថិភាព​ពី​ជន​ឆ្លៀត​ឱកាស​លូក​ហោប៉ៅ​បាន​ដែរ។ មួយ​វិញ​ទៀត​គួរតែ​បបួល​មិត្តភ័ក្ដិ ឬ​បងប្អូន​ប្រុស​ៗ​ឲ្យ​ច្រើន ទៅ​ជាមួយ។

រូបតំណាង

**២.នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​មាន​ចរន្ត​អគ្គិសនី**

ការ​ដើរលេង ត្រូវ​មើល​ស្ថានភាព​កន្លែង​ឲ្យ​បាន​ល្អិតល្អន់ ជៀសវាង​ប៉ះ​កន្លែង​មាន​​ចរន្ត​អគ្គិសនី ដូចជា​បង្គោល​ភ្លើង ព្រី​ភ្លើង ជាដើម។ ប្រសិនបើ​ឃើញ​មាន​ចរន្ត​អគ្គិសនី អ្នក​គួរតែ​កុំ​ទៅ​ក្បែរ ឬ​ឆ្លងកាត់​អី ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​កើតឡើង​ជា​យថាហេតុ ជាពិសេស​កន្លែង​គេ​លេង​ជះ​ទឹក។

រូបតំណាង

៣.កុំ​ពាក់​គ្រឿង​អលង្ការ​មាន​តម្លៃ

ដើរលេង​កន្លែង​មាន​មនុស្ស​ច្រើន អ្នក​មិន​គួរ​ពាក់​របស់​របរ​មាន​តម្លៃ​ដូចជា​ខ្សែ​ក ខ្សែដៃ​ចិញ្ចៀន ឬ​ក្រវិល​ទេ។ ព្រោះ​ពេល​ខ្លះ​អ្នក​អាច​ដើរ​ទៅ​ទាក់​នឹង​អ្វី​មួយ បណ្ដាល​ឲ្យ​ដាច់​បាត់​ជា​អាសាបង់​ក៏​ថា​បាន បើ​មិន​ដូច្នោះ​ទេ​អាច​មាន​មនុស្ស​អាក្រក់​ ឆ្លៀត​ឱកាស​នេះ​ចាំ​បន្លំ​បេះ​យក​ទៅ ពេល​ចង្អៀត។ មួយ​វិញ​ទៀត​បើ​អ្នក​ស្ពាយ​កាបូប​ក្រោយ គួរ​យក​មក​ដាក់​នៅ​ខាង​មុខ ព្រោះ​ខ្លាច​មាន​ជន​ខិល​ខូច​លូក​យក​ដោយ​មិន​ឲ្យ​ដឹង​ខ្លួន

៤.មាន​ថ្នាំ​សង្កូវ​ផ្សេង​ៗ

នៅ​កន្លែង​មាន​មនុស្ស​ច្រើន​ងាយ​នឹង​ប្រឈមមុខ​ជាមួយ​ជំងឺ​ភ្លាម​ៗ​ដូចជា​ឈឺក្បាល វិលមុខ ក្ដៅ​ខ្លួន ឈឺ ឬ​ចុកពោះ រាករូស និង​របួស​ផ្សេង​ៗ។ ដូចនេះ​ត្រូវ​ត្រៀម​ថ្នាំ​មួយ​ចំនួន ដែល​អាច​បន្ថយ​អាការៈ​​​ទាំងនោះ​បាន​ដោយ​ខ្លួន​ឯង។ បន្ទាប់​មក​ស្វែង​រក​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​លោក​អ្នក​បំផុត

៥.លេខ​ទូរស័ព្ទ​ភ្នាក់ងារ​ផ្សេង​ៗ

កន្លែង​មនុស្ស​ច្រើន​ងាយ​មាន​ឧប្បត្តិហេតុ​ផ្សេង​ៗ​ណាស់ ដូចនេះ​គួរតែ​មាន​លេខ​ទូរស័ព្ទ​ភ្នាក់ងារ​ផ្សេង​ៗ ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​ពេល​ជួប​អាសន្ន។ មួយ​វិញ​ទៀត​អ្នក​ក៏​គួរតែ save លេខ​បងប្អូន​ដែល​អាច​ពឹង​ពាក់​បាន គ្រា​មាន​បញ្ហា ដើម្បី​ផ្ដល់​ដំណឹង​ដល់​គ្រួសារជា​បន្ទាន់​៕

រូបតំណាង

ចុចអាន៖ប្រយ័ត្ន​កែ​លែង​ឡើង! ពេល​ចូល​ឆ្នាំ​ខ្មែរ​ ស្រី​ៗ​ចង់​ដើរ​លេង​ឆ្ងាយ​គួរ​តែ​ត្រៀម​របស់​ទាំង​ ១០នេះ​កុំ​ខាន

អត្ថបទ៖ ទ្រី រ៉ាវី