តិកនិកថែសុខភាពរាងកាយ និងផ្លូវចិត្តប្រចាំថ្ងៃ សម្រាប់ម៉ាក់ៗកំពុងមានផ្ទៃពោះក្នុងរដូវកាលកូវីដ

  • 2021-08-02 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការថែទាំសុខភាពរាងកាយ និងផ្លូវចិត្ត គឺជារឿងចាំបាច់បំផុត សម្រាប់អ្នកម្តាយគ្រប់រូបដែលកំពុងមានផ្ទៃពោះ ខណៈការរាលដាលនៃជំងឺកូវីដ ១៩។ ដំណាក់កាលនេះ អ្នកម្តាយអាចនឹងត្រូវផ្លាស់ប្តូរសកម្មភាពរស់នៅភ្លាមៗ និងការហូបចុកមួយផ្នែកធំ បើទោះបីចង់ញ៉ាំខ្លាំងយ៉ាងណាដោយក៏មិនអាចបានដូចចិត្តទេ។ ក្រៅពីសុខភាពរាងកាយស្ត្រីមានផ្ទៃពោះ នៅមានចំណុចថ្មីសំខាន់ៗដែលអ្នកម្តាយគួរដឹងដើម្បីសុវត្ថិភាពផ្ទៃពោះ។

អ្នកស្រី សុខ សម្ផស្សផល្លីកា អ្នកគ្រប់គ្រងគម្រោងអាជីវកម្មបែបឌីជីថល នៃក្រុមហ៊ុន Sabay Digital រីករាយចែករំលែករឿងរ៉ាវដែលបានជួបផ្ទាល់ និងសូមចែករំលែកទៅកាន់នារីៗ ពិសេសអ្នកត្រៀមមានផ្ទៃពោះក្នុងដំណាក់កាលនេះ។ ក្នុងកិច្ចសម្ភាសជាមួយ កញ្ញា នៅថ្ងៃនេះ ផល្លីកា បានប្រាប់ថា៖ បច្ចុប្បន្ននេះ អ្នកស្រីកំពុងមានផ្ទៃពោះ ៧ខែ វាពិតជាខុសប្លែកគ្នាយើងយ៉ាងច្រើន នៅពេលពពោះកូនចំពេលមានការរាលដាលនៃជំងឺកូវីដ។

រូបផ្តល់ឱ្យ

ការពិនិត្យផ្ទៃពោះ និងថែទាំសុខភាព

មានការពិបាកនៅពេលត្រូវទៅពេទ្យដើម្បីតាមដានសុខភាព ព្រោះមានការបារម្ភចំពោះសុខភាពព្រោះមិនមានវ៉ាក់សាំង បារម្ភខ្លាចពេទ្យ រឺអ្នកនៅជុំវិញខ្លួនមានកើតកូវីដ ពិបាកក្នុងការធ្វើដំណើរ។

កាលពីមុនចង់ញ៉ាំអីទៅរកទិញញ៉ាំភ្លាមៗមិនគិតយូរទេ ចង់ទៅពេលណាក៏ទៅបាន។ តែពេលនេះមិនអាចទៅបាន ចឹងដំណោះស្រាយមានតែរៀនធ្វើម្ហូបខ្លួនឯង ហើយម្ហូបខ្លះរសជាតិធ្វើមិនត្រូវនឹងអ្វីដែលចង់ ហើយចំណាយពេលយូរ។​​ ពីមុនចង់ទៅពេទ្យពិនិត្យមើលអេកូពេលណាក៏បាន មិនបាច់ត្រូវបារម្ភថាមានមនុស្សច្រើនរឺអត់ ឥឡូវពេលទៅពេទ្យទាល់តែសុំរកពេលណាដែលមានមនុស្សតិច ហើយសួរពីពេទ្យទៀត ហើយពេលខ្លះក៏ខកការណាត់ដោយសារពេទ្យជាប់ចត្តាលីស័កដោយសារមានជួបជាមួយអ្នកជំងឺ។ កាលពីមុនមិនសូវថែសុខភាពខ្លួនខ្លាំងណាស់ណា គ្រាន់តែយកចិត្តទុកដាក់តាមគ្រូពេទ្យ តែពេលនេះត្រូវញ៉ាំអីដែលជួយប្រព័ន្ធស៊ាំទៀតបន្ទាប់ពីអ្វីដែលល្អដល់ទារក យកចិត្តទុកដាក់ពីការប្រែប្រួលប្រចាំថ្ងៃ ចំណាំមើលតាំងពីសីតុណ្ហភាពខ្លួនឯងទៀត ខ្លាចឆ្លង ហើយបើឆ្លងក៏ឆាប់បានព្យាបាលមិនគ្រោះថ្នាក់ដល់កូន។ តើអ្នកធ្វើការណាត់ជួបពេទ្យ ឬតាមដានផ្ទៃពោះ ឬមើលអេកូ ដោយវិធីណា? ទៅពេទ្យតាមការណាត់ធម្មតា តែកំណត់ចំនួនមនុស្សសំរាប់ចូលពិនិត្យ សំរាប់ការពិនិត្យអេកូ កាលមុនចូលបានពីរនាក់ ពេលនេះចូលបានតែម្នាក់ជាដើម។

កែប្រែទម្លាប់ញ៉ាំអាហារ

ជាទូទៅពេលមានផ្ទៃពោះស្ត្រីតែងចង់ញ៉ាំអ្វីប្លែកៗ តែដំណាក់កាលនេះ គឺមិនអាចទៅហាងដែលខ្លួនចង់ញ៉ាំ។ ចំពេលមានការបិទការដើរហើ ឬចេញក្រៅមិនដូចធម្មតា ប្រសិនបើអ្នកចង់ញាំនំ ឬចំណី ប្លែកៗ តើធ្វើដូចម្តេច? ទិញតាមអនឡាញ។ តែត្រូវការពេលសំរាប់ស្វែងរក និងមិនដឹងថាទិញមកត្រូវរសជាតិដែលខ្លួនចង់ញ៊ាំរឺអត់ ជួនទិញប៉ះរសជាតិដែលខ្លួនចូលចិត្ត តែពេលខ្លះក៏ទិញហើយស្តាយក្រោយវិញដោយសារញ៊ាំមិនឆ្ញាញ់បានដូចចិត្តចង់។

ពេលអ្នកដឹកជញ្ជុនដឹកមកក៏ត្រូវប្រយ័ត្នដែរ សំរាប់សំភារះណាទុកហាលថ្ងៃបាន សុខចិត្តបាញ់អាកុលហើយ ហាលថ្ងៃបន្ថែម។ សំរាប់គ្រឿងញ៊ាំឆ្អិនស្រាប់ ត្រូវយកទៅចំអិនបន្ថែមដើម្បីសំលាប់មេរោគ សំរាប់អាហារឆៅដែលអាចលាងទឹកសាប៊ូ រឺអាកុលបាន ក៏លាងសំអាតមុនដាក់ទូរ ព្រោះក្នុងពេលនេះមិនអាចទុកចិត្តអ្នកណាបានទេ។

ការថែទាំសុខភាពផ្លូវចិត្ត

ដំណោះស្រាយល្អ អ្នកអាចចាត់ទុកពេលនេះដូចពេលដែលបាននៅជិតកូនៗ និងគ្រួសារ។ ខ្ញុំមានគ្រួសារដែលកក់ក្តៅ ស្វាមីចេះចែករំលែកការងារបន្ថយបន្ទុក ហើយយកពេលនេះដើម្បីបានកៀកជិតកូន ព្រោះកន្លងមកធ្វើការមួយថ្ងៃទល់យប់ មិនដែលបានយកចិត្តទុកដាក់ និយាយជាមួយកូនអោយបានច្រើន ពេលនេះមានពេលគួរធ្វើ។ ការយកចិត្តទុកដាក់គ្នាទៅវិញទៅមកធ្វើអោយសប្បាយចិត្តម្យ៉ាង ហើយព្យាយាមយកពេលនេះធ្វើអោយខ្លួនរវល់ ខ្ញុំឆ្លៀតពេលធ្វើលំហាត់ប្រាណស្រាលៗជារៀងរាល់ថ្ងៃដើម្បីអោយកូនមានសុខភាពល្អ ហើយបន្ថែមពីនោះទៀត ក៏ឆ្លៀតពេលថែរសួន និងសំអាតផ្ទះ ដែលកន្លងមកមិនមានពេលធ្វើទេ។

ពេលឃើញផ្ទះស្អាត របស់ដែលយើងដាំដុះ កូនយើងលូតលាស់ល្អ យើងក៏សប្បាយចិត្តតាមនោះ។ ដែលសំខាន់បំផុតគឺការគិតវិជ្ជមាន ព្រោះកូវីដវានឹងផុត រឺអន់ថយពេលណាមួយ ហើយពេលនោះយើងក៏វិលត្រលប់ទៅជីវិតរវល់ដូចមុន ចឹងចាត់ទុកពេលនេះដូចជាការរឹតបន្តឹងចំណងគ្រួសារ និងស្វែងរកចំណូលចិត្តខ្លួនឯងទៅ ថាមិនត្រូវអ្នកនឹងរកឃើញពីចំណេះអ្វីបន្ថែមថ្មី៕