រឿងទូទៅ ១០ យ៉ាង ត្រូវបានហាមប្រាមមិនឲ្យមនុស្សស្រីធ្វើ កាលពី១០០ឆ្នាំមុន
- 2020-02-26 09:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងទូទៅ ១០ យ៉ាង ត្រូវបានហាមប្រាមមិនឲ្យមនុស្សស្រីធ្វើ កាលពី១០០ឆ្នាំមុន
នៅក្នុងប្រវត្តិសាស្ត្រ មនុស្សស្រីបានខិតខំតស៊ូខ្លាំងណាស់ ទម្រាំអាចទាមទារសិទ្ធិជាមូលដ្ឋានពេញលេញមួយសម្រាប់ខ្លួនឯង។ បើនិយាយដល់កាលពីក្នុងអំឡុងពេល ១០០ ឆ្នាំមុន ស្រ្តីមិនអនុញ្ញាតឲ្យចូលទៅក្នុងទីកន្លែងផ្សេងៗដោយសេរីឡើយ ហើយក៏ត្រូវបានគេហាមប្រាមមិនឲ្យធ្វើរឿងទូទៅមួយចំនួន ដោយខ្លួនឯងថែមទៀត ជាពិសេសនាងត្រូវរងគ្រោះឈឺចាប់ជាច្រើនដោយសារតែការរើសអើងផ្លូវភេទ។
មុននឹងអាចទទួលបានសិទ្ធិពេញលេញដូចសព្វថ្ងៃ មានរឿង ១០យ៉ាង ដែលស្រ្តីគ្មានសិទ្ធិនឹងធ្វើ កាលពី១០០ឆ្នាំមុន។
១. ដើរផ្សារទិញឥវ៉ាន់ដោយខ្លួនឯង
រាល់ពេលចេញពីផ្ទះ មនុស្សស្រីត្រូវតែមានមនុស្សប្រុសអមដំណើរជានិច្ច ជាពិសេសនៅពេលទៅដើរផ្សារ។ មនុស្សប្រុសមានតួនាទីការពារមនុស្សស្រី ហើយស្រ្តីក៏ត្រូវបានគេហាមមិនឲ្យចូលកន្លែងមួយចំនួនដោយខ្លួនឯងដែរ។
២. ស្លៀកខោ
កាលពីមុន មនុស្សស្រីអាចស្លៀកបានតែសំពត់ប៉ុណ្ណោះ។ សង្គមមិនអាចទទួលយកបានទេ នៅពេលមនុស្សស្រីស្លៀកខោ រីឯសម្រាប់ប្រទេសមួយចំនួនវិញ អាចចាត់ទុកជាទង្វើខុសច្បាប់ទៀតផង។ ដោយសារតែពួកគេមានផ្នត់គំនិត គិតថាខោជាសញ្ញានៃភាពជាបុរសនិងការបះបោរ។
៣. បោះឆ្នោត
មនុស្សប្រុសជឿជាក់ថា មនុស្សស្រីមិនគួរលូកដៃពាក់ព័ន្ធក្នុងបញ្ហានយោបាយទេ ដូច្នេះហើយទើបបានជាស្រ្តីមិនត្រូវបានគេអនុញ្ញាតឲ្យចូលរួមបោះឆ្នោត។ ម្យ៉ាងទៀតគេប្រកាន់គំនិតមួយថា មនុស្សស្រីមានខួរក្បាលខ្សោយនិងគ្មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្រេចចិត្តបោះឆ្នោត។
៤. មិនអាចតម្កល់លុយក្នុងធនាគារឬប្រើកាតឥណទាន
កាលពីមុនមនុស្សស្រីមិនអាចបើកកុងធនាគារបានដោយខ្លួនឯងទេ។ ស្រ្តីក៏មិនអាចធ្វើកម្ចីឬប្រើកាតឥណទានបានទេ។ នាងត្រូវការឪពុកមកស៊ីញេព្រមព្រៀងលើក្រដាសជាមុនសិន។
៥. ចូលធ្វើទាហាន
កម្រមានមនុស្សស្រីធ្វើជាទាហានខ្លាំងណាស់ ហើយនៅកន្លែងមួយចំនួនទៀតគឺមិនអនុញ្ញាតតែម្តង។ គេអាចត្រូវការមនុស្សស្រី តែនៅពេលមានសង្រ្គាមប៉ុណ្ណោះ។
៦. ធ្វើការវិនិច្ឆ័យកាត់ក្តី
ស្ត្រីមិនត្រូវបានអនុញ្ញាតឲ្យធ្វើការវិនិច្ឆ័យកាត់ក្តីនោះទេ ព្រោះពួកគេត្រូវបានចាត់ទុកជាមនុស្សទន់ជ្រាយ មិនអាចកាត់ក្តីលើរឿងធំដុំបាប។
៧. ពិបាកក្នុងការទិញថ្នាំពន្យារកំណើត
ថ្នាំពន្យារកំណើត គឺស្របច្បាប់តែនៅប្រទេសមួយចំនួនប៉ុណ្ណោះ ក្នុងអំឡុងពាក់កណ្តាលសតវត្សទី២០។
៨. មានលិខិតឆ្លងដែននៅពេលរៀបការរួច
នៅពេលដែលស្រ្តីរៀបការរួច នាងត្រូវមានលិខិតឆ្លងដែនរួមគ្នាជាមួយស្វាមី។ នាងក៏គ្មានសិទ្ធិធ្វើដំណើរក្រៅប្រទេសដោយគ្មានស្វាមីដែរ។
៩. ធ្វើការក្នុងអំឡុងពេលមានផ្ទៃពោះ
មនុស្សស្រីបានរងគ្រោះយ៉ាងច្រើនពីបញ្ហារើសអើងផ្លូវភេទ។ ឧទាហរណ៍៖ នាងអាចនឹងមិនទទួលឲ្យធ្វើការងារឬបណ្តេញចេញពីការងារ ប្រសិនបើមានផ្ទៃពោះ។ បើនៅក្នុងសហរដ្ឋអាមេរិកវិញ ច្បាប់នេះត្រូវបានលុបចេញនៅក្នុងឆ្នាំ ១៩៧៨។
១០. ធ្វើជាមេធាវី
មនុស្សស្រីមានសិទ្ធិរៀនផ្នែកច្បាប់ ប៉ុន្តែនាងមិនត្រូវបានអនុញ្ញាតិឲ្យមានតំណែងជាមេធាវី ឬទទួលបណ្តឹងពីកូនក្តីឡើយ៕
ចុចអានបន្ត៖ កុំប្រហែសឲ្យសោះ! ពេលបើកឡានលេខអូតូ ត្រូវដឹង ៩យ៉ាងមិនគួរធ្វើ ដើម្បីការពារមិនឲ្យឆាប់ខូច