៥ សញ្ញា បញ្ជាក់ច្បាស់ៗថា អ្នកធ្វើអ្វីតាមបញ្ជាបេះដូងច្រើនជាងខួរក្បាល

  • 2020-02-24 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្វើ​អ្វី​តាម​បញ្ជា​បេះដូង​ច្រើន​ជាង​ខួរ​ក្បាល មាន​ន័យ​យ៉ាង​ម៉េច​ទៅ?

មាន​ន័យ​ថា រាល់​ពេល​ធ្វើ​អ្វី​មួយ គឺ​​អ្នក​តែង​តែ​ធ្វើ​តាម​ចិត្ត​ដែល​ខ្លួន​ឯង​ចង់​បាន បើ​ស្រលាញ់​គឺ​អស់​ពី​ចិត្ត ដោយ​មិន​ស្ទាក់ស្ទើរ។ អ្នក​មិន​ខ្លាច​​ក្នុង​ការ​និយាយ​បង្ហាញ​អារម្មណ៍​ពិត​ប្រាប់​ទៅ​នរណា​ម្នាក់ ថែម​ទាំង​ហ៊ាន​ប្រគល់​បេះដូង​ទាំង​ស្រុង​ ទៅ​កាន់​មនុស្ស​ដែល​​អ្នក​មាន​អារម្មណ៍​ពិសេស​ជាមួយ។

ខាង​ក្រោម​នេះ​ ជា​សញ្ញា ៥ បញ្ជាក់​ថា អ្នក​ចូល​ចិត្ត​ធ្វើ​អ្វី​តាម​បញ្ជា​បេះដូង​ ច្រើន​លើស​ពី​អ្នក​ដទៃ ដែល​មើល​ទៅ​មិន​ចាត់​ទុក​ជា​ចំណុច​ខ្សោយ​ ប៉ុន្តែ​​ជា​ភាព​ទាក់ទាញ​ប្លែក​គេ​​ទៅ​វិញ​។

១. អ្នក​មិន​​ស្រពិចស្រពិល​​ ពេល​​និយាយ​យល់​ព្រម​​ទទួល​ស្នេហា

មនុស្ស​ស្រី​នៅ​ពេល​ ធ្វើ​តាម​​បេះ​ដូង​ ច្រើន​ជាង​ខួរក្បាល នាង​នឹង​មិន​នៅ​ស្ទាក់ស្ទើរ​ឡើយ នៅ​ពេល​មាន​​ស្នេហា ព្រោះ​នាង​បាន​​​ស្រលាញ់​ម្នាក់​នោះ​​ចេញ​ពី​បេះដូង​ពិត ដោយ​មិន​គិត​លើ​ ភាព​វ័យ​ឆ្លាត សុវត្ថិភាព ឬ​ទ្រព្យ​សម្បត្តិ​របស់​ដៃ​គូ​ឡើយ។ សំខាន់​ឲ្យ​តែ​អាច​ធ្វើ​ឲ្យ​នាង​​មាន​អារម្មណ៍​ពិសេស​ កក់​ក្តៅ នាង​ហ៊ាន​សាក​ល្បង​ ដោយ​មិន​ខ្វល់​ថា​​ចុង​បញ្ចប់​ទៅ​ជា​យ៉ាង​ណា​​នោះ​ទេ។​​

២. អ្នក​ទទួល​ថា​ខ្លួន​ឯង ចូល​ចិត្ត​បណ្តោយ​តាម​អារម្មណ៍

មិន​មែន​តែ​ជា​ខ្លួន​​ឯង​ទេ សូម្បី​​អ្នក​ដទៃ ក៏​គិត​​ថា​អ្នក​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​អ្វី​បណ្តោយ​តាម​អារម្មណ៍ ឬ​ចូល​តួ​ដែរ។ ប៉ុន្តែ​​មិន​ថ្វី​ទេ ព្រោះ​វា​មិន​មែន​ជា​បញ្ហា​អី​ធំ​ដុំ​ឡើយ​។ អ្នក​គ្រាន់​តែ​ចូល​ចិត្ត​ធ្វើ​អ្វី តាម​អារម្មណ៍​ ប៉ុន្តែ​អ្នក​​ចេះ​​យល់​ពី​អារម្មណ៍​អ្នក​ដទៃ​បាន​ល្អ​ខ្លាំង​ណាស់។

៣. អ្នក​ស្តាប់​ខ្លួន​ឯង​ច្រើន​ជាង​នរណា​ទាំង​អស់

ពាក្យ​អ្នក​ដទៃ​​ជុំវិញ​ខ្លួន​ ប្រឹង​​អុជអាល​បែប​ណា ក៏​​គ្មាន​ផ្លូវ​ទៅ​រួច​ ហើយ​ក៏​មិន​អាច​បំបាក់​ទឹក​ចិត្ត​អ្នក​ដោយ​ងាយ​ៗ​ដែរ។ ដោយ​សារ​តែ​អ្នក​ជឿ​ជាក់​​និង​ស្តាប់​ខ្លួន​​ឯង​ ​ ច្រើន​​ជាង​គំនិត​យោបល់​អវិជ្ជមាន​ របស់​អ្នក​ផ្សេង។

៤. អ្នក​មិន​សូវ​គិត​​ច្រើន​លើស​កម្រិត

អ្នក​មិន​មែន​ជា​ប្រភេទ​មនុស្ស ដែល​គិត​ខ្វល់​ខ្វាយ​លើស​កម្រិត​ទេ ពេល​មាន​ស្នេហា។ បើ​យល់​ថា​ល្អ​អ្នក​នឹង​បន្ត​ទៅ​មុខ​ជាមួយ​គ្នា​ទៀត ប៉ុន្តែ​បើ​យល់​ថា​មិន​ល្អ​ទេ ​អ្នក​នឹង​រក​ផ្លូវ​បញ្ចប់​តាម​សម្រួល។

៥. អ្នក​មិន​ខ្លាច​នឹង​ផ្តើម​ស្នេហ៍​ម្តង​ទៀត ទោះ​បី​ធ្លាប់​ឈឺ​ចាប់​​ក៏​ដោយ

មិន​ថា​ធ្លាប់​មាន​រឿង​អ្វី​បាន​កើត​ឡើង​ចំពោះ​អ្នក​ក៏​ដោយ នៅ​ទី​បំផុត អ្នក​នៅ​តែ​រឹង​មាំ មិន​រា​ថយ ថែម​ទាំង​ហ៊ាន​ផ្តើម​ស្នេហ៍​សារ​ជា​ថ្មី​​ម្តង​ទៀត។ អ្នក​ទទួល​ស្គាល់​ពី​ភាព​ឈឺចាប់​ដែល​បាន​ឆ្លង​កាត់ ទុក​ពេល​ឲ្យ​ខ្លួន​ឯង​ បាន​ព្យាបាល​របួស ហើយ​ក៏​មិន​បណ្តោយ​ឲ្យ​អតីតកាល​ មក​រារាំង​និង​កាត់​សេចក្តី​នា​ពេល​អនាគត​នោះ​ទេ​៕​

ចុចអានបន្ត៖ បើឃើញសញ្ញាទាំងនេះ​មានន័យថាគេនឹកអ្នក​ហើយ​គ្រាន់តែគេមិន​និយាយ

ប្រភព៖ themindsjournal ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម