អ្នកឧស្សាហ៍ចូលគេងយប់ជ្រៅក្នុងវ័យខ្ទង់២០ឆ្នាំ ជៀសមិនផុតពីផលប៉ះពាល់ទាំងនេះឡើយ

  • 2019-08-30 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វ័យ​២០​ឆ្នាំ​នេះ​គឺ​ជា​វ័យ​ដែល​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ទៅ​លើ​ការងារ មិត្តភ័ក្ដិ ស្នេហា​និង​​រឿង​​ផ្សេងៗ​ទៀត​​ ជា​ពិសេស​នៅ​ពេល​យប់​ រហូត​ត្រូវ​នៅ​ដល់​យប់​ជ្រៅ ហើយ​ត្រូវ​ក្រោក​ពី​ព្រលឹម​ដូច​គេ​ដូច​ឯង។ អ្នក​ជំនាញ​ផ្នែក​សុខភាព​ធ្លាប់​បាន​ណែនាំ​ច្រើន​មក​ហើយ​ថា​ រាងកាយ​មនុស្ស​យើង​​ត្រូវ​ការ​សម្រាក​ហោច​ណាស់​ឱ្យ​បាន​៧​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​​សម្រាប់​មនុស្ស​វ័យ​ជំទង់។

ការ​គេង​មិន​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​​ស្រឡះ​ក្នុង​ខ្លួន​នៅ​ព្រឹក​​បន្ទាប់​នោះ​ទេ តែ​ការ​ដែល​ទម្លាប់​ចូល​គេង​យប់​ជ្រៅៗ​បែប​នេះ​រយៈ​ពេល​យូរ នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​រាងកាយ​ ហើយ​បើ​មិន​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ទេ វា​អាច​បណ្ដាល​ឱ្យ​កើត​មាន​ជំងឺ​រ៉ាំរ៉ៃ​ទៀតផង​ដូច​ជា៖

១. សម្ពាធ​ឈាម​អាច​ឡើង​ខ្ពស់

ការ​គេង​មិន​បាន​គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យ​រាងកាយ និង​ស្មារតី​ស្ថិត​ក្នុង​សភាព​មួយ​ដែល​នាំ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង។ កាល​ណា​បន្ត​នៅ​បែប​នេះ​រយៈ​ពេល​យូរ វា​អាច​នឹង​ប៉ះពាល់​ដល់​បេះដូង សរសៃ​ឈាម តម្រងនោម ឬ​ឈាន​ទៅ​ដល់​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ក៏​មាន បាត់​បង់​ការ​ចងចាំ​ និង​ជា​ការ​បើក​ផ្លូវ​ឱ្យ​រាងកាយ​ឆាប់​ទទួល​រង​ជំងឺ​ខុស​ពី​អ្នក​ដទៃ។

២. ឧស្សាហ៍​ស្ត្រេស​ទាំង​គ្មាន​មូលហេតុ

អ្នក​ដែល​មិន​សូវ​បាន​គេង​គ្រប់​គ្រាន់ ប្រហែល​ធ្លាប់​មាន​បទ​ពិសោធន៍​ថា ហេតុ​អី​​នៅ​សុខៗ​ខ្លួន​បែរ​ជា​មាន​អារម្មណ៍​ស្ត្រេស ធុញ​ថប់​ទាំង​គ្មាន​មូល​ហេតុ ឬ​គ្មាន​អ្នក​ណា​មក​ធ្វើ​អ្វី​ក៏​ដោយ។ ការ​ពិត​ការ​គេង​មិន​គ្រប់​គ្រាន់​ រាងកាយ​នឹង​បញ្ចេញ​អរម៉ូន​ស្ត្រេស​ម្យ៉ាង​ឈ្មោះ​ថា Cortisol។ ហេតុ​នេះ​ហើយ បើ​អ្នក​ចង់​ដឹង​ច្បាស់ ចូល​គេង​ពី​ព្រលប់ ឬ​គេង​ឱ្យ​គ្រប់​ម៉ោង​តាម​ដែល​រាងកាយ​ត្រូវ​ការ អ្នក​នឹង​បាត់​អារម្មណ៍​ស្ត្រេស​នេះ​វិញ​ជា​មិន​ខាន។

៣. បញ្ញា​ចុះ​ខ្សោយ គិត​អី​ក៏​មិនសូវ​ចេញ

ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​បាន​ឱ្យ​ដឹង​ថា ភាព​រស់​រវើក និង​សមត្ថភាព​ការ​គិត​របស់​ខួរ​ក្បាល​ត្រូវ​រក្សា​ទុក​ព័ត៌មាន និង​ការ​ចង​ចាំ​ឡើង​វិញ​ក្នុង​អំឡុង​ពេល​រាងកាយ​សម្រាក។ ហេតុ​នេះ​ហើយ បើ​អ្នក​ជា​ទីទុយ​ពេល​រាត្រី​ ចូល​គេង​យប់​ជ្រៅ ឬ​គេង​មិន​គ្រប់​ចំនួន ខួរ​ក្បាល​របស់​អ្នក​នឹង​ចុះ​ខ្សោយ​ទៅ​តាម​នោះ ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ​អ្វី​មួយ​ឱ្យ​បាន​ល្អ​ណាស់។

៤. ឆាប់​ខឹង​ឆេវឆាវ

នេះ​ជា​ភ័ស្តុតាង​បញ្ជាក់​ថា ភាព​នឿយ​ហត់​អស់​កម្លាំង​នឹង​ធ្វើ​ឱ្យ​អ្នក​ទៅ​ជា​ឆេវឆាវ មួម៉ៅ​បាន​ដោយ​ងាយ។ វា​ផ្សារ​ភ្ជាប់​ទៅ​នឹង​ចំណុច​ខាង​លើ កាល​ណា​ខួរ​ក្បាល​មាន​ការ​ចុះ​ខ្សោយ​ការ​គិត វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​សម្រេច​អ្វី​បាន​ល្អ អារម្មណ៍​ក៏​មិន​នឹង​នរ ទើប​ប្រែ​ជា​ឆាប់​ឆេវ​ឆាវ ឆាប់​ខឹង​បែប​នេះ។ ​ផ្ទុយ​ទៅ​វិញ កាល​ណា​រាងកាយ​បាន​សម្រាក​គ្រប់​គ្រាន់ អរម៉ូន​ល្អៗ​ក៏​ត្រូវ​បាន​បញ្ចេញ​មក​ក្នុង​រាងកាយ​បាន​គ្រប់​គ្រាន់ អារម្មណ៍​របស់​អ្នក​ក៏​នឹង​ប្រែ​ទៅ​ជា​ល្អ​ដូច​គ្នា​ដែរ។

៥. ភ្នែក​ឧស្សាហ៍​ញាក់​ព្រើតៗ

មិន​មែន​ញាក់​ភ្នែក​ព្រោះ​ហេង​ឬ​ស៊យ​តាម​ប្រផ្នូល​ឡើយ។ តែ​នេះ​ជា​ការ​ញាក់​ ព្រោះ​តែ​ភ្នែក​របស់​អ្នក​មិន​បាន​សម្រាក​គ្រប់​គ្រាន់។ ក្រៅ​ពី​រឿង​ញាក់​ភ្នែក​នេះ អ្នក​ក៏​មាន​អារម្មណ៍​ថា​ក្រហាយ​ភ្នែក ក្ដៅ​ភាយៗ ឬ​បើក​ភ្នែក​ស្ទើរ​តែ​មិន​រួច​ក៏មាន។

៦. បាត់​បង់​ចំណង់​ផ្លូវ​ភេទ

អាច​ចំណាំ​មើល​ចុះ អ្នក​ដែល​នៅ​ដល់​យប់​ជ្រៅ​យូរ​ពេក អារម្មណ៍​ពុះ​កញ្ជ្រោល​ផ្នែក​ផ្លូវ​ភេទ​ក៏​ត្រូវ​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ ព្រោះ​តែ​រាងកាយ​មាន​តែ​ភាព​នឿយ​ហត់ ទើប​គ្មាន​ការ​បង្កើត​អរម៉ូន​ផ្លូវ​ភេទ។ ដូច្នេះ​សម្រាប់​អ្នក​មាន​ជីវិត​ស្នេហា​អាច​នឹង​ប៉ះពាល់​ដល់​ចំណង​មេត្រី​លើ​គ្រែ ដោយ​សារ​តែ​ការ​គេង​មិន​បាន​គ្រប់​គ្រាន់​នេះ​ក៏​ថា​បាន។

៧. កើត​មុន​មិន​ឈប់

ស្រីៗ​មួយ​ចំនួន​ចេះ​តែ​ឆ្ងល់​ថា ហេតុ​អី​មុខ​របស់​ខ្លួន​ចេះ​តែ​ឡើង​មុន​មិន​ឈប់ ហើយ​ជា​មុន​ប្រភេទ​ធំៗ​ទៀត​ផង ទោះ​ព្យាបាល​ដោយ​ថ្នាំ ឬ​គ្រឿង​សម្អាង​អ្វី​ក៏​មិន​បាត់។ ចម្លើយ​អាច​នៅ​​ក្នុង​អត្ថបទ​នេះ។ កាល​ណា​រាងកាយ​មិន​បាន​សម្រាក​គ្រប់​​គ្រាន់ កម្រិត​អរម៉ូន​ស្ត្រេស​ក៏​បញ្ចេញ​មក​កាន់​តែ​ច្រើន ដែល​ជា​អ្នក​រារាំង​ការ​វិវត្ត​របស់​ស្បែក បង្ក​ឱ្យ​កើត​មុន ស្បែក​ឡើង​ស្ងួត បាត់​បង់​ជាតិ​សំណើម​ជា​ដើម។

៨. មើល​ទៅ​ចាស់​ជាង​វ័យ

អាច​ប្រៀប​ធៀប​រវាង​មនុស្ស​ដែល​ចូល​គេង​ពី​ព្រលប់ និង​អ្នក​ដែល​ចូល​ចិត្ត​នៅ​យប់​ជ្រៅ ពួក​គេ​ទោះ​បី​អាយុ​ស្របាល​គ្នា​ក៏​មើល​ទៅ​ឃើញ​ខុស​គ្នា​ដែរ។ នៅ​ពេល​​អរម៉ូន​ Cortisol​ ត្រូវ​បាន​បញ្ចេញ​មក​ក្នុង​រាងកាយ​កាន់​តែ​ច្រើន វា​នឹង​ចូល​ទៅ​កាត់​បន្ថយ​កម្រិត​ខូឡាជេន​ដែល​ជា​ប្រូតេអ៊ីន​សំខាន់​ក្នុង​​​ការ​ធ្វើ​ឱ្យ​ស្បែក​រលោង ម៉ត់ និង​តឹង​ណែន។ ហេតុ​នេះ​ហើយ​ទើប​ស្បែក​អ្នក​នឹង​ប្រែ​ជា​ជ្រីវជ្រួញ មាន​ស្នាម​អុជ​ខ្មៅ និង​បណ្ដាល​ឱ្យ​មើល​ទៅ​ឃើញ​ចាស់​ជាង​វ័យ។

៩. អាច​កើត​ជំងឺ​ផ្លូវ​ចិត្ត

អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​អះអាង​ថា ការ​គេង​និង​ជំងឺ​ផ្លូវ​ចិត្ត​មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ អ្នក​ជំនាញ​សុខភាព​​ក៏​បាន​លើក​ឡើង​ថា អ្នក​ដែល​គេង​មិន​សូវ​បាន​គ្រប់​គ្រាន់​ទំនង​អាច​ទទួល​រង​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ធម្មតា ​ព្រោះ​តែ​ហេតុ​ផល​ដ៏​អវិជ្ជមាន​ដូច​បាន​រៀបរាប់​ខាង​លើ៕

ចុចអាន៖ ​ អាហារនាំឲ្យកើតមហារីក ១០ មុខ ដែលអ្នកញ៉ាំចូលពោះស្ទើររាល់ថ្ងៃដោយមិនដឹងខ្លួន

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ សរ សុគន្ធី