បញ្ហា ១០ យ៉ាង គូស្នេហ៍ណាក៏មិនអាចជៀសផុត
- 2019-01-30 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បញ្ហា ១០ យ៉ាង គូស្នេហ៍ណាក៏មិនអាចជៀសផុត
អ្វីដែលសំខាន់បំផុតក្នុងទំនាក់ទំនាក់ស្នេហា គឺការប្រាស្រ័យទាក់ទងនិងទំនុកចិត្ត។ ស្នេហាអាចឋិតថេរយូរអង្វែង លុះត្រាតែមានទំនាក់ទំនាក់ល្អនិងចេះយល់ចិត្តគ្នាទោវិញទៅមក។ មានកត្តាច្រើនយ៉ាងណាស់ ដែលនាំឲ្យគូស្នេហ៍ ប្រែក្លាយពីផ្អែមល្ហែមទៅជាល្វីងជូរចត់។ ជាពិសេសមានបញ្ហាចម្បង១០យ៉ាង ដែលពួកគេមិនអាចជៀសផុត ទោះមិនចូលទាំងស្រុង ហោចណាស់ក៏មានខ្លះៗ ក្នុងចំណោមចំណុចខាងក្រោមនេះ។
១. រស់នៅឆ្ងាយពីគ្នា
គម្លាតរវាងមនុស្សពីរនាក់ បានបែងចែកពួកគេជាពីរចំណែកផ្សេងគ្នា។ អ្នកខ្លះអាចចេញទៅបំពេញបេសកកម្មការងារតាមខេត្តក្នុងរយៈពេលយូរ ឬទៅបន្តការសិក្សានៅបរទេសជាដើម។ បញ្ហាធំដែលត្រូវប្រឈម គឺមិនបានជួបមុខគ្នាផ្ទាល់រាល់ថ្ងៃ ខ្វះភាពស្និទ្ធស្នាល ខ្វះទំនុកចិត្ត ឬអាចមានអារម្មណ៍ថាឃ្លាតឆ្ងាយកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។ បើគ្មានវិធីការពារទេ ចំណងស្នេហ៍នឹងដាច់រហែកនៅថ្ងៃណាមួយមិនខាន។ ចុចអាន៖ វិធីថែរក្សាស្នេហាឲ្យដល់ថ្ងៃរៀបការ ទោះបីដៃគូរស់នៅក្រៅប្រទេស ឬឆ្ងាយយ៉ាងណាក៏ដោយ ។
២. មានគំនិតផ្ទុយគ្នា
មនុស្សពីរនាក់មិនអាចមានគំនិតដូចគ្នាទាំងស្រុងបានឡើយ។ យ៉ាងណាបើគេទាំងពីរ មានគំនិតផ្ទុយគ្នាខ្លាំងគេ គឺជាសញ្ញាមិនល្អទាល់តែសោះ ព្រោះភាពមិនចុះសម្រុងនឹងអាចកើតឡើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។
៣. ភាសា
ក្នុងពិភពលោកដ៏ធំធេងមួយនេះ មានជាតិសាសន៍ជាច្រើន មកពីប្រទេសផ្សេងគ្នា និងប្រើប្រាស់ភាសាខុសៗគ្នា។ យ៉ាងណាស្នេហាមិនអាចហាមឃាត់បានឡើយ សូម្បីពេលខ្លះមនុស្សពីរនាក់ មិនសូវយល់ច្បាស់ពេលសន្ទនាគ្នាក៏ដោយ ពួកគេនៅតែធ្លាក់ក្នុងអន្លង់ស្នេហ៍បានសម្រេច។ ពេលដំបូងៗមិនសូវអីប៉ុន្មានទេ តែបើអ្នករស់នៅជាមួយគ្នាយូរៗទៅ ពេលមានបញ្ហាកើតឡើង អាចនឹងច្របូកច្របល់កាន់តែស្មុគស្មាញពិបាកដោះស្រាយ ដោយសារតែនិយាយមិនយល់គ្នាទៅវិញទៅមក។
៤. ឯករាជ្យជ្រុលពេក
នរណាក៏ត្រូវការភាពឯករាជ្យនៅក្នុងខ្លួនដែរ ប៉ុន្តែបើមានគូហើយ គួរធ្វើខ្សោយខ្លះទៅ។ ធ្វើខ្សោយមិនមែនសំដៅលើភាពទន់ជ្រាយគ្មានជំហរនោះទេ តែត្រូវចេះហាមាត់ពឹងគេខ្លះ ឬសុំយោបល់ពេលអ្នកជួបទុក្ខលំបាក។ បើធ្វើខ្លួនរឹងមាំជ្រុលពេក ស្នេហាដូចជាគ្មានន័យសោះឡើយ ព្រោះអ្នកមិនហ៊ានចែករំលែកទុក្ខនិងសុំជំនួយពីមនុស្សដែលខ្លួនស្រលាញ់។
៥. មោទនភាពចំពោះខ្លួនឯងពេក
មនុស្សបែបនេះតែងមានអំនួតខ្លាំងលើខ្លួនឯង មិនសូវស្តាប់គំនិតយោបល់អ្នកដទៃ ជាហេតុបង្កឲ្យមានជម្លោះ ជជែកចង់ឈ្នះចាញ់។ ទោះបីចេះដឹង មានទ្រព្យច្រើនយ៉ាងណា គួរចេះដាក់ខ្លួនខ្លះផង ទើបចុះចំណោមជាមួយគេឯង។
៦. ធ្វើអីបញ្ឆិតបញ្ឆៀង
ខឹងមិនចំខឹង កើតទុក្ខមិនចំកើតទុក្ខ តែជាកាយវិការទាមទារចំណាប់អារម្មណ៍ចង់ឲ្យគេលួងទៅវិញ។ មានរឿងអ្វី ត្រូវបើកចិត្តនិយាយត្រង់ បើរវល់តែងរង៉ក់ដូចក្មេងនោះ គេច្បាស់ជាចាត់ទុកអ្នកជាមនុស្សពូកែដ្រាម៉ា គ្មានហេតុផល។
៧. អាត្មានិយម
បើអ្នកជាមនុស្សអាត្មានិយមគិតតែប្រយោជន៍ផ្ទាល់ខ្លួន ទោះបីក្តីស្រលាញ់ធំធេងប៉ុនណា ក៏គង់តែរលាយសាបសូន្យ ព្រោះគ្មាននរណា អាចរស់នៅជាមួយមនុស្សប្រភេទនេះបានទេ។
៨. បណ្តាញសង្គម
បណ្តាញសង្គមអាចធ្វើឲ្យមនុស្សស្និទ្ធស្នាលគ្នា ហើយក៏អាចធ្វើឲ្យមនុស្សយល់ច្រឡំខឹងគ្នាបានយ៉ាងងាយ។ ដូចជាពេលចេញទៅខាងក្រៅរវល់តែឈ្ងោកមុខលេងបណ្តាញសង្គម មិនសូវបាននិយាយរកអ្នកដែលកំពុងតែនៅជិតខ្លួន ការមិនបើកមើលសារឬឆ្លើយតបយឺតយ៉ាងជាដើម។
៩. មិនយកចិត្តទុកដាក់
មិនថាអ្នករវល់ជាមួយការងារខ្លាំងកម្រិតណាទេ ត្រូវចេះបែងចែកពេលវេលា ផ្តល់ក្តីស្រលាញ់ និងយកចិត្តទុកដាក់ព្រួយបារម្ភពីគ្នាជានិច្ច។ លុយសំខាន់ តែសុភមង្គលសំខាន់ជាងលុយទៅទៀត។
១០. សង្ស័យច្រើន
មួយថ្ងៃៗ ចេះតែសង្ស័យនេះ សង្ស័យនោះឥតល្ហែ។ ស្នេហាបើមិនទុកចិត្តគ្នាទៅហើយ អ្នកអាចនឹងឈ្លោះគ្នារាល់ថ្ងៃក៏ថាបាន។ ដោយសារភាគីម្ខាងចូលចិត្តរករឿង ខ្វះភស្តុតាង ឬចូលចិត្តស្រមើស្រមៃផ្តេសផ្តាសតែម្នាក់ឯង។
១០ចំណុចដែលបានរៀបរាប់ខាងលើ សុទ្ធសឹងតែជាបញ្ហាដែលនាំឲ្យគូស្នេហ៍បែបបាក់ និងរស់នៅគ្មានក្តីសុខ ដូច្នេះហើយ បើអ្នកមានចំណុចណាមួយគួរទប់ស្កាត់ការពារឲ្យហើយ កុំចេះតែបណ្តែតបណ្តោយឲ្យសោះ៕
ចុចអានបន្ត៖ ចរិត ៦យ៉ាង សម្គាល់បុរសម្នាក់នោះ មិនអាចក្លាយជាប្ដីល្អទៅអនាគតឡើយ