ហេតុ​អ្វី​មនុស្ស​ស្រី​កាន់​តែ​រឹង​មាំ​កាន់​តែ​ពិបាក​រក​បាន​ស្នេហា?

  • 2017-08-25 03:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ខ្លះ​មិន​មែន​ឲ្យ​តែ​រឹង​មាំ​ដឹង​តែ​ល្អ​នោះ​ទេ ជា​ពិសេស​គឺ​នៅ​ក្នុង​រឿង​មនោសញ្ចេតនា។

នៅ​ពេល​មនុស្ស​ស្រី​រឹងមាំ​រក​មិន​ឃើញ​ស្នេហា​របស់​ខ្លួន កុំ​ទាន់​បន្ទោស​នឹង​វាសនា​អី ត្រូវ​មើល​នឹង​មូលហេតុ​ខាង​ក្រោម​ទាំង​នេះ​សិន។

១. មិន​ចូលចិត្ត​អារម្មណ៍​ស្កប់ស្កល់

មនុស្ស​ស្រី​រឹង​មាំ​ជា​ប្រភេទ​មនុស្ស​ដែល​ដឹង​ច្បាស់​ពី​តម្លៃ​របស់​ខ្លួន​ឯង និង​លើក​កម្ពស់​សមត្ថភាព​របស់​ខ្លួន ហើយ​មិន​ចូល​ចិត្ត​អារម្មណ៍​ដែល​ស្កប់ស្កល់​នោះ​ឡើយ។ នៅ​ក្នុង​រឿង​ស្នេហា កុំ​ឲ្យ​នាង​ត្រូវ​ជ្រើស​រើស​​ឲ្យ​សោះ ព្រោះ​ស្រលាញ់​គឺ​ស្រលាញ់​ តែ​គោលដៅ​របស់​នាង​គឺ​នាង​នៅ​តែ​ខំប្រឹង​យក​ទាល់​តែ​បាន មិន​មែន​ដោយ​សារ​តែ​ស្នេហា​ហើយ​លះបង់​អាជីព​នោះ​ឡើយ។

២. ងាយ​ស្រួល​ធ្វើ​ឲ្យ​បុរស​មាន​អារម្មណ៍មាន​សម្ពាធ

មនុស្ស​ស្រី​រឹង​មាំ​នឹង​គ្មាន​ថ្ងៃ​ធ្វើ​រំអួយ​ដាក់​បុរស​នោះ​ឡើយ ថែម​ទាំង​គិត​ថា​ទង្វើ​នេះ​គឺ​គួរ​ឲ្យ​អាម៉ាស់​ទៀត​ផង។ ជំនួស​ឲ្យ​ការ​រក​ខ្នង​បង្អែក​ពី​អ្នក​ដទៃ នាង​នឹង​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​ខ្លួន​ឯង។ នោះ​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ដែល​ចាប់​ចិត្ត​លើ​នាង​មាន​អារម្មណ៍​ថា​នាង​មាន​ប្រៀប​ជាង​ដែរ។

៣. មិន​ជឿ និង​មិន​ត្រូវ​ការ​មនុស្ស​ប្រុស

ខុស​ពី​ប្រភេទ​មនុស្ស​ស្រី​ដទៃ មនុស្ស​ស្រី​រឹង​មាំ​នឹង​មិន​ជឿ​មនុស្ស​ប្រុស​ទាំង​ស្រុង​នោះ​ឡើយ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ពឹង​ផ្អែក​លើ​គេ​ដែរ។ ព្រោះ​នាង​ដឹង​ច្បាស់​ថា​រំពឹង​កាន់​តែ​ខ្ពស់ ការ​អាក់​អន់​ចិត្ត​កាន់​តែ​ខ្លាំង។

៤. តែង​តែ​ចេះ​រៀបចំ​ផ្លូវ​ជីវិត​របស់​ខ្លួន

កុំ​សង្ឃឹម​ថា​អ្នក​អាច​ផ្លាស់​ប្ដូរ​វិថី​ជីវិត​របស់​នាង​ឲ្យ​សោះ។ សម្រាប់​មនុស្ស​ស្រី​ប្រភេទ​នេះ បើ​សិន​សង្សារ​មិន​គាំទ្រ​នឹង​គម្រោង​ការ​ក្នុង​ជីវិត​របស់​នាង​ទេ នោះ​អ្នក​ដែល​នាង​ផ្លាស់​ប្ដូរ​គឺ​ជា​សង្សារ​ហើយ​មិន​មែន​ជា​ផែន​ការ​ជីវិត​របស់​នាង​ឡើយ។

៥. ចេះ​ប្រឈម​មុខ​នឹង​ការ​បដិសេធ

ប្រសិន​បើ​អ្នក​បាន​មនុស្ស​ស្រី​រឹង​មាំ​សុំ​ស្រលាញ់ នោះ​គឺ​ជា​សំណាង​របស់​អ្នក។ តែ​បើ​អ្នក​បដិសេធ​នាង នាង​នៅ​តែ​គោរព​អ្នក​ហើយ​មិន​ទុក​ឲ្យ​រឿង​នេះ​ធ្វើ​ទុក្ខ​នាង​ឡើយ។ ដោយ​សារ​តែ​នាង​មិន​ទន់​ខ្សោយ នាង​អាច​ប្រឈម​មុខ​នឹង​ការ​បដិសេធ​នេះ​ដោយ​គ្មាន​បញ្ហា៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel