ហេតុផល​ដ៏​សមរម្យ អ្នក​គួរ​រៀបការ​នៅ​ខ្ទង់ ៣០ ឆ្នាំ មិនមែន​ជា​ខ្ទង់ ២០

  • 2017-12-15 02:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​រៀបការ​នៅ​ខ្ទង់ ៣០ ឆ្នាំ ប្រហែល​ជា​ប្រសើរ​ជា​ខ្ទង់ ២០ នេះ​បើ​ពឹង​ផ្អែក​ទៅ​លើ​ហេតុផល ៥ យ៉ាង​ខាងក្រោម​នេះ។ កញ្ញា នឹង​បង្ហាញ​ជូន​នូវ​ហេតុផល​ដ៏​សមរម្យ ដែល​ថា​អ្នក​គួរ​តែ​រៀបការ​នៅ​អាយុ ៣០ ឆ្នាំ ព្រោះ​ល្អ​ជាង​វ័យ ២០ ឆ្នាំ៖

១.អ្នក​ដឹង​ពី​ប្រភេទ​មនុស្ស​ជាច្រើន

ស្ថិត​ក្នុង​វ័យ ២០ ឆ្នាំ មនុស្ស​មិន​ទាន់​មាន​ការ​គិត​ល្អិតល្អន់ ឬ​ស្គាល់​ប្រភេទ​មនុស្ស​ក្នុង​សង្គម​បាន​ច្រើន​ឡើយ ព្រោះ​ពួកគេ​ទើបតែ​ពេញ​វ័យ។ តែ​សម្រាប់​អ្នក​មាន​អាយុ ៣០ ឆ្នាំ​ទៅ​ហើយ​នោះ ពួកគេ​បាន​ប្រឡូក​ក្នុង​សង្គម​ច្រើន​ជាង ហើយ​ស្គាល់​ពី​អ្នក​រស់នៅ​ក្នុង​សង្គម​បាន​ច្រើន​ប្រភេទ​ណា ដូចនេះ​ហើយ​គេ​អាច​បែងចែក​ដាច់​ថា នរណា​ល្អ នរណា​មិន​ល្អ។ ​បែបនេះ​ហើយ​ពេល​មាន​ស្នេហា​អ្នក​នឹង​រក​ដៃគូ​ណា​ជា​មនុស្ស​ចាស់​ទុំ​ដូចគ្នា និង​អាច​កសាង​គ្រួសារ​យ៉ាង​មាន​សុភមង្គល​បាន។

២.ដឹង​អ្វី​ដែល​អ្នក​ចង់​បាន

អ្នក​លែង​ជា​ក្មេង​ស្រី​ឆោតល្ងង់​ពេញចិត្ត​នឹង​រឿង​ដំបូង​ដែល​នាង​រក​ឃើញ​នៅ​ក្នុង​ផ្លូវ​របស់​នាង ដោយសារ​តែ​ភាព​ឆើតឆាយ​ពី​ខាងក្រៅ​នោះ​ទៀត​ហើយ។ នៅ​ពេល​អ្នក​មាន​វ័យ ៣០ ឆ្នាំ មាន​ន័យ​ថា​អ្នក​បាន​រស់​នៅ​ក្នុង​ពិភពលោក​ជាក់​លាក់​សម្រាប់​ខ្លួន​ឯង មាន​គំនិត​ច្បាស់លាស់​អំពី​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ជីវិត។ អ្នក​បាន​កំណត់​គោលដៅ ព្រម​ទាំង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់។ ជាពិសេស​ អ្នក​មាន​ផែនការ​សម្រាប់​ជីវិត ហើយ​អ្នក​មាន​ទំនុក​ចិត្ត​គ្រប់គ្រាន់។

៣.អ្នក​នឹង​មាន​ស្ថេរ​ភាព​ផ្នែក​ហិរញ្ញវត្ថុ

សម្រាប់​សេចក្ដី​ស្រលាញ់​ខ្លាំង គឺ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។ អ្នក​មាន​ស្នេហា​នៅ​អាយុ ២០ ឆ្នាំ​ច្រើន​តែ​គិត​គិត​ថា ទោះ​ពួកគេ​ជួប​ឧបសគ្គ​ធំ​ប៉ុណ្ណា​ក៏​មិន​អាច​រារាំង​បាន​ឡើយ ហើយ​ពួកគេ​សុខចិត្ត​ស៊ី​អត់​ស៊ី​ឃ្លាន​ជាមួយ​គ្នា។ តែ​នោះ​ជា​គំនិត​ក្មេង​ខ្ចី​មិន​ដឹង​អី​តែ​ប៉ុណ្ណោះ ព្រោះ​ពួកគេ​នឹង​រីករាយ​បាន​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ ក្រោយ​ពេល​គ្មាន​ប្រាក់កាក់​ផ្គត់ផ្គង់​ជីវភាព​គ្រប់គ្រាន់​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​នឹង​កើត​ឡើង​មាន​ជា​ញឹកញាប់។ ការសិក្សា​អំពី​ការ​លែងលះ​បាន​បង្ហាញ​ថា​បញ្ហា​ប្រាក់ គឺ​ជា​កត្តា​សំខាន់​មួយ​ដែល​ធ្វើឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​បរាជ័យ។ តែ​នៅ​ពេល​អ្នក​មាន​អាយុ ៣០ ហើយ​នោះ អ្នក​នឹង​មាន​ការងារ​ដែល​មាន​ស្ថេរ​ភាព និង​មាន​ប្រាក់​ចំណូល​ជាក់លាក់ ដូច្នេះ​អ្នក​នឹង​បាន​សង្គ្រោះ​ភាព​ខ្វះខាត និង​ទទួល​បាន​ការ​គ្រប់គ្រង​ខ្លះ​លើ​ហិរញ្ញវត្ថុ​របស់​អ្នក។

៤.អាច​បំពេញ​ក្ដី​ស្រមៃ

នៅ​ពេល​អ្នក​ទើប​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ អ្នក​គឺ​ថ្មីថ្មោង​នៅ​ក្នុង​ពិភពលោក ហើយ​អ្នក​មាន​ក្ដី​សុបិន​រាប់​លាន​ដែល​ចង់​បំពេញ។ អ្នក​ប្រហែល​ជា​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​ទៅ​ក្រៅ​ប្រទេស ដូចជា​ចង់​ទៅ​ទ្វីប​អឺរ៉ុប ទៅ​ឌូប៉ៃ ឬ​ធ្វើ​ផែនការ​វិស្សមកាល​ដទៃ​ទៀត។ ពេល​អ្នក​រៀបការ​អ្នក​មិន​អាច​បំពេញ​រឿង​ទាំង​នោះ​បាន​ឡើយ ព្រោះ​ត្រូវ​បែងចែក​ពេលវេលា និង​ថវិកា​សម្រាប់​គ្រួសារ។ តែ​បើ​ទម្រាំ​រៀបការ​នៅ​អាយុ​ច្រើន យ៉ាងហោចណាស់​ក្ដី​ស្រមៃ​អ្នក​អាច​បំពេញ​បាន​ខ្លះ។

៥.ជីវិត​អាពាហ៍ពិពាហ៍​គឺជា​រៀង​រហូត មិន​គួរ​ប្រញាប់ប្រញាល់​ទេ

ក្រុម​មនុស្ស​ដែល​រៀបការ​នៅ​អាយុ ២០ ឆ្នាំ តែង​គិត​មិន​បាន​វែងឆ្ងាយ និង​បណ្ដោយ​ឲ្យ​ការ​រៀបការ​ធ្វើ​តាម​បាន។ គ្មាន​ផែនការ​ច្បាស់លាស់ គ្មាន​ការ​រៀបចំ​ឲ្យ​បាន​ល្អិតល្អន់។ ជាពិសេស​គឺ​ពួកគេ​មិន​គិត​ពី​អនាគត​អ្នក​បន្តវេន។ សម្រាប់​អ្នក​មាន​វ័យ​ច្រើន តែង​មាន​ផែនការ​មង្គលការ​ម៉ត់ចត់ ព្រោះ​ការ​រៀបការ​ត្រូវ​ធ្វើ​ផែនការ​យ៉ាងហោចណាស់ ១ ឆ្នាំ ជាពិសេស​ពួកគេ​អាច​សន្សំ​ប្រាក់​ទុក​ផ្គត់ផ្គង់​កូន​ចៅ មិន​ឲ្យ​ពួកគេ​លំបាក៕

ចុចអាន៖អារម្មណ៍​ខ្ញុំ​ពេល​គេ​សួរ​​នាំ​រឿង​រៀបការ

ប្រភព៖ womansbeautyextra ប្រែ​សម្រួល៖ ទ្រី រ៉ាវី