រក​ឃើញ​មូលហេតុ​ដែល​តារា​ល្បីៗ ច្រើន​ប្រើ​ទូរសព្ទ iPhone

  • 2017-07-23 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សង្កេត​ឃើញ​តារា​ល្បីៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក រមែង​កាន់​បង្ហាញ​ទូរសព្ទ iPhone របស់​ពួក​គេ​នៅ​ទី​សាធារណៈ។​ យោង​តាម​គេហទំព័រ Quora និង Android Central បាន​ធ្វើ​ការ​បកស្រាយ​នូវ​ចម្លើយ​ជុំវិញ​ហេតុផល​ដែល​តារា​ល្បី​ តែង​ប្រើ​ប្រាស់​ iPhone​។

ចម្លើយ​ភាគ​ច្រើន​បាន​លើក​ឡើង​ នោះ​ដោយ​សារ​តែ iPhone ជា​ទូរសព្ទ​មួយ ដែល​មាន​ស្លាក​យីហោ​ល្បីល្បាញ​ទូទាំង​ពិភពលោក ងាយ​ស្រួល​ដល់​អ្នក​ដទៃ​ក្រឡេក​មើល​មក​ មាន​ការ​ចាប់​អារម្មណ៍​លឿន។ ទៀតសោត​ iPhone ងាយ​ស្រួល​ប្រើប្រាស់ ដោយ​ប្រព័ន្ធ iOS មាន​ភាព​សាមញ្ញ ទាំង​ការ​លេង​ហ្គេម, ស្រាវជ្រាវ​លើ​អ៊ីនធឺណិត និង​ប្រើប្រាស់​ផ្សេងៗ​ទៀត ខណៈ​ជា​ធម្មតា​តារា​ល្បី ពុំ​មាន​ពេល​​​គ្រប់​គ្រាន់ ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ដែល​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន​។ អ្វី​ដែល​ពិសេស Apple បាន​បង្កើត​ផលិតផល​រួម​ មាន​ដូច​ជា​ iPhone/iPad/iPod, នាឡិកា​ឆ្លាតវៃ Apple Watch និង MacBook ក៏​ដូច​ជា​កាស Beats ផ្ដល់​ភាព​ពេញ​និយម​ក្នុង​ការប្រើប្រាស់​ជា​ឈុត ហើយ​បាន​លើក​ឧទាហរណ៍​ថា បើ​ឪពុក​ម្ដាយ​សួរ​កូន​ថា​ចង់​បាន​ទូរសព្ទ​ម៉ាក​អី​មក​ប្រើប្រាស់ ពួក​គេ​ប្រាកដ​ជា​និយាយ​ថា iPhone ព្រោះ​មិត្តភ័ក្ដិ​របស់​គេ​និយម​ប្រើ​ទូរសព្ទ iPhone ទៅ​ហើយ។​​​​

ក្រៅ​ពី​នោះ​ពួក​គេ​បាន​លើក​ឡើង​ពី​ចំណុច​ផ្សេង​ទៀត រួម​មាន​គុណភាព កាមេរ៉ា​ និង​ប្រព័ន្ធ​សុវត្ថិភាព iCloud។ តារា​ល្បី​ភាគ​ច្រើន អាច​នឹង​ពេញចិត្ត​ជាមួយ​គុណភាព​នៃ​ការ​ថត​រូប​លើ​ទូរសព្ទ iPhone ដោយ​វា​មាន​សភាព​ច្បាស់​ម៉ត់​ល្អ ​និង​ពណ៌​បែប​ធម្មជាតិ។ ចំពោះ iCloud ជា​ប្រព័ន្ធ​ពិសេស ងាយ​ស្រួល​ក្នុង​ការ​រក្សា​ទុក​ឯកសារ​ផ្សេងៗ ហើយ​វា​មាន​សុវត្ថិភាព​ខ្ពស់ ដល់​ពួក​គេ​ បើ​កាល​ណា​មិន​មាន​ការ​បែក​ធ្លាយ​នូវ​កូដ​សម្ងាត់​ផ្ទាល់​ខ្លួន៕

ប្រភព៖ Quora អត្ថបទ៖ កៅ រក្សា

អត្ថបទពេញនិយម