សង្កេតបញ្ហា និង ផលរំខានមួយចំនួនរបស់ថ្នាំងងុយគេងចំពោះបញ្ហាសុខភាព

  • 2024-10-14 07:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងខាងក្រោម៖

ទីមួយបណ្តាលមកពីសុខភាពផ្លូវកាយ ដូចជាក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខជាដើម។

ទីពីរបញ្ហាផ្លូវចិត្ត មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ។

ទីបីទាក់ទងនឹងរបៀបរបបរស់នៅប្រចាំថ្ងៃ ដូចជាផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល។

ចំណែកទីបួនទាក់ទងនឹងបរិស្ថាន កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក រស់នៅគ្នាច្រើនជាដើម។

ការសិក្សារបានបង្ហាញថា ជារៀងរាល់ឆ្នាំអត្រានៃអ្នកដែលមានបញ្ហាវិបត្តិគេងរយះពេលខ្លីមានរហូតដល់ 25% នឹងអ្នកដែលមានវិបត្តិគេងរាំរ៉ៃ មានចន្លោះពី 10 ទៅ 35% ហើយ 40% ទៀតគឺជាអ្នកដែលមានវិបត្តិគេងបានវិវត្តន៍ទៅរកជំងឺផ្លូវចិត្តដូចជាជំងឺ ថប់បារម្ភនឹង ជំងឺ ធ្លាក់ទឹកចិត្ត ។

  • ថ្នាំងងុយគេងជាពពួកថ្នាំដែលមានសកម្មភាពលើខួរក្បាលដែលធ្វើឲ្យយើងអាចគេងលក់ស្រួល។
  • ថ្នាំនេះប្រើសម្រាប់អ្នកជំងឺដេកមិនលក់ (Insomnia) និងអ្នកមានបញ្ហាក្នុងការដេក (គេងមិនស្កប់)។
  • ថ្នាំងងុយគេងមានច្រើនប្រភេទ ប្រភេទនីមួយៗប្រើទៅតាមស្ថានភាពរបស់អ្នកជំងឺ តើមានបញ្ហាដំណេកស្រាល ឬក៏ធ្ងន់ ហើយការប្រើថ្នាំងងុយគេងភាគច្រើនទាល់តែមានវេជ្ជបញ្ជា។

ផលរំខានរបស់ថ្នាំងងុយគេង ការលេបថ្នាំងងុយគេងអាចជួយបញ្ហាដំណេកយើងបានមែន តែក៏មានផលរំខានមកវិញខ្លះៗដែរ។ ឱសថការី គឹម កាណែល បន្តថា ផលរំខានអាស្រ័យទៅលើប្រភេទថ្នាំដែលយើងប្រើ ក្នុងចំណោមនោះ ផលរំខានដែលកើតមានញឹកញាប់រួមមាន៖

– ក្រហាយ ឬចាក់ៗនៅដៃជើង និងទ្រូង

– មិនឃ្លានអាហារ

– ទល់លាមក

– ឈឺពោះ រាក

– ពិបាករក្សាលំនឹងខ្លួនប្រាណ

– វិលមុខ

– ស្ងួតមាត់ និងក

– ឈឺក្បាល

– មិនសូវចងចាំ

– យល់សប្តិអាក្រក់

– ខ្សោយកម្លាំង។

ការប្រើថ្នាំលើសកម្រិត ការប្រើថ្នាំងងុយគេងលើសកម្រិតអាចបណ្ដាលឲ្យផលរំខានរបស់ថ្នាំកើនឡើងខ្ពស់ និងមានរយៈពេលយូរ ហើយករណីខ្លះអាចគ្រោះថ្នាក់ដល់ជីវិត។

ប្រសិនបើអ្នក មានបញ្ហាដំនេក ដេកមិនស្កប់ ដេកយល់សប្តិច្រើន ចាប់មានផលរំខាននៃថ្នាំងងុយគេង លោកអ្នកគួរតែស្វែងរកជំនួយពីអ្នកជំនាញ ប្រឹក្សាយោបល់ មុនប្រើប្រាស់ថ្នាំដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ។​ សូមស្វះស្វែងរកការព្យាបាលជាមួយអ្នកជំនាញ ដើម្បីវាយតម្លៃស្ថានភាពរោគសញ្ញាឲ្យបានទាន់ពេល ការព្យាបាលមួយដែលមានការវាយតម្លៃត្រឹមត្រូវច្បាស់លាស់ដោយអ្នកជំនាញ នោះធ្វើឲ្យអ្នកជំងឺឆាប់ធូរស្បើយឡើងវិញ និង អាចជះផុតពីបញ្ហាធ្ងន់ធ្ងរផងដែរ។

ប្រភព៖ វីឃែរ គ្លីនិក

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម