រោគ​សញ្ញា​ដ៏​សាហាវ​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ដែល​ស្ត្រី​ត្រូវ​ដឹង

  • 2024-10-11 01:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺមហារីក​មាន​ច្រើន​ប្រភេទ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ។ ជំងឺមហារីក​ទាំងនោះ​មាន​ដូច​ជា​ជំងឺមហារីក​សុដន់ ជំងឺមហារីក​ពោះវៀនធំ មហារីក​លំពែង មហារីក​ក្រពេញ​ប្រូ​ស្តា​ត ជំងឺមហារីក​គ្រាប់​ឈាម ។

ជំងឺមហារីក​គ្រាប់​ឈាម គឺជា​ប្រភេទ​ជំងឺមហារីក​ដែល​ប៉ះពាល់​ដល់​កោសិកា​ឈាម ទប់ស្កាត់​សមត្ថភាព​របស់​រាង​កាយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ ផ្សេង​ៗ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ ។ ជំងឺមហារីក​គ្រាប់​ឈាម​មានការ​លំបាក​ក្នុង​ការ​ព្យាបាល និង​សមាមាត្រ​នៃ​ការ​ស្លាប់​គឺ​មាន​ខ្ពស់​ណាស់ ។

ខាងក្រោម​នេះ គឺជា​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ដែល​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់ ។

១-​ស្បែក​ស្លេកស្លាំង ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញ​ថា ស្បែក​របស់​អ្នកមាន​សភាព​ស្លេកស្លាំង អ្នក​ត្រូវ​តែ​ធ្វើតេស្ត​ឈាម​រក​មើលជំងឺ​មហារីក​គ្រាប់​ឈាម ដោយសារ​ជំងឺមហារីក​នេះ​នឹង​ទប់ស្កាត់​ការ​រីក​លូតលាស់​នៃ​កោសិកា​ឈាម​ថ្មី​ដែល​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្លេកស្លាំង ។

២-​​គ្រុនក្តៅ ប្រសិនបើ​អ្នក​តែងតែមាន​បញ្ហា​គ្រុនក្តៅ និង​មាន​សីតុណ្ហភាព​ខ្ពស់​រៀង​រាល់ពេល វា​អាច​ជា​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ជំងឺមហារីក​គ្រាប់​ឈាម ។

៣-​អស់កម្លាំង ជំងឺមហារីក​គ្រាប់​ឈាម​អាច​ធ្វើ​ឱ្យ​អ្នក​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ ដែល​មាន​សភាព​ខ្លាំងក្លា និង​បន្ត​រហូត​ដោយសារ​តែ​ការ​បាត់បង់​កោសិកា​ឈាម ដូច្នេះ​អ្នក​មិន​ត្រូវ​មិន​អើពើ​នៅ​ពេល​មាន​បញ្ហា​អស់កម្លាំង​ដោយ​គ្មាន​មូលហេតុ​នោះ​ទេ ។

៤-​ការ​ឆ្លង​មេរោគ ប្រសិនបើ​អ្នក​មានការ​ឆ្លង​មេរោគ​ក្នុង​រាង​កាយ​ជា​ច្រើន​កន្លែង ជា​ពិសេស​ការ​ឆ្លង​មេរោគ​នៅ​នឹង​ក្រពះ និង​បំពង់ក វា​អាច​ជា​រោគ​សញ្ញា​ស្ងៀមស្ងាត់​នៃ​ជំងឺមហារីក​គ្រាប់​ឈាម ដែល​កំពុង​វាយប្រហារ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។

៥-ហូរ​ឈាម​ច្រើន ប្រសិនបើ​អ្នក​ហូរ​ឈាម​ច្រើន​ខ្លាំង​ក្នុង​ពេល​មក​រដូវ វា​ក៏​អាច​ជា​រោគ​សញ្ញា​នៃ​ជំងឺមហារីក​គ្រាប់​ឈាម​ផង​ដែរ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ជាលិកា​កោសិកា​ឈាម​៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital ប្រែ​សម្រួល៖ សិរីរត្នន៍