តើ​​យំ​បង្ហាញ​ពី​សញ្ញា​អ្វី​ខ្លះ​?​​

  • 2024-03-29 12:54:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យំ គឺ​ជា​បាតុភូត​ធម្មជាតិ​មួយ​កើត​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​​អារម្មណ៍​របស់​​​យើង​មាន​ទាំង​ទុក្ខ​ព្រួយ សោកសៅ និង​រំភើប​រីក​រាយ​ជា​ដើម។​ ​​អ្នក​ចិត្ត​សាស្រ្ត​បច្ចុប្បន្ន​យល់​ឃើញ​ថា​ការ​យំ​ គឺ​ជា​យន្ត​ការ​មួយ​នៃ​ការ​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ស្រ្តេស​ និង​អារម្មណ៍​ឈឺ​ចាប់​។ ក្រៅ​ពី​នេះ​ការ​យំ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​​​ភាព​ជិតស្និទ្ធ ក្ដី​អាណិត​ស្រឡាញ់ និង​ការ​គាំទ្រ​ផង​ដែរ​។

ហូរ​ទឹក​ភ្នែក​មាន​ន័យ​ថា​យំ?

ការ​ហូរ​ទឹក​ភ្នែក​មិន​មែន​មាន​ន័យ​ថា​សុទ្ធ​តែ​យំ​នោះ​ទេ​។ ការ​ហូរ​ទឹក​ភ្នែក​ដែល​កើត​ឡើង​ដោយ​ឯក​ឯង គឺ​កើត​ឡើង​នៅ​ពេល​មាន​ធូលី ​​ឬ​ផ្សេង​ចូល​ភ្នែក ឬ​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ភ្នែក​ស្ងួត​ កុំ​ឲ្យ​មាន​ការ​ឆ្លង​រោគ​ជាដើម ហើយ​ប្រហែល​ជា​៩៨​ភាគ​រយ​នៃ​ទឹក​ភ្នែក​នេះ​ គឺ​ទឹក​។ ចំណែក​ការ​ហូត​ទឹក​ភ្នែក​មួយ​បែប​ទៀត គឺ​ដោយ​សារ​តែ​ការ​រំជួល​ចិត្ត ឬ​យំ​ព្រោះ​ហេតុ​ការណ៍​អ្វី​មួយ ដែល​ការ​យំ​នេះ​ជួយ​បណ្ដេញ​អ័រម៉ូន​ស្រ្តេស និង​សារធាតុ​ពុល​មួយ​ចំនួន​ចេញ​ពី​រាង​កាយ​។ ការ​សិក្សា​រក​ឃើញ​ថា​ពេល​យំ រាង​កាយ​យើង​នឹង​បញ្ចេញ​អ័រម៉ូន​អុកស៊ីតូស៊ីន និង​អ័រម៉ូន​អង់ដូហ្វីន ជួយ​សម្រួល​ការ​ឈឺ​ចាប់​ទាំង​លើ​រាង​កាយ និង​ផ្លូវ​ចិត្ត​។​

តើ​ការ​យំ​បង្ក​ជា​ក្ដី​បារម្ភ​ដែរ​ទេ​?

​ពេល​ខ្លះ​ការ​យំ​មិន​មែន​ជា​សញ្ញា​ល្អ​នោះ​ទេ​ ជា​ពិសេស​បើ​ការ​យំ​កើត​ឡើង​ញឹក​ញាប់​ ឬ​ក៏​យំ​ដោយ​មិន​មាន​ហេតុ​ផល​ច្បាស់​លាស់ ឬ​​ការ​យំ​រំខាន​ដល់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​​ដែល​មិន​អាច​គ្រប់​គ្រង​បាន​។ ផ្ទុយ​មក​វិញ​ក៏​មាន​ដែរ អ្នក​ខ្លះ​ដែល​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ​ គឺ​​យំ​មិន​ចេញ​នោះ​ទេ បើ​ទោះ​​បី​ជា​អ្នក​ទាំង​នោះ​មាន​អារម្មណ៍​ចង់​យំ​ក៏​ដោយ​។ បើ​សិន​ជា​មាន​ករណី​ទាំង​នេះ ជា​ការ​ល្អ​គួរ​ស្វែង​រក​ការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​។​​

ដូច​នេះ បើ​សិន​ជា​យើង​ជួប​រឿង​លំបាក​ណា​មួយ ​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​ ពិបាក​ចិត្ត ​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ខ្មាស​អៀន​ក្នុង​ការ​យំ​នោះ​ទេ។ មនុស្ស​ជា​ច្រើន​តែង​តែ​យំ​នៅ​ពេល​​ជួប​បញ្ហា​សោក​សៅ បាក់​ទឹក​ចិត្ត ហើយ​ការ​យំ​នេះ​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​អ្នក​ទាំង​នោះ​កំពុង​តែ​វិល​ទៅ​រក​សភាព​ល្អ​ប្រសើរ​ឡើង​វិញ​។ ​ពេល​ខ្លះ​មនុស្ស​ប្រុស ឬ​ក្មេង​ប្រុស​ ច្រើន​យល់​ថា​ការ​យំ​ គឺ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​ ប៉ុន្តែ​ការ​យំ​បែរ​ជា​ជួយ​ពួក​គេ​ឲ្យ​កាត់​បន្ថយ​ឥរិយាបថ​អវិជ្ជមាន និង​ជួយ​ឲ្យ​ជីវិត​ពួក​កាន់​តែ​ពេញ​លេញ​។​

ប្រភព៖ healthline ប្រែសម្រួល៖ សុខា