តើអ្វីទៅជា ដុំគីសដៃស្បូន

  • 2024-03-15 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមពិតទៅ ដុំគីសដៃស្បូន ជាដុំទឹកស្រោបដោយស្រោមនៅក្នុង ឬនៅលើផ្ទៃនៃអូវែ ដែលនៅសងខាងស្បូនស្ត្រី។

ក. រោគសញ្ញា៖

  • ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ

  • ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក(Dyspareunia)

  • ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ

  • នោមញឹក ឬក៏ពិបាកនោម

  • អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន

  • ភាគច្រើនវាវិវត្តន៍ធំធាត់ដោយស្ងៀមស្ងាត់

ខ. មូលហេតុ៖

មូលហេតុនៃជំងឺនេះ កើតឡើងទៅតាមប្រភេទនៃគីសនីមួយៗ:

១. Follicular cyst: ដោយវាពុំបានបញ្ចេញពងមេជីវិត។

២. Corpus luteum cyst: ពងមេជីវិតត្រូវបានបញ្ចេញ ប៉ុន្តែរន្ធនោះត្រូវបានបិទជិតវិញ។ ដុំគីសទាំងពីរប្រភេទនេះ(១ និង២)មិនមានបញ្ហាអ្វីទេ វានឹងបាត់ទៅវិញក្នុងរយៈពេល ២ ទៅ ៣ខែ បន្ទាប់។

៣. Dermoidcysts: ផ្សំទៅដោយជាលិការផ្សេងៗដូចជា សក់ ស្បែក ឬក៏ធ្មេញ...។ ករណីនេះកម្រក្លាយជាមហារីកណាស់។

៤. Cystadenomas: ផ្សំដោយទឹករំអិលខាប់ៗ ដែលកើតចេញពីជាលិកាអូវែ

៥. Endometriomas: ផ្សំដោយឈាមរដូវខាប់ៗដែលកើតចេញពីកោសិការអង់ដូម៉ែត និង រីកធំធាត់នៅក្រៅស្បូន។

គ. ផលវិបាក៖

  • ដុំគីសដែលកើតលើស្ត្រីចំណាស់ក្រោយពេលអស់រដូវអាចក្លាយជាមហារីក។

  • Ovarian Torsion គឺដុំគីសដែលរមួលបណ្តាលឲ្យចុកពោះខ្លាំង។

  • Ovarian Rupture គឺដុំគីសដែលបែករហែកបណ្តាលឲ្យចុកពោះខ្លាំង និងមានឈាមដក់ក្នុងពោះ។

ឃ. ការព្យាបាល៖

ការព្យាបាលគឺអាស្រ័យទៅតាម រោគសញ្ញា អាយុស្ត្រី ប្រភេទ និងទំហំគីសៈ

  • ករណីធម្មតា (ប្រភទដុំគីស Follicular cyst និង Corpus luteum cyst): អ្នកជំងឺមិនតម្រូវឲ្យមានការវះកាត់ទេ។

  • ករណីធ្ងន់ធ្ងរ គឺតម្រូវឲ្យធ្វើការវះកាត់ៈ

● ការវះកាត់ដោយបើកពោះ (Laparotomie)

● ការវះកាត់ដោយប្រើឧបករណ៍ចោះ (Laparoscopic): ការវះកាត់ដោយមានស្នាមរបួសតូច មិនសូវមានការឈឺចាប់ និង អាចបានត្រលប់ទៅផ្ទះឆាប់រហ័ស។

ការវះកាត់ទាំងពីរនេះមានប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកដៃស្បូន ជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម