ស្ត្រីពិតជាដើរតួនាទីសំខាន់ក្នុងភាពជាអ្នកដឹកនាំ ក៏ដូចជាក្នុងវិស័យនយោបាយ និងសាធារណៈ
- 2023-11-20 09:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីពិតជាដើរតួនាទីសំខាន់ក្នុងភាពជាអ្នកដឹកនាំ ក៏ដូចជាក្នុងវិស័យនយោបាយ និងសាធារណៈ
ការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនៅក្នុងវិស័យនយោបាយ សារធារណៈនិងសង្គម គឺមានភាពចាំបាច់នៅក្នុងដំណើរការអភិវឌ្ឍអភិបាលកិច្ច និងលទ្ធិប្រជាធិបតេយ្យ។ យើងទាំងអស់គ្នាបានទទួលស្គាល់និងទទួលបាននូវផ្លែផ្កាជាច្រើនពីការចូលរួមនិងភាពជាតំណាងរបស់ស្ត្រីនៅក្នុងសង្គម តាមរយៈសមភាពមូលធនមនុស្ស និងវឌ្ឍនភាពតាមវិស័យនានា ដែលមានសារៈសំខាន់សម្រាប់កំណើតសេដ្ឋកិច្ចនិងការអភិវឌ្ឍ។ តួយ៉ាង ការបង្កើនតំណាងនិងសំលេងរបស់ស្ត្រីជាសមាជិករដ្ឋសភាព អាចជួយជំរុញគោលនយោបាយ ច្បាប់ និងការផ្លាស់ប្តូនៅស្ថាប័ននិតិប្បញ្ញត្តិ នៅទូទាំងប្រទេសនិងតំបន់ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ឆ្លើយតបនិងគោលដៅរបស់អាស៊ាន ឆ្នាំ២០២៥ និងគោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាពឆ្នាំ២០២៣០។
នៅថ្ងៃទី ២០ខែ វិច្ចិកា ឆ្នាំ២០២៣ ក្រសួងកិច្ចការនារី បានរៀបចំវេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំនិងអភិបាលកិច្ច» ក្រោមមូលបទ «ស្ត្រីក្នុងថ្នាក់ធ្វើសេចក្តីសម្រេចក្នុងវិស័យនយោបាយនិងសាធារណៈ» ដែលស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូអនឡាញ។
វេទិកានេះ គឺជាព្រឹត្តិការណ៍ជាតិប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្ដីនិងក្មេងស្រី នៅគ្រប់កម្រិត ទាំងនៅក្នុងវិស័យនយោបាយនិងសាធារណៈ និងស្វែងរកការគាំទ្រមតិពីថ្នាក់ដឹកនាំនិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបណ្តុះឆន្ទៈដល់ស្រ្តីនិងក្មេងស្រីចូលរួមប្រកបដោយសក្តានុពលនិងពេញលេញក្នុងកិច្ចអភិវឌ្ឍ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច ជាពិសេសក្នុងវិស័យនយោបាយនិងសាធារណៈ។ នៅក្នុងវេទិកានេះ មានការចូលរួមធ្វើបទបង្ហាញពីសំណាក់វាគ្មិនកិត្តិយស ដែលអញ្ជើញមកពីរដ្ឋសភា ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិល លើប្រធានបទចំនួនពីរគឺ៖
១.ចែករំលែកបទពិសោធ និងការអនុវត្តល្អៗរបស់ស្រ្តី ក្នុងវិស័យនយោបាយថ្នាក់ជាតិនិងក្រោមជាតិ។
២.ការលើកកម្ពស់ និងកត្តាជំរុញនានា សម្រាប់ស្រ្ដីក្នុងការចូលរួមនៅក្នុងវិស័យសាធារណៈ ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ជាពិសេសបរិបទបរិវត្តកម្មឌីជីថល និងការរៀបចំរដ្ឋាភិបាលឌីជីថល។ និងមានសមាសភាពចូលរួម ដែលអញ្ជើញមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង-ស្ថាប័ន អង្គទូតនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អ្នកសិក្សាស្រាវជ្រាវ ដៃគូពាក់ព័ន្ធ និងវិស័យឯកជន ព្រមទាំងថ្នាក់ដឹកនាំនិងក្រុមការងារនៃក្រសួងកិច្ចការនារី សរុបចំនួនប្រមាណ១,៨០០រូប (ចូលរួមផ្ទាល់ចំនួនប្រមាណ៣០០រូប, និងចូលរួមតាមប្រព័ន្ធវីដេអូអនឡាញចំនួនប្រមាណ១,៥០០រូប)។
ក្នុងនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងក្នុងពិធីបើកវេទិកាជាតិ ដោយបានលើកឡើងថា «យោងតាមលទ្ធផលនៃការអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី និងតាមការស្រាវជ្រាវបានបង្ហាញថា ការចូលរួមស្របច្បាប់ និងពេញលេញរបស់ស្ត្រីនៅក្នុងការធ្វើសេចក្តីសម្រេច និងអភិបាលកិច្ច អាចធ្វើឲ្យគោលនយោបាយ ច្បាប់ និងកម្មវិធីនានា កាន់តែឆ្លើយតបទៅនិងតម្រូវការរបស់ប្រជាជន ជាពិសេសបញ្ហាសុខុមាលភាពគ្រួសារ និងសង្គម ដែលជាមូលដ្ឋានគ្រឹះ ក្នុងការកាត់បន្ថយភាពក្រីក្រ ហើយឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន»។
លោកស្រី អ៊ឹង កន្ថាផាវី លើកឡើងបន្ថែមថា៖ « មកដល់ពេលនេះ មានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ-អន្តរជាតិ និងលើកកម្ពស់តួនាទីស្រ្តី គឺ
កម្ពុជាកំពុងស្ថិតក្នុងចំណោមប្រទេសទាំង១០ ក្នុងពិភពលោក ដែលបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សរ៏លើសុខភាពកុមារ។
កម្ពុជាកំពុងឆ្ពោះទៅសម្រេចបានសមភាពយេនឌ័រ ក្នុងការអប់រំកម្រិតបឋម និងមធ្យមសិក្សា
យោងតាមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ កម្ពុជា មានលំដាប់លេខ៤១ ក្នុងចំណោម ១៤៦ប្រទេស ដែលស្ត្រីចូលរួមយ៉ាងសកម្មនៅក្នុងវិស័យសេដ្ឋកិច្ច។
អត្រាអំពើរហិង្សាលើស្ត្រីមានការថយចុះ ពី២៩% នៅឆ្នាំ២០១៤ មក ២១% នៅឆ្នាំ២០២១។
នៅក្នុងវិស័យសារធារណៈនិងនយោបាយ បច្ចុប្បន្នស្រីជាប្រធានរដ្ឋសភា មាន១៧រូប និងសមាជិការដ្ឋសភា មាន២រូប។
ស្ត្រីត្រូវបានផ្តល់តម្លៃ និងទទួលស្គាល់នៅសហគមន៏អន្តរជាតិ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសអាស៊ាន និងទី១៣ ក្នុងចំណោម១២០ប្រទេសដែលបានបញ្ជូលទាហានស្រ្តីក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្រាប់កម្ពុជា រយៈពេល២០ឆ្នាំកន្លងមកនេះ និងយុទ្ធសាស្រ្តចតុកោណទាំង៤តំណាក់កាល រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ» តាមរយៈការអនុវត្តគោលនយោបាយលើកកម្ពស់ សមភាពយេនឌ័រ ដែលអនុញ្ញាតឲ្យស្ត្រីបានចូលរួមយ៉ាងពេញលេញដូចបុរសនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេស។
ក្រៅពីនេះ ការលើកកម្ពស់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំគ្រប់កម្រិត ត្រូវបានចាត់ទុកជាចំណុចអាទិភាពក្នុងគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព ផែនការយុទ្ធិសាស្ត្រអភិវឌ្ឍន៏ជាតិ ផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ គោលនយោបាយតាមវិស័យ ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីវិមជ្ឍការនិងវិសហមជ្ឍការ រួមទាំងនៅក្នុងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ នៅតាមវិស័យគ្រប់ក្រសួង ស្ថាប័ន។