ហេតុអ្វីពេលមិនបានញ៉ាំកាហ្វេ អ្នកខ្លះមានអាការៈឈឺក្បាល?
- 2023-10-31 23:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីពេលមិនបានញ៉ាំកាហ្វេ អ្នកខ្លះមានអាការៈឈឺក្បាល?
អ្នកនិយមញ៉ាំកាហ្វេមួយចំនួនអាចសម្គាល់ដឹងដោយខ្លួនឯងថាបើថ្ងៃណាមួយខកខានញ៉ាំកាហ្វេ ឬញ៉ាំកាហ្វេយឺតម៉ោងជាងធម្មតាអាចមានអាការៈឈឺក្បាល។ បើធៀបទៅនឹងអាការៈឈឺក្បាលដោយបញ្ហាផ្សេង អាការៈឈឺក្បាលដោយខ្វះជាតិកាហ្វេអ៊ីនងាយសម្គាល់ និងងាយព្យាបាលជាង។
ជាតិកាហ្វេអ៊ីនអាចបង្រួមសរសៃឈាមនៅក្នុងខួរក្បាល។ នៅពេលមួយយើងមិនបានញ៉ាំកាហ្វេ សរសៃឈាមនឹងរីកធំ។ ការណ៍នេះអាចធ្វើឲ្យលំហូរឈាមកើនឡើង ដែលអាចនាំឲ្យយើងមានអាការៈឈឺក្បាល អស់កម្លាំង ឬផ្ចង់អារម្មណ៍មិនបានល្អក៏មាន។
មានវិធីមួយចំនួនអាចជួយសម្រួលអាការៈឈឺក្បាលដោយសារខ្វះជាតិកាហ្វេនេះបាន។ គ្នាយើងអាចសាកអនុវត្តបើសិនជាថ្ងៃណាមួយដាច់កាហ្វេមិនអាចរកទិញបាន ឬភ្លាត់មិនបានញ៉ាំជាដើម។
ញ៉ាំទឹក៖ ការរក្សាជាតិទឹកក្នុងរាងកាយបានគ្រប់គ្រាន់ជាវិធីមួយជួយការពារអាការៈឈឺក្បាលដោយសារខ្វះជាតិកាហ្វេអ៊ីន។ដូចគ្នាដែរ ការរក្សាជាតិទឹកក្នុងខ្លួនបានគ្រប់គ្រាន់ក៏ជួយកាត់បន្ថយអាការៈឈឺក្បាលប្រកាំងផងដែរ។
ញ៉ាំថ្នាំ៖ ថ្នាំបំបាត់ការឈឺចាប់មួយចំនួនដែលមានលក់ដោយមិនត្រូវការវេជ្ជបញ្ជាក៏អាចជួយសម្រួលអាការៈឈឺក្បាលប្រភេទនេះបានដែរ។ សាកសួរឱសថការីអំពីថ្នាំប្រភេទនេះ និងការប្រើប្រាស់។
សម្រាក៖ បើសិនជាអាច គួររកកន្លែងសម្រាកបន្តិច ពិសេសសម្រាកក្នុងបន្ទប់ដែលមានសភាពងងឹតមិនមានពន្លឺរំខានខ្លាំង។ ការសម្រាកអាចរួមចំណែកជួយបន្ថយអាការៈឈឺក្បាល។
ស្អំទឹកកក៖ ការស្អំទឹកកកក៏ជាវិធីជួយសម្រួលអាការៈមួយដែរ ដោយសារតែទឹកកកផ្លាស់ប្ដូរលំហូរឈាមក្នុងខួរក្បាល និងសម្រាលបញ្ហាស្ពឹកមួយចំនួននៅផ្នែកក្បាល។
សម្រាប់គ្នាយើងដែលមានទម្លាប់ញ៉ាំការហ្វេច្រើនកែវ ឬពែងក្នុងមួយថ្ងៃ ហើយចង់កាត់បន្ថយចំនួនកាហ្វេដែលត្រូវញ៉ាំ គឺមិនត្រូវកាត់ផ្ដាច់ដោយបង្ខំ ឬទាំងស្រុងភ្លាមៗនោះទេ។ ជាការណែនាំ យើងអាចសាលល្បងកាត់បន្ថយម្ដង២៥ភាគរយនៃចំនួនកាហ្វេ ដែលយើងញ៉ាំជាប្រចាំថ្ងៃនៅមួយសប្ដាហ៍ដំបូង និងបន្តបន្ទាប់។ ឧទាហរណ៍ថាយើងមានទម្លាប់ញ៉ាំកាហ្វេបួនពែងក្នុងមួយថ្ងៃ ដូចនេះនៅសប្ដាហ៍ទី១ យើងគួរបន្ថយមកត្រឹមបីពែង និងអាចបន្តបន្ថយបន្ថែមទៀតនៅសប្ដាហ៍បន្ទាប់។