ការធាត់លើសទម្ងន់អាចបង្កឲ្យមានបញ្ហាឈឺសន្លាក់
- 2023-09-28 04:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការធាត់លើសទម្ងន់អាចបង្កឲ្យមានបញ្ហាឈឺសន្លាក់
ជំងឺរលាកសន្លាក់ឆ្អឹង(OA)ជាផ្នែកមួយនៃបញ្ហារលាកសន្លាក់ដែលមនុស្សជាច្រើនលាននាក់លើពិភពលោកកំពុងជួបប្រទះ។ ថ្វីបើជំងឺនេះអាចបណ្ដាលមកពីមូលហេតុផ្សេង តែថ្ងៃនេះកញ្ញា លើកយកតែបញ្ហាមួយប៉ុណ្ណោះមកបញ្ហាញ។ ជំងឺរលាកសន្លាក់ អាចកើតឡើងពីបញ្ហាធាត់លើសទម្ងន់។
អ្នកជំនាញលើកឡើងថាពេលទម្ងន់ខ្លួនយើងកើនឡើងប្រហែលជា១០ផោន (ប្រហែល៤គីឡូកន្លះ) នឹងដាក់សម្ពាធបន្ថែមលើជង្គង់ពី១៥ផោនទៅ៥០ផោន (ពីជិត៧គីឡូ ទៅជាង២២គីឡូក្រាម)។ ដោយសារតែបែបនេះហើយដែលអាចជាមូលហេតុនាំឲ្យយើងមានជំងឺរលាកសន្លាក់ឆ្អឹង ឬធ្វើឲ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។
ទម្ងន់ខ្លួនកើនឡើងគឺជាការដាក់បន្ទុកបន្ថែមកាន់តែខ្លាំងលើសន្លាក់។ កាលណាទម្ងន់ខ្លួនកាន់តែកើនឡើងការសង្កត់និងការបំផ្លាញសន្លាក់ជង្គង់ក៏អាចកើតមានកាន់តែខ្លាំងដែរ។ ការដាក់សម្ពាធលើសន្លាក់ជង្គង់មានកាន់តែខ្លាំងនៅពេលយើងដើរឡើងចុះជណ្ដើរ ឬលើកដាក់របស់អ្វីមួយ។
ដូចគ្នាដែរ អ្នកដែលធាត់លើសទម្ងន់ក៏មានខ្លាញ់ច្រើនដែរ។ ពេលខ្លះពពួកប្រូតេអ៊ីនដែលកោសិកាខ្លាញ់ផលិត និងបញ្ចេញទៅក្នុងរាងកាយក៏អាចបង្កជាការរលាកដែរ។ ខ្លាញ់បង្កើនការរលាកទៅលើសន្លាក់ដែលកំពុងរងសម្ពាធខ្លាំង។ ពិសេសអ្នកមានជំងឺរលាកឆ្អឹងសន្លាក់ស្រាប់ខ្លាញ់នឹងធ្វើឲ្យស្ថានភាពជំងឺកាន់តែយ៉ាប់យឺន។
ខ្លាញ់គឺជាសារធាតុគីមីសកម្ម និងបញ្ចេញប្រូតេអ៊ីនបង្កការរលាកជាប្រចាំ។ ប្រូតេអ៊ីននេះធ្វើដំណើរពេញទាំងរាងកាយ និងធ្វើឲ្យមានការរលាកតិចតួចនៅគ្រប់កន្លែង រួមទាំងនៅសន្លាក់ផង។ ការរលាកកម្រិតស្រាលដែលនៅតែបន្តកើតមានអាចនឹងធ្វើឲ្យសន្លាក់របស់យើងវិវត្តទៅរកជំងឺរលាកឆ្អឹងសន្លាក់។
សម្រាប់អ្នកមានបញ្ហាលើសទម្ងន់ពេលមួយដែលកើតមានជំងឺរលាកឆ្អឹងសន្លាក់នៅសន្លាក់ណាមួយ វាក៏នឹងមានឱកាសកាន់តែខ្ពស់ក្នុងការកើតជំងឺនេះនៅលើសន្លាក់ផ្សេងទៀតដែរ។ ជាឧទាហរណ៍ អ្នកធាត់ម្នាក់កំពុងមានជំងឺរលាកឆ្អឹងសន្លាក់ គឺមានអត្រារលាកសន្លាក់ជង្គង់មួយទៀតប្រាំដងខ្ពស់ជាងអ្នកមានទម្ងន់ដងខ្លួនធម្មតា។
ជំងឺរលាកឆ្អឹងសន្លាក់អាចវិវត្តទៅរកសភាពអាក្រក់កាន់តែលឿន និងធ្ងន់ធ្ងរផងដែរសម្រាប់អ្នកធាត់លើសទម្ងន់ បើធៀបទៅនឹងអ្នកមានទម្ងន់ខ្លួនតិច។ អ្នកដែលមានបញ្ហាធាត់លើសទម្ងន់ក៏ទំនងជាប្រឈមនឹងការវះកាត់ប្ដូរត្រគាក និងជង្គង់ដែរ ហើយអ្នកទាំងនោះក៏អាចប្រឈមនឹងផលវិបាកច្រើនដែរពេលវះកាត់ ហើយលទ្ធផលក៏មិនសូវល្អដូចគ្នា។
ជារឿងល្អ បញ្ហារលាកសន្លាក់នេះអាចទប់ស្កាត់បាន ឬកាត់បន្ថយការវិវត្តទៅមុខបានដោយគ្រាន់តែយើងសម្រកទម្ងន់ឲ្យនៅទាបជាងទម្ងន់ខ្លួនបច្ចុប្បន្ន។ សម្រាប់អ្នកកំពុងមានបញ្ហាឈឺសន្លាក់ ការសម្រកទម្ងន់បាន១០ភាគរយ អាចកាត់បន្ថយបញ្ហាឈឺសន្លាក់បានប្រហែល៥០ភាគរយ។ ចំណែកពេលយើងអាចសម្រកបានរហូតដល់២០ភាគរយ ការឈឺចាប់លើសន្លាក់នឹងកាត់បន្ថយ២៥ភាគរយបន្ថែមទៀត ឬច្រើនជាងនេះ។ អ្នកជំនាញថាការសម្រកទម្ងន់នេះអាចជួយពន្យឺត ឬបញ្ឈប់ការវិវត្តរបស់ជំងឺផងដែរ។