ការញ៉ាំកាហ្វេរាល់ថ្ងៃអាចធ្វើឲ្យយើងញៀននឹងជាតិកាហ្វេអ៊ីន?
- 2023-09-26 04:02:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការញ៉ាំកាហ្វេរាល់ថ្ងៃអាចធ្វើឲ្យយើងញៀននឹងជាតិកាហ្វេអ៊ីន?
បើសិនជាគ្នាយើងណាម្នាក់ពិបាកផ្ចង់អារម្មណ៍ធ្វើការនៅព្រឹកៗឡើងដោយសារមិនទាន់បានញ៉ាំកាហ្វេ នោះក៏មិនចម្លែកដែរ មានអ្នកផ្សេងជាច្រើនទៀតក៏ទំនងជាដូចគ្នាអីចឹងដែរ។
កាហ្វេអ៊ីនក៏ត្រូវបានគេប្រើនៅក្នុងឱសថច្រើនដែរនៅលើពិភពលោក។ មនុស្សជាច្រើនបានចាត់ទុកថាការញ៉ាំកាហ្វេ ឬការអត់កាហ្វេមិនបានគឺជារឿងធម្មតាដែលសង្គមទាំងមូលទទួលយកបាន។ តស់ស្វែងយល់នៅទីនេះដើម្បីដឹងថាញ៉ាំកាហ្វេពិតជាធ្វើញៀនមែនឬអត់?
កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន ដែលជាសមាធាតុរំញោចធម្មជាតិមួយដែលគេក៏ឃើញមានចំនួនតិចតួចដែរនៅក្នុងតែ សូកូឡា និងភេសជ្ជៈមួយចំនួន។ ជាតិកាហ្វេអ៊ីនមានឥទ្ធិពលលើរាងកាយយើងលើចំណុចផ្សេងៗដូចជាបង្កើនការធ្វើមេតាប៉ូលិស ផ្ដល់ថាមពល និងជំនួយស្មារតី។
ដូចគ្នាដែរ កាហ្វេអ៊ីនក៏មានឥទ្ធិពលលើខួរក្បាលដែរ ដែលវាអាចជួយឲ្យយើងមានស្មារតីល្អ ផ្ចង់អារម្មណ៍បានល្អ និងជំរុញដល់ការធ្វើការងារផងដែរ។
បរិមាណកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេមានផ្សេងៗគ្នា។ ប្រភេទកាហ្វេខ្លះក្នុងចំណុះមួយពែងមានការហ្វេអ៊ីនត្រឹម៣០មិល្លីក្រាម និងខ្លះអាចមានរហូតដល់ជាង៣០០មិល្លីក្រាមក៏មាន។ យ៉ាងណាការញ៉ាំកាហ្វេដែលមានជាតិកាហ្វេអ៊ីនត្រឹម១០០មិល្លីក្រាមគឺអាចធ្វើឲ្យយើងសម្គាល់ដឹងពីឥទ្ធិពលរបស់វាហើយ។ ពេលយើងញ៉ាំកាហ្វេ វាត្រូវការពេលប្រហែលពី៣០ទៅ៦០នាទីដើម្បីចូលទៅក្នុងឈាមក្នុងកម្រិតអតិបរមា។ ឥទ្ធិពលកាហ្វេអាចមានចន្លោះពី៣ទៅ៩ម៉ោងអាស្រ័យលើបុគ្គលម្នាក់ៗ។
ដូចទៅនឹងសារធាតុញៀនផ្សេងទៀតដែរ កាហ្វេអ៊ីនក៏អាចធ្វើឲ្យញៀនដូចគ្នា។ ការញៀននេះអាចមកពីយើងបានញ៉ាំជាតិកាហ្វេអ៊ីនទៀងទាត់ ហើយសារធាតុនេះកែប្រែសារធាតុគីមីមួយចំនួននៅក្នុងខួរក្បាលរបស់យើង។
ជាឧទាហរណ៍ ខួរក្បាលយើងអាចនឹងចាប់ផ្ដើមផលិតធ្មួល adenosine កាន់តែច្រើន ដើម្បីជំនួសឲ្យធ្មួលផ្សេងដែលត្រូវបិទដោយសារកាហ្វេអ៊ីន។ ជាលទ្ធផលចំនួនធ្មួលកាន់តែច្រើន ក៏តម្រូវឲ្យយើងញ៉ាំជាតិកាហ្វេអ៊ីនក៏ច្រើនដើម្បីបំពេញគ្នា។ ហេតុនេះនៅពេលយើងញ៉ាំកាហ្វេយូរៗទៅយើងក៏កាន់តែស៊ាំទៅនឹងជាតិកាហ្វេអ៊ីន។
ផ្ទុយមកវិញនៅពេលយើងមិនបានញ៉ាំកាហ្វេនឹងធ្វើឲ្យខួរក្បាលយើងមានធ្មួល adenosine សេរីកាន់តែច្រើន ដែលជាហេតុនាំឲ្យយើងមានអារម្មណ៍ថាអស់កម្លាំង។ ពេលយើងញ៉ាំកាហ្វេរាល់ថ្ងៃនឹងធ្វើឲ្យយើងមានអារម្មណ៍ថាចង់ញ៉ាំឬញៀនទៅនឹងកាហ្វេ ហើយការញ៉ាំកាហ្វេជាប្រចាំនេះទៀតសោតក៏ធ្វើឲ្យយើងមានទម្លាប់ ឬបង្កើតជាទម្លាប់ក្នុងការញ៉ាំកាហ្វេផងដែរ។ មួយវិញទៀតដោយសារតែការញ៉ាំកាហ្វេធ្វើឲ្យយើងមានអារម្មណ៍ល្អ ទើបធ្វើឲ្យយើងចេះតែចង់ញ៉ាំហើយញ៉ាំទៀតរាល់ថ្ងៃបែបនេះ។
ខុសពីសារធាតុញៀនផ្សេង កាហ្វេ និងកាហ្វេអ៊ីនមានគុណប្រយោជន៍ដល់សុខភាពមួយចំនួន។ គុណប្រយោជន៍ទាំងនោះមានដូចជាជំរុញដល់ដំណើរការខួរក្បាល ជួយឲ្យមានអារម្មណ៍ល្អ ជួយដល់ការធ្វើមេតាប៉ូលិសរាងកាយ ជួយបង្កើនថាមពល និងត្រូវគេជឿថាអាចជួយកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមផងដែរ។
ចុះអ្នកណាខ្លះមិនគួរ ឬគួរកាត់បន្ថយជាតិកាហ្វេអ៊ីន? ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមានបញ្ហាធ្វើមេតាប៉ូលិសជាតិកាហ្វេអ៊ីនយឺតគួរតែកម្រិតការញ៉ាំកាហ្វេ ឬអាហារមានជាតិកាហ្វេអ៊ីន។ សម្រាប់អ្នកដែលកំពុងមានជំងឺប្រចាំកាយមួយចំនួនក៏គួរកម្រិតការញ៉ាំកាហ្វេដែរ ឬត្រូវប្រឹក្សាជាមួយគ្រូពេទ្យមុននឹងញ៉ាំកាហ្វេ ឬអាហារមានជាតិកាហ្វេអ៊ីន។