គួរប្រយ័ត្ន! ពាក្យសម្តី និងការរក្សាពាក្យសម្តី
- 2023-09-06 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរប្រយ័ត្ន! ពាក្យសម្តី និងការរក្សាពាក្យសម្តី
នៅក្នុងជីវិតប្រចាំថ្ងៃ ពេលខ្លះឪពុកម្តាយរបស់យើងមិនបានប្រាប់រឿងមួយចំនួនដល់យើងនោះទេ គឺមានតែការស្វែងយល់ដោយខ្លួនឯង ពីគ្រប់មនុស្សនៅជុំវិញខ្លួនយើង។ ដូចនេះយើងធំៗអស់ហើយត្រូវរៀនស្វែងយល់លើពាក្យសម្តីមួយចំនួនដែលល្អរឺមិនល្អ ពេលនិយាយទៅកាន់នរណាម្នាក់។
រឿងពាក្យសម្តីគឺជារឿងសំខាន់មួយរបស់មនុស្ស យើងគួរប្រយ័ត្នសម្តី២យ៉ាងគឺ ទី១ មុនពេលនិយាយត្រូវគិតមុខក្រោយឲ្យច្បាស់សិន ទី២ បើនិយាយទៅហើយត្រូវរក្សាពាក្យសម្តី។ សម្តីដែលនិយាយចេញទៅហើយជាចៅហ្វាយនាយរបស់យើង ត្រូវបង្ខំឲ្យយើងត្រូវធ្វើតាម ដូចជាបានសន្យាអ្វីមួយជាមួយអ្នកណាម្នាក់ហើយ ត្រូវធ្វើឲ្យបានដូចដែលបានសន្យា មិនថាត្រូវចំណាយដើមទុន ចំណាយកម្លាំងប៉ុនណាទេ ទោះជាត្រូវស្លាប់ក៏ព្រមដែរ ដើម្បីរក្សាពាក្យសម្តី។
រឿងពាក្យសម្តីគេប្រកាន់ណាស់ បើខូចរឿងពាក្យសម្តីទៅហើយនោះ ទោះបីអ្វីផ្សេងយ៉ាងណាក៏អាក្រក់ទៅជាមួយដែរ។ ដូចដែលគេថា អស់ប្រជាប្រិយភាពនោះ រឺចាស់បុរាណបានពោលថា «មនុស្សគេយកសម្តី ដំរីគេយកភ្លុក»។ ដូចនេះពេលកូនគិតថា «ខ្លួនឯងត្រូវពិបាកព្រោះរក្សាពាក្យសម្តី ក៏កុំទៅសន្យាជាមួយអ្នកណាងាយៗអី» ។ចូរពិចារណាឲ្យច្បាស់សិនថា ពេលសន្យាជាមួយគេហើយ តើយើងអាចធ្វើបែបនោះបានដែរទេ អាចមានរឿងនៅពេលក្រោយទេ គិតឲ្យច្បាស់គិតឲ្យបានម៉ត់ចត់ជាមុនសិន។ បើសិនយល់ថា អាចធ្វើបាននោះចាំសន្យាជាមួយគេ ទើបជាមនុស្សត្រឹមត្រូវ ហើយមិនចាញ់បោកនរណាងាយដែរ។
មនុស្សបើរក្សាពាក្យសម្តីមិនបានហើយនោះ តើអាចទៅរក្សាអ្វីបាននោះ ព្រោះសម្តីនៅក្នុងខ្លួនយើងសោះរក្សាទុកមិនគង់ផង ចុះរបស់ផ្សេងនៅខាងក្រៅរក្សាបានយ៉ាងម៉េចទៅ។ ដូចនេះទើបកូនពិចារណាឲ្យច្បាស់មុននិយាយ មុនពេលសន្យាជាមួយអ្នកណា ហើយកុំជាមនុស្សភ្លេចសម្តីងាយៗ រក្សាពាក្យសច្ចៈឲ្យល្អ មនុស្សរក្សាពាក្យសច្ចៈទោះបីស្លាប់ទៅហើយ ក៏នៅតែមានគេសរសើរមិនឈប់ដែរ។
«អ្នកមិនរក្សាពាក្យសច្ចៈ ទោះបីរត់រួចខ្លួនមួយពេល តែដល់ពេលមានអាសន្នអន់ក្រនោះ ក៏គ្មានអ្នកណាមករវល់អ្វីដែរ ត្រូវតែឯកោនៅតែម្នាក់ឯង»៕
ប្រភព៖ សៀវភៅ ពាក្យទូន្មានរបស់ឪពុកម្តាយ