កូនៗចងចាំថា «ចូរប្រើលុយ កុំឲ្យលុយប្រើយើង»

  • 2023-09-04 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូនសម្លាញ់! សម័យនេះនរណាៗក៏ចាត់ទុកលុយជាព្រះជាម្ចាស់ដែរ ព្រោះយល់ថាលុយអាចធ្វើឲ្យអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការបាន ហើយទិញបានសូម្បីតែចិត្តមនុស្ស។ ទើបមនុស្សសព្វថ្ងៃនេះ ព្យាយាមរកលុយគ្រប់វិធីសាស្ត្រ ទោះបីត្រូវធ្វើខុសធ្វើអាក្រក់ ទោះបីសាងបាបកម្មឲ្យអ្នកផ្សេងគេពិបាកក៏ដោយ ក៏ព្រមធ្វើឲ្យបានលុយមកដែរ ទើបពិភពក្តៅស្ទើរតែក្លាយទៅជាភ្លើងទៅហើយ។

លុយវាសំខាន់ក៏ពិតមែនកូន តែកុំផ្តល់ភាពសំខាន់ចំពោះលុយដល់ថ្នាក់ភ្លេចអំពើរល្អ ភ្លេចគុណធម៌ ហើយភ្លេចពីភាពត្រឹមត្រូវ។ បើយើងផ្តល់ភាពសំខាន់ចំពោះលុយពេក នោះលុយក៏មកធ្វើជាចៅហ្វាយរបស់យើង។ បើលុយជាចៅហ្វាយហើយ នោះលុយនឹងបង្ខំឲ្យយើងធ្វើនេះធ្វើនោះ។ កូនមើលខ្លួនឯងក៏បាន ពេលគ្មានលុយ កូនគ្មានចង់បានអ្វីច្រើននោះទេ ចង់បាន ចង់ញ៉ាំ ចង់ទិញ ចំពោះរបស់ណាដែលចាំបាច់តែប៉ុណ្ណោះ តែពេលមានលុយ ចង់ញ៉ាំ ចង់ប្រើរបស់ល្អៗ ប្លែកៗ ត្រូវលុយបង្ខំឲ្យធ្វើដោយមិនដឹងខ្លួន។

មនុស្សយើងពេលអត់មានលុយ មានពេលវេលាសម្រាកសម្រួលពេញយប់ ពេលមានលុយបែរជាគ្មានពេលវេលា ហើយសម្រាកក៏បានតិច សូម្បីរកពេលញ៉ាំបាយឲ្យឆ្ងាញ់នោះក៏ពិបាកដែរ។ កាលដែលមានលុយតិច មានពេលនៅជាមួយគ្រួសារ តែពេលមានលុយច្រើន បែរជាគ្មានពេលនៅជាមួយគ្រូសារទៅវិញ ធ្វើឲ្យគ្រួសារខ្វះភាពកក់ក្តៅ។ នេះហើយកូនអើយ លុយវាប្រើយើងព្រោះយើងទៅឈ្លក់វង្វេងជាមួយវា អ្នកខ្លះពេលមានលុយាក៏បែកគំនិតគិតរឿងធំ ហ៊ានបញ្ជា ឲ្យសម្លាប់មនុស្សក៏មាន ចិញ្ចឹងមអ្នកលេងក៏មានដែរ លុយប្រើឲ្យធ្វើទាំងអស់ បើគ្មានលុយ គេអាចមិនធ្វើបែបនេះនោះទេ រឺធ្វើមិនកើតទៀតផង។

ដូចនេះ «ចូរកូនកុំឲ្យលុយធ្វើជាចៅហ្វាយមកប្រើយើង យើងត្រូវធ្វើជាចៅហ្វាយរបស់លុយ» យើងជាអ្នកប្រើលុយ ហើយប្រើក្នុងផ្លូវដែលត្រឹមត្រូវទើបមិនពិបាកនៅពេលក្រោយ។

ប្រភព៖«សៀវភៅពាក្យទូន្មានរបស់ឪពុកម្តាយ»

អត្ថបទ៖ Tep Sovannmoly