រាង​កាយ​ខ្វះ​សារជាតិចិញ្ចឹមទាំង​បី​នេះ​អាច​ធ្វើ​ឲ្យ​សក់​ជ្រុះ

  • 2023-09-01 07:36:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សក់​ជ្រុះ​អាច​មក​ពី​មូ​ល​ហេតុ​ច្រើន​យ៉ាង ដូច​ជា​បញ្ហា​អ័រម៉ូន ការ​ប្រើ​ប្រាស់​ថ្នាំ​ ឬ​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​។ យ៉ាង​ណា​ក្នុង​អត្ថបទនេះ កញ្ញា នឹង​លើក​យក​សារធាតុចិញ្ចឹម​​បី​សំខាន់​សម្រាប់​សុខ​ភាព​សក់ ហើយ​បើ​រាង​កាយ​ខ្វះ​សារធាតុចិញ្ចឹម​​ទាំង​បី​នេះ ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​ដែរ​។​

១. កង្វះ​ជាតិ​ដែក

ជាតិ​ដែក​​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខ​ភាព​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ល្អ​សម្រាប់​សក់​ផង​ដែរ។ អ្នក​មាន​បញ្ហា​ខ្វះ​ជាតិ​ដែក​មិន​ត្រឹម​តែ​អាច​ប្រឈម​នឹង​បញ្ហា​ស្លេក​ស្លាំង​ប៉ុណ្ណោះទេ តែ​ក៏​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​ដូច​គ្នា​។ ជាតិ​ដែក​ជួយ​ឲ្យ​សក់​មាន​សុខ​ភាព​រឹង​មាំ ភ្លឺរលួង ​ជួយ​ចិញ្ចឹម​គល់​សក់​ និង​ធ្វើ​ឲ្យ​សក់​លូត​លាស់​បាន​លឿន​។ បើ​ខ្វះ​ជាតិ​ដែក សក់​នឹង​បាត់​បង់​នូវ​អ្វី​ទាំងនេះ និង​អាចនាំ​ឲ្យ​ជ្រុះ​​។ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ដូច​ជា​បង្គា ខាត់ណា​ខៀវ ស៊ុត សាច់មាន់ សាច់គោ និង​តៅហ៊ូ​ ជា​ដើម សុទ្ធ​តែ​ល្អ​ចំពោះ​សុខ​ភាព​សក់​។​

២. កង្វះ​វីតាមីន D

កង្វះ​វីតាមីន​ D ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​សក់ជ្រុះ​បាន​ដែរ ព្រោះ​ថា​វីតាមីន​មួយ​នេះ​មាន​នាទី​សំខាន់​ក្នុង​ការ​ជួយ​ឲ្យសក់​លូត​លាស់​បាន​ល្អ​។ វីតាមីន​ D ជួយ​ឲ្យ​រាង​កាយ​ស្រូប​កាល់​ស្យូម​បាន​ល្អ ដែលកាល់​ស្យូម​មាន​នាទី​ជួយ​ឲ្យ​សក់​លូត​លាស់​ល្អ និង​រក្សា​សក់​ឲ្យ​មាន​សុខ​ភាព​ល្អ។ ករណី​ខ្វះ​វីតាមីន D ក៏​នឹង​បង្ក​ការ​រំខាន​ដល់​ការ​លូត​លាស់​របស់​សក់​ផង​ដែរ។ ញ៉ាំ​អាហារ​សម្បូរ​វីតាមីន D ដើម្បី​ឲ្យ​សក់​មាន​សុខ​ភាព​ល្អ ដែល​អាហារ​ទាំង​នោះ​មាន​ដូច​ជា​ខ្លាញ់​ត្រី​ ស៊ុត និង​ទឹក​ដោះ​គោ​បន្ថែម​វីតាមីន D ជា​ដើម​។​

៣. កង្វះ​ប្រូតេអ៊ីន​

ប្រូតេអ៊ីន​ក៏​ជា​សារជាតិ​ចិញ្ចឹម​ដែល​មាន​សារៈសំខាន់​ក្នុងការ​ធានា​ឲ្យ​សក់​មាន​សុខ​ភាព​ល្អ និង​លូត​លាស់​បាន​ល្អ​ដូច​គ្នា​។ កង្វះ​ប្រូតេអ៊ីន នឹង​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ជ្រុះ​សក់​ដែរ​។ សក់​កើត​ឡើង​ដោយ​មាន​ការ​រួម​ផ្សំ​នៃ​ប្រូតេអ៊ីន​ដែល​មាន​ឈ្មោះ​ថា Karatin ហើយ​​របបអាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន​គឺ​មាន​ផ្ទុក​អាស៊ីតអាមីណូ ដែល​អាស៊ីត​នេះ​ជួយ​ដល់​សុខ​ភាព​សក់​។​ ញ៉ាំ​អាហារ​មាន​ប្រូតេអ៊ីន​គ្រប់​គ្រាន់​ជួយ​ឲ្យ​សក់​រឹង​មាំ និង​មាន​សុខ​ភាព​ល្អ​។ អាហារ​សម្បូរ​ប្រូតេអ៊ីន​​មាន​ដូច​ជា​​សាច់​មាន់ សាច់ក្រហម ស៊ុត និង​តៅហ៊ូ ជា​ដើម​។ យ៉ាងណា ការ​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន​ច្រើន​លើស​កម្រិត​ក៏​អាច​មាន​ផល​អវិជ្ជមាន​ដល់​សក់​វិញ​ដែរ ដូច​នេះ​គួរ​ញ៉ាំ​ក្នុង​កម្រិត​សម​ល្មម​។​

ប្រភព៖ webmd | healthline អត្ថបទ៖ ទូច សុខា