ទារកកើតមិនគ្រប់គីឡូ អាចប្រឈមបញ្ហាអ្វីខ្លះ?

  • 2023-08-25 02:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម៉ាក់ៗកំពុង​ពពោះ​មួយ​ចំនួន​អាច​ប្រឈម​នឹង​កូន​កើត​មិនគ្រប់​គីឡូ​។ បញ្ហាកូនមិនគ្រប់គីឡូ ជាបញ្ហាដែលបណ្តាលមកពីកត្តាផ្សេងៗ និងនាំមកជាមួយនឹងបញ្ហាប្រឈមមួយចំនួន។ ថ្ងៃនេះ កញ្ញានឹងនាំម៉ាក់ៗប៉ាៗ មកស្វែងយល់អំពីបញ្ហា​ទារកកើតមិនគ្រប់គីឡូ។

តើកូនកើតមកប៉ុន្មានគីឡូទើបគ្រប់?

ជាទូទៅ ទារកធម្មតាមានទំងន់ចាប់ពី ២,៥គីឡូក្រាម ឡើងទៅ។ ទារកមានគីឡូមិនគ្រប់កាលណា ពួកគេមានទម្ង់តិចជាង ២,៥គីឡូក្រាម។​

មូលហេតុអ្វីខ្លះដែលធ្វើឲ្យទារកកើតមិនគ្រប់គីឡូ?

- កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសម្ពាធឈាមរ៉ាំរ៉ៃ

- កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (ម្តាយកើតស្អូចពេលពពោះ)

- ជំងឺតំណពូជពីកំណើត ឧទាហរណ៍ ជំងឺtrisomie ទី២១ ទី១៨

- កត្តាគភ៌: ការពពោះកូនភ្លោះ ២ ឬច្រើនក្នុងពេលតែមួយ

តើកូនមិនគ្រប់គីឡូអាចបង្ក ឬប្រឈមបញ្ហាអ្វីខ្លះនៅពេលសម្រាល និងក្រោយសម្រាល?

ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖

១) គ្រោះថ្នាក់មុនពេលសម្រាល៖ ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។

២) គ្រោះថ្នាក់ក្រោយពេលសម្រាល៖ ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖

  • វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើឲ្យទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់
  • ចុះកំដៅក្នុងខ្លួនខ្លាំង
  • ចុះជាតិស្ករ
  • ចុះជាតិកាល់ស្យូម
  • ងាយឡើងលឿង។

តើម្តាយគ្រប់រូបគួរធ្វើដូចម្តេចខ្លះដើម្បីបង្កាបញ្ហាទាំងនេះ?

  • ទទួលទានអាហារឲ្យបានគ្រប់គ្រាន់តាមការណែនាំ
  • តាមដានសុខភាពផ្ទៃពោះឲ្យបានទៀងទាត់
  • ជ្រើសរើសមន្ទីរពេទ្យសម្រាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
  • គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital អត្ថបទដោយ៖ សុលក្ខិណា