តិចនិកចិញ្ចឹមកូនទាំង៥ ប៉ាម៉ាក់មិនគួរមើលរំលងបើចង់ឲ្យសុខភាពផ្លូវចិត្តកូនល្អប្រសើរ

  • 2023-08-11 07:29:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប៉ាម៉ាក់គ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនលូតលាស់ធំធាត់មានសុខភាពល្អ និងមានភាពឆ្លាតវៃ។ យ៉ាងណាមិញ បន្ថែមពីលើការថែទាំការលូតលាស់ផ្នែករាងកាយ ប៉ាម៉ាក់ពុំគួរមើលរំលងការថែរក្សាសុខភាពផ្លូវចិត្តរបស់កូនផងដែរ។ សុខុមាលភាពផ្លូវចិត្តកូនៗ ក៏មានឥទ្ធិពលទៅលើការលូតលាស់ផ្នែកស្មារតី ការប្រាស្រ័យទាក់ទងនឹងសង្គមខាងក្រៅ និងកិច្ចការផ្សេងៗផងដែរ។

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ប៉ាន់ប្រមាណថា កុមារម្នាក់ ក្នុងចំណោម ៥នាក់ជួបប្រទះបញ្ហាផ្លូវចិត្ត។ ជាដំណឹងល្អ បញ្ហាផ្លូវចិត្តអាចទប់ស្កាត់បាន ហើយប៉ាៗម៉ាក់ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការរក្សាសុខភាពផ្លូវចិត្តកូនឲ្យបានល្អ និងរឹងមាំ។ ខាងក្រោម ជាតិចនិចសំខាន់ៗមួយចំនួនដែលប៉ាៗម៉ាក់គួរអនុវត្តដើម្បីធានាបាននូវសុខុមាលភាពផ្លូវចិត្តរបស់កូនៗជាទីស្រលាញ់របស់ខ្លួន។

កសាងទំនុកចិត្ត

ទំនាក់ទំនងរបស់ប៉ាម៉ាក់​ជាមួយកូនៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេ។ ទន្ទឹមនឹងនោះដែរ ទំនាក់ទំនងជិតស្និទ្ធរវាង​ប៉ា​ម៉ាក់​នឹងកូនគឺចាប់ផ្តើមចេញពីការកសាងទំនុកចិត្ត។ វិធីមួយដើម្បីបង្កើតការជឿទុកចិត្តជាមួយកូនៗ គឺការបង្កើតឲ្យពួកគេមានអារម្មណ៍សុវត្ថិភាព។

នេះមានន័យថាបំពេញតម្រូវការផ្លូវកាយ និងផ្លូវចិត្តរបស់កូនដោយមើលថែពួកគេនៅពេលដែលពួកគេមានតម្រូវការផ្សេងៗ មិនថាតម្រូវការចំណីអាហារ សម្លៀកបំពាក់ ឬតម្រូវការផ្នែកស្មារតី ដូចជាពេលដែលពួកគេភ័យខ្លាច ថប់បារម្ភ ឬសោកសៅជាដើម។ ការកសាងទំនុកចិត្តនេះ ទាមទារឲ្យឪពុកម្តាយមានភាពអត់ធ្មត់ ហើយបង្ហាញពួកគេថាយើង​ពិតជាបារម្ភ​ និងស្រលាញ់ពួកគេ។

បង្កើនទំនាក់ទំនងរវាងកូនជាមួយមនុស្សជុំវិញខ្លួន

ទំនាក់ទំនងរវាងកូន និងឪពុកម្តាយពិតជាសំខាន់ ប៉ុន្តែវាមិនមែនជាទំនាក់ទំនងតែមួយដែលសំខាន់នោះទេ។ កុមារដែលមានសុខភាពផ្លូវចិត្តល្អ ជាកុមារដែលមានទំនាក់ទំនងជាមួយសមាជិកគ្រួសារផ្សេងទៀត ដូចជាជីដូនជីតា និងបងប្អូនជីដូនមួយ ក៏ដូចជាជាមួយមិត្តភក្តិ និងអ្នកជិតខាងជាដើម។ ចូរផ្តល់ឱកាសឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត ជាពិសេសមិត្តភក្តិរបស់ពួកគេ។ ការរក្សាទំនាក់ទំនងទាំងនេះអាចធ្វើឱ្យមានភាពចម្រុះសម្រាប់សុខភាពផ្លូវចិត្តរបស់កូន។

ត្រូវមានស្ថេរភាពក្នុងការចិញ្ចឹមកូន

ធម្មជាតិនៃក្មេង គឺពួកគេត្រូវការភាពអាចទាយទុកមុន និងភាពច្បាស់លាស់។ ពួកគេចង់ដឹងថាតើអ្វីដែលពួកគេគួរធ្វើបន្ទាប់ ហើយថាតើបើពួកគេធ្វើខុស តើពួកគេនឹងត្រូវទទួលវិន័យអ្វីខ្លះ ឬបើសិនជាពួកគេធ្វើជាកូនល្អ តើពួកគេនឹងទទួលបានរង្វាន់អ្វី? ការផ្លាស់ប្តូរនៃការរស់នៅ ដូចជាការផ្លាស់ទៅទីកន្លែងថ្មី ឬជួបប្រទះការលែងលះអាចបង្កើតភាពវឹកវរ និងការផ្លាស់ប្តូរធំដែលពិបាកដល់កុមារ។ វាជារឿងធម្មតា ដែលពេលរឿងទាំងនេះកើតឡើង ហើយបង្កើតការថប់បារម្ភ ឬធ្វើឲ្យពួកគេមានអារម្មណ៍ថាជ្រួលច្របល់ និងមានអាកប្បកិរិយាមិនល្អ។ ការរក្សាវិន័យជាប់លាប់ និងធានាថាកូនដឹងពីអ្វីដែលត្រូវរំពឹងពីមួយថ្ងៃទៅមួយថ្ងៃ នឹងជួយពួកគេគ្រប់គ្រងអារម្មណ៍បាន​។

បង្រៀនកូនឲ្យចេះគ្រប់គ្រងស្ត្រស

វាពិតជាសំខាន់ដែលឪពុកម្តាយចេះរក្សាកូនឲ្យឆ្ងាយពីការបាក់ស្បាត ការសម្លុតធ្វើបាបពីមនុស្សជុំវិញខ្លួន។ យ៉ាងណាមិញម៉ាក់ៗប៉ាៗ មិនអាចការពារកូនពីស្ត្រេស ឬភាពតានតឹងបានទាំង​ស្រុង​នោះទេ។ ស្ត្រេសគឺជារឿងធម្មតានៃជីវិត ហើយការរៀនដោះស្រាយវាតាមរបៀបត្រឹមត្រូវ នឹងរៀបចំកូនឱ្យទទួលបានជោគជ័យនាពេលអនាគត។

ជាឧទាហរណ៍ កូនមានការខ្វែងគំនិតគ្នាជាមួយមិត្តភ័ក្តិ ឬមានបញ្ហាជាមួយកិច្ចការសាលា ម៉ាក់ប៉ាត្រូវបង្រៀនកូនឲ្យចេះដោះស្រាយបញ្ហាទាំងនោះម្តងមួយៗ ដើម្បីបង្កើតកម្លាំងផ្លូវចិត្តរបស់ពួកគេ។

ប៉ាម៉ាក់ក៏ត្រូវចេះបង្រៀនកូនឲ្យចេះបង្កើតវិធីបន្ធូរស្ត្រេសតាមវិធីរបស់គេ ដូចជាការសរសេរសៀវភៅកំណត់ហេតុ ការចេញទៅក្រៅជាមួយមិត្តភក្តិ។

អភិវឌ្ឍការគោរពខ្លួនឯង

ការជួយកុមារឱ្យអភិវឌ្ឍការគោរពខ្លួនឯង ពិតជាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវចិត្តរបស់ពួកគេ។ ដំបូងម៉ាក់ៗប៉ាៗ ដើរតួជាផ្នែកមួយក្នុងការអភិវឌ្ឍការគោរពខ្លួនឯងរបស់កូនៗ តែក្រោយៗមកប៉ាៗម៉ាក់ៗក៏គួរបង្រៀនកូនឲ្យដឹង និងចេះគោរពឲ្យតម្លៃខ្លួនឯងផងដែរ។ ប៉ាម៉ាក់អាចចាប់ផ្តើមតាមរយៈការសរសើរបែបពិតប្រាកដ និងជាក់ស្តែងលើអ្វីដែលកូនៗសម្រេចបាន តែចៀសវាងការសរសើរអ្វីដែលមិនអាចគ្រប់គ្រងបាន ដូចជារបៀបដែលពួកគេមើលទៅ ឬឆ្លាតជាដើម ហើយជំនួសមកវិញ ជាការរសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ។

ប្រភព៖ verywellhealth អត្ថបទដោយ៖ សុលក្ខិណា

អត្ថបទពេញនិយម