ចែករំលែកតិចនិចអាហារូបត្ថម្ភសំខាន់ៗសម្រាប់ការបំពេញបញ្ហាកង្វះជីវជាតិ និងប្រូតេអ៊ីន

  • 2022-10-12 02:12:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កង្វះអាហារូបត្ថម្ភគឺមានន័យទូលំទូលាយសំដៅលើការ ខ្វះឬលើសអាហារូបត្ថម្ភ ដែលបណ្តាលមកពីអ្នកជំងឺ ពុំបានបរិភោគគ្រប់គ្រាន់ ឬទទួលទានមិនបានត្រឹមត្រូវ ម្យ៉ាងទៀតអាហារដែលបានទទួលទាននោះខ្វះនូវកាល់ឡូរី និងប្រូតេអ៊ីនសម្រាប់ទ្រទ្រង់និងជួយដល់ការលូតលាស់របស់រាងកាយឬរាងកាយរបស់គេពុំអាចប្រើប្រាស់អាហារដែលគេបរិភោគដោយសារតែមានជំងឺផ្សេងៗ។

បច្ចុប្បន្នបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាបញ្ហាដ៏ចម្បងនៅគ្រប់បណ្តាប្រទេសទាំងអស់នៅទូទាំងពិភពលោក។ តាមរយៈ Global Report ក្នុងឆ្នាំ២០១៦ មានប្រទេស ៥៧ក្នុងចំនោម ១២៩ ដែលមានប្រជាជន ៤៤% កំពុងរងគ្រោះដោយកង្វះអាហារូបត្ថម្ភ ។ យោងតាមអង្គការចំណីអាហារនិងកសិកម្ម (FAO) ចំនួនអ្នកដែលខ្វះអាហារូបត្ថម្ភមានចំនួនរហូតដល់ ៩២៣លាននាក់នៅទូទាំងពិភពលោកក្នុងឆ្នាំ២០០៧។រីឯនៅប្រទេសកម្ពុជាបច្ចុប្បន្នមានប្រជាជនប្រមាណ ៥លាននាក់ដែលខ្វះអាហារូបត្ថម្ភ ។

យ៉ាងណាមិញអ្នកដែលខ្វះអាហារូបត្ថម្ភក៏អាចបណ្តាលមកពីការបរិភោគលើសតម្រូវការដោយសារអាហារដែលគាត់បរិភោគផ្ទុកនូវកាល់ឡូរីខ្ពស់។កញ្ញាចែករំលែកការព្យាបាលខាងក្រោមនេះ ផ្តោតសំខាន់ទៅលើកង្វះអាហារូបត្ថម្ភដែលបណ្តាលមកពីការបរិភោគពុំបានគ្រប់គ្រាន់ និងអ្វីដែលយើងគួរបន្ថែម និងព្យាបាលមាន៖

កង្វះវីតាមីន A វីតាមីន Aជាវីតាមីនស្ថិតក្នុងក្រុមចាំបាច់សម្រាប់សុខភាពភ្នែកនិងមានមុខងារក្នុងសុខភាពបន្តពូជរបស់មនុស្សប្រុស និងស្រី។ តាមរយៈអង្គការសុខភាពពិភពលោកបានឲ្យដឹងថាកង្វះវីតាមីនA អាចបណ្តាលឲ្យងងឹតភ្នែក ហើយស្រ្តីមានផ្ទៃពោះដែលខ្វះនូវវីតាមីននេះ គឺមានអត្រារលូតកូនខ្ពស់។ Beta-carotene គឺជាសមាសធាតុបង្កនៃវីតាមីន A វាដើរតួជាអ្នកប្រឆាំងរ៉ាឌីកាល់សេរី ដែលវាសម្បូរនៅក្នុងសារធាតុពណ៌ក្រហមទឹកក្រូច លឿង បៃតងចាស់នៃរុក្ខជាតិ។ វាត្រូវបានបំលែងជាវីតាមីន A នៅពេលរាងកាយត្រូវការ។ សម្រាប់ទារក អាហារដែលជាប្រភពនៃវីតាមីន A សម្រាប់ពួកគេគឺទឹកដោះម្តាយ។ សម្រាប់បុគ្គលទូទៅ គឺគួរតែបរិភោគអាហារដែលសម្បូរវីតាមីននេះរួមមាន៖ • ទឹកដោះគោ • ស៊ុត
• បន្លែបៃតង broccoli ស្ពៃបៃតង
• បន្លែពណ៌ទឹកក្រូច ការ៉ុត ដំឡូងបារាំង ល្ពៅ
• ផ្លែឈើពណ៌ក្រហម លឿង ល្ហុង សូដា ប៉េងប៉ោះ

កង្វះវីតាមីនB-1 វីតាមីនB-1 គឺជាវីតាមីនដែលសំខាន់សម្រាប់ប្រព័ន្ធសរសៃប្រសាទ។វាជួយរាងកាយក្នុងការបំលែងជាតិស្ករទៅជាថាមពលតាមរយៈសកម្មភាពមេតាប៉ូលីស។ កង្វះ B-1អាចបណ្តាលឲ្យស្រកទម្ងន់ និងអស់កម្លាំង អាចបណ្តាលឲ្យមានបញ្ហាប្រព័ន្ធចងចាំដូចជាច្រើនមានអាការៈភាន់ច្រលំនិងការចងចាំខ្សោយ។លើសពីនេះវាក៏អាចបំផ្លាញប្រព័ន្ធប្រសាទ និងសាច់ដុំ ហើយអាចប៉ះពាល់ដល់បេះដូង។ នៅសហរដ្ឋអាមេរិក កង្វះវីតាមីននេះច្រើនកើតញឹកញាប់លើបុគ្គលដែលពិសាជាតិស្រវឹងច្រើន។ ជាតិអាល់កុល ធ្វើឲ្យរាងកាយអសមត្ថភាពក្នុងការស្រូបយកវីតាមីន B-1ស្តុកទុកក្នុងថ្លើម និងបំលែងវាទៅជាទម្រង់ដែលអាចប្រើប្រាស់បាន។ កង្វះវីតាមីននេះគឺជាមូលហេតុចម្បងនៃការកើតមានអាការៈ Wernicke-Korsakoff ជាអាការៈនៃការចងចាំខ្សោយ។ អាហារពេលព្រឹក ដូចជាពពួកគ្រាប់ធញ្ញជាតិ និង ពពួកអាហារធ្វើពីម្សៅគឺសម្បូរដោយវីតាមីន B-1។ ស៊ុត បន្លែ គ្រាប់ធញ្ញជាតិម្សៅស្រូវសាលី និងសាច់ជ្រូក ក៏ជាប្រភពសំខាន់នៃ វីតាមីន B-1 ដែរ។

កង្វះវីតាមីន B-3
វីតាមីន B-3គឺជាវីតាមីនមួយប្រភេទទៀតដែលជួយបំលែងអាហារឲ្យទៅជាថាមពល។កង្វះវីតាមីននេះត្រូវគេហៅថាជំងឺ Pellagra ដែលមានរោគសញ្ញា រាក ការចងចាំខ្សោយ និងមានបញ្ហាស្បែកញឹកញាប់។ ដើម្បីបង្ការជំងឺនេះ អ្នកគួរបរិភោគអាហារដែលសម្បូរ វីតាមីន B-3 នេះ ដែលមានដូចជាប្រូតេអីុនដែលបានមកពីសត្វ និងសណ្តែកដី ឬអាចបរិភោគអាហារបំប៉នដែលមានវីតាមីននេះ។

កង្វះវីតាមីន B-9 វីតាមីន B-9 ឬហៅថា folate មាននាទីជួយរាងកាយក្នុងការផលិតកោសិកាឈាមក្រហមនិងផលិត DNA។ វាក៏ជួយដល់ការលូតលាស់ខួរក្បាល និងការបំពេញមុខងាររបស់ប្រព័ន្ធប្រសាទ។ វីតាមីននេះកើតឡើងដោយការសំយោគ ដែលយើងអាចទទួលបានពីផលិតផលអាហារបំប៉ន។វីតាមីននេះក៏សំខាន់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ដោយដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់ខួរក្បាលនិងខួរឆ្អឹងខ្នងរបស់ទារក។កង្វះវីតាមីននេះអាចបណ្តាលឲ្យទារកពិការពីកំណើត មានបញ្ហាការលូតលាស់ និងកង្វះគ្រាប់ឈាមក្រហម។ អ្នកអាចទទួលបាន folate តាមរយៈអាហារដូចខាងក្រោម៖ • សណ្តែក • ផ្លែក្រូច • បន្លែបៃតង • ទំពាំងបារាំង • សាច់ជ្រូក សាច់មាន់ • គ្រឿងសមុទ្រ • ផលិតផលដែលបន្ថែមសារធាតុបំប៉ន
•គ្រាប់ធញ្ញជាតិ។

កង្វះវីតាមីន D យោងតាមការសិក្សារបស់សាកលវិទ្យាល័យHavardមានមនុស្សប្រមាណ១០០០លាននាក់ទូទាំងពិភពលោកដែលមានបញ្ហាសុខភាពដែលបណ្តាលមកពីកង្វះvitamin D។ អ្នកដែលមានពណ៌ស្បែកស្រគាំគឺមានការប្រឈមនឹងបញ្ហានេះច្រើនជាងគេ។វីតាមីននេះគឺសំខាន់សម្រាប់សុខភាពឆ្អឹងដោយវាជួយឆ្អឹងក្នុងការរក្សាតុល្យភាពកាល់ស្យូមដើម្បីសម្របសម្រួលដល់ការលូតលាស់ឆ្អឹង និងធ្មេញ។ កង្វះវីតាមីននេះអាចបណ្តាលឲ្យទៅជាក្រិន ឬឆ្អឹងពុំរឹងមាំ។ ជំងឺពុកឆ្អឹងក្រោយពេលអស់រដូវ ក៏អាចបណ្តាលមកពីខ្វះវីតាមីន D ដែលវាធ្វើឲ្យឆ្អឹងទន់ងាយបាក់។ ប្រភពវីតាមីន D សំខាន់គឺពន្លឺព្រះអាទិត្យ និងអាហារមួយចំនួនដូចជា៖ • ប្រេងថ្លើមត្រី • ខ្លាញ់ត្រី • ផ្សិត • ស៊ុតលឿង • ថ្លើម កាំរស្មី Ultraviolet ដែលមាននៅក្នុងពន្លឺព្រះអាទិត្យ ជាប្រភពនៃវីតាមីន D ។ យោងតាម NIH ការប៉ះពន្លឺព្រះអាទិត្យរយៈពេល៥ទៅ៣០នាទីត្រង់មុខស្មាកឬខ្នពីរដងក្នុងមួយសប្តាហ៍គឺអាចផ្តល់ឲ្យអ្នកនូវបរិមាណគ្រប់គ្រាន់នៃវីតាមីន D។

កង្វះកាល់ស្យូម កាល់ស្យូមជួយដល់ការលូតលាស់ឆ្អឹងនិងធ្មេញ ។វាក៏ជួយដល់បេះដូង ប្រព័ន្ធប្រសាទនិងសាច់ដុំឲ្យបំពេញមុខងារសមស្រប។ កង្វះកាល់ស្យូមពុំបណ្តាលឲ្យលេចចេញរោគសញ្ញាអ្វីគួឲ្យកត់សម្គាល់ទេតែវាធ្វើឲ្យមានបញ្ហាសុខភាពផ្សេងៗពីមួយថ្ងៃទៅមួយថ្ងៃ។ប្រសិនបើអ្នកពុំមានកាល់ស្យូមគ្រប់គ្រាន់នោះរាងកាយអ្នកនឹងទាញយកកាល់ស្យូមពីឆ្អឹងដែលនឹងបណ្តាលឲ្យឆ្អឹងងាយពុក។ ប្រភពនៃកាល់ស្យូមមាន៖

• ទឹកដោះគោ • យ៉ាអួរ • តៅហ៊ូ • ត្រីល្អិតៗ • បន្លែបៃតង • គ្រាប់ធញ្ញជាតិ

កង្វះជាតិដែក ជាតិដែកសម្បូរនៅក្នុងស្លឹករុក្ខជាតិបៃតងសាច់ក្រហមនិងស៊ុតស។វាមាននាទីជួយរាងកាយក្នុងការផលិតគោលិកាឈាមក្រហម។ នៅពេលដែលខ្វះវារាងកាយនឹងផលិតគោលិកាឈាមក្រហមតិចតួចប៉ុណ្ណោះហើយគោលិកាដែលបានផលិតនោះមានទំហំតូច ហើយស្លេកស្លាំងជាងគោលិកាឈាមដែលមានសុខភាពល្អ ហើយប្រសិទ្ធភាពរបស់វាក្នុងការបញ្ជូនអុកស៊ីសែន ទៅកាន់ជាលិកាក៏ថយចុះដែរ។ កង្វះជាតិដែកអាចបណ្តាលឲ្យមានជំងឺខ្វះឈាមឈាមមានសកម្មភាពមិនប្រក្រតីដែលបណ្តាលឲ្យអស់កម្លាំង ខ្សោយ និងរោគសញ្ញាផ្សេងៗទៀត។ យោងតាមអង្គការសុខភាពពិភពលោក មានមនុស្ស ៣០%នៅទូទាំងពិភពលោកដែលមានបញ្ហានេះ។

ប្រភព៖ healthyandnaturallife ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម