លើសពីការកម្សាន្ត តន្ត្រីជាផ្នែកដ៏សំខាន់នៃការចាប់ផ្តើមអាជីពសិល្ប:ជោគជ័យទៅអនាគត

  • 2022-03-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វិស័យសិល្បៈផ្នែកតន្ត្រីរាប់បញ្ចូលទាំងបុគ្គលផ្ទាល់ខ្លួន និងជាលក្ខណៈក្រុមហ៊ុន គឺមានគោលបំណងសម្រាប់ការផ្ដល់ការកម្សាន្ត​​ បញ្ជ្រាបសារអប់រំ ហើយក៏អាចរកប្រាក់ចំណូលផងដែរ។ ក្នុងនោះមានដូចជា ការតែងនិពន្ធ ការបង្កើតចម្រៀង និងទំនុកភ្លេង ឬច្រៀង ការលក់តាមរយៈការថតទុក និងការប្រគុំតន្ត្រីជាដើម។ បច្ចុប្បន្ននេះ យើងបានមើលឃើញថា​យុវជនពិសេសយុវតីវ័យក្មេង កំពុងមានការចាប់អារម្មណ៍ចូលក្នុងវិស័យតន្ត្រី ដោយខ្លះបាននឹងកំពុងចាប់ជាជំនាញ ដើម្បីបំពេញបំណង និងអាចដើរតាមអ្វីដែលខ្លួនគេស្រលាញ់ក្នុងជីវិត។

ក្នុងចំណោមយុវតីវ័យក្មេងដែលជាអ្នកស្រលាញ់វិស័យតន្រ្តី កញ្ញា យ៉ែម ផានីត បានរៀបរាប់ប្រាប់ក្រុមការងារគេហទំព័រ កញ្ញា ថាកញ្ញាគឺជានិស្សិតឆ្នាំទី ៤ ផ្នែកទំនាក់ទំនងអន្តរជាតិ នៅក្នុងសកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងសេដ្ឋកិច្ចភ្នំពេញ។ ក្រៅពីការសិក្សា កញ្ញាក៏ជាជាសិស្សមួយរូបដែលបានចូលរួម និងបញ្ចប់ការសិក្សានៅក្នុងគម្រោង Women’s Amplified Voices ឬហៅខ្លីថា .WAV របស់អង្គការមិនមែនរដ្ឋាភិបាល The Sound Initiative ដែលហៅកាត់ថា TSI ដែលមានគោលបំណងក្នុងការលើកស្ទួយស្រ្តីក្នុងការបង្កើតនិង ផលិតតន្រ្តីនៅម្ពុជា។

ផានីត បានប្រាប់ថាក្រៅពីខ្លួនឯង គឺមានមិត្តភក្តិជាច្រើននៅក្នុងអង្គការមិនមែនរដ្ឋាភិបាល TSI ដែលបានជួយជំរុញលើកទឹកចិត្តប្អូនស្រីឲ្យខិតខំព្យាយាមប្រឹងប្រែងក្នុងការតស៊ូនៅក្នុងវិស័យតន្ត្រីមួយនេះ។ ប៉ុន្តែបញ្ហាលំបាកៗ និងឧបសគ្គគឺមានច្រើនផងដែរ ពីព្រោះប្អូនស្រីគឺជានិស្សិតមួយរូបនៅឡើយ ដូច្នេះការបែងចែកពេលវេលាសម្រាប់ការសិក្សា និងសម្រាប់តន្ត្រីគឺមានកម្រិត ហើយកង្វះសម្ភារៈនឹងឧបករណ៍ភ្លេងជាហេតុនាំឲ្យមានការលំបាកក្នុងការផលិតតន្ត្រី និងការបង្កើតភ្លេង។ ជាងនេះទៅទៀតដោយសារតែវិស័យតន្ត្រីនៅក្នុងប្រទេសយើងឥឡូវនេះកំពុងតែចាប់ផ្ដើមមាការរីកលូតលាស់ ដូច្នេះឆាកតន្រ្តី និងឱកាសសម្រាប់ឲ្យសិល្បករឡើងសម្តែងគឺនៅមានកម្រិតខ្លាំង។

ជាការឆ្លើយតបទៅនឹងការលំបាក និងជាការដោះស្រាយបញ្ហាលំបាកខាងលើ ប្អូនស្រីបានខិតខំព្យាយយាមរៀបចំកាលវិភាគសម្រាប់ខ្លួន ទាំងការសិក្សា និងសម្រាប់តន្ត្រីក្នុងពេលតែមួយ ហើយចំពោះការខ្វះខាតឧបករណ៍ និងធនធានវិញប្អូនស្រីធ្វើការជាមួយនឹងអ្វីដែលប្អូនមាន ឬការសហការជាមួយសិល្បករផ្សេងទៀត។ នៅក្នុងវិស័យដែលពោរពេញដោយការ​ប្រកួត​ប្រជែង​បែប​នេះ ផានីត បានប្ដេជ្ញាចិត្តថាត្រូវតែរឹងមាំនឹងមិនបោះបង់ឡើយនូវអ្វីដែលខ្លួនស្រឡាញ់ចង់បាន ចង់ធ្វើ ដោយប្អូនស្រីបានលើកឡើងថា «ថ្វីត្បិតតែមានអ្នកសិល្បៈច្រើនក៏ដោយ ក៏ម្នាក់ៗមានស្ទីល និងខ្លឹមសាររៀងៗខ្លួន​» ដូច្នេះវាមានសារសំខាន់ណាស់ក្នុងការធ្វើអ្វីដែលជាខ្លួនឯង និងមានភាពពិតប្រាកដផ្ទាល់ខ្លួនសម្រាប់ម៉ាកយីហោ និងអត្តសញ្ញាណផ្ទាល់ខ្លួនក្នុងនាមជាសិល្បៈករម្នាក់ៗ។

ប្អូនស្រីបានបន្ថែមទៀតថា ក្នុងនាមជាស្ត្រីមួយរូបយើងត្រូវតែធ្វើការគាំទ្រស្ត្រីដទៃទៀត ដើម្បីជាការលើកទឹកចិត្ត ការផ្ដល់ឱកាសក្នុងការបង្ហាញទេពកោសល្យរបស់ពួកគេ ជាអ្នករួបរួមគ្នាដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងសមភាពយេនឌ័រនៅក្នុងវិស័យតន្ត្រី លើសពីនេះទៅទៀតវាអាចជួយលើកកម្ពស់ការយល់ដឹងកាន់តែច្រើនសម្រាប់ស្ត្រីឲ្យទទួលបានសិទ្ធិដូចៗគ្នាទៅនឹងបុរសៗដែរ។

ចាប់តាំងពីប្អូនស្រីចាប់ផ្តើមការងារតន្ត្រីមក ផានីត បានធ្វើការជាមួយបុគ្គលដែលមានទេពកោសល្យ ហើយបានបង្កើតបទចម្រៀងជាច្រើន ដោយទទួលបានជំនួនពីអង្គការ TSI ហើយគោលដៅដ៏ធំមួយរបស់ប្អូនស្រី យ៉ែម ផានីត គឺអាចដើរតួជាតំណាងដល់ស្ត្រីទាំងឡាយណាដែលមានទេពកោសល្យក្នុងឧស្សាហកម្មតន្ត្រី និងអាចក្លាយជាសិល្បៈការនីមួយរូបនៅក្នុងឧស្សាហកម្មតន្ត្រីនាពេលអនាគត ជាពិសេសគឺដើម្បីការពង្រឹងទៅលើសិទ្ធិស្មើគ្នារបស់ស្ត្រីនៅក្នុងគ្រប់វិស័យទាំងអស់។

ដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីរបស់រួមជាមួយសិស្សទាំងអស់របស់វគ្គ .WAV អង្គការ The Sound Initiative បានសហការជាមួយផលិតកម្មរណ្តំ ដោយមានការគាំទ្រដោយ USAID, PACT និង គម្រោង WE Act នឹងមានការប្រគុំតន្រ្តីហៅថា SOUND.WAV ថ្ងៃសុក្រ ២៥ មីនា ឆ្នាំ២០២២ ឆាប់ៗនេះ ដើម្បីប្រារព្ធការបញ្ចប់វគ្គសិក្សារបស់ពួកគាត់។ ទស្សនាការសម្តែងដោយសេរី ចាប់ផ្តើមវេលាម៉ោង ​​​ ៦ :៣០នាទីល្ងាច ដល់ម៉ោង ៩យប់ នៅ Factory Phnom Penh ដោយមានការចូលរួមសម្តែងពីតារាកិត្តិយសពិសេសគឺកញ្ញា ចិត្ត កញ្ចនា កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និង Sam Rocker ជាដើម៕

តាមដានពត៍មានបន្ថែមលើទំព័រហ្វេកប៊ុករបស់ The Sound Initiative ចុចត្រង់នេះ https://www.facebook.com/TheSoundInitiativeCambodia

ចុចអានបន្ដ៖ ស្ត្រីវ័យក្មេងចូលរួមផ្នែកតន្ត្រីជាចំណែកពង្រឹងការគុណភាពតែងនិពន្ធ និងការផលិតថ្មី

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម