ស្ត្រីវ័យក្មេងចូលរួមផ្នែកតន្ត្រីជាចំណែកពង្រឹងការគុណភាពតែងនិពន្ធ និងការផលិតថ្មី

  • 2022-03-19 06:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សន្ទុះនៃការរីកចម្រើននៃចំនួនការងារក្នុងវិស័យកម្សាន្ត ជាពិសេសសិល្បៈផ្នែកតន្រ្តី ដែលរាប់បញ្ចូលការច្រៀងតែងនិពន្ធកំពុងតែមានការគាំទ្រពីមហាជន។ យុវជននិងយុវតី វ័យក្មេងជាច្រើននៅក្នុងស្រុកបានចាប់អារម្មណ៍ចូលក្នុងវិស័យតន្ត្រីក្នុងរយៈពេលថ្មីៗនេះ ដើម្បីឲ្យមានការអភិវឌ្ឍក្នុងផ្នែកតន្រ្តី និងបង្កើតជាជំនាញ លើអ្វីដែលខ្លួនស្រលាញ់ ឱ្យកាន់តែខ្លាំងពូកែ។ ក្រុមការងារគេហទំព័រ កញ្ញា បានធ្វើបទសម្ភាសជាមួយប្អូនស្រី នូ ធីតា ដែលជាស្រ្តីវ័យក្មេងម្នាក់ដែលចូលរួមក្នុងវិស័យតន្ត្រី និងបានទទួឡការជួយជ្រោមជ្រែងពីអ្នកជំនាញៗផងដែរ។

កញ្ញា នូ ធីតា សព្វថ្ងៃនេះគឺជាសិស្សនៅក្នុងកម្មវិធី Women’s Amplified Voices ដែលហៅកាត់ថា .WAV ជាគម្រោងសម្រាប់តម្លើងសម្លេងស្រ្តី ក្នុងជំនាញនៃការផលិតតន្រ្តី របស់អង្គការគំនិតផ្ដួចផ្ដើមសំឡេង The Sound Initiative ហៅកាត់ថា TSI។ ក្រៅពីការសិក្សា បច្ចុប្បន្នប្អូនស្រីក៏ជាគ្រូបង្រៀនហ្គីតាម្នាក់ផងដែរ។ ធីតា បានប្រាប់គេហទំព័រ កញ្ញាថា៖ មូលហេតុដែលប្អូនស្រីចាប់យកជំនាញតន្ត្រីនេះគឺដោយសារតែតន្ត្រីធ្វើឲ្យប្អូន និងមនុស្សជុំវិញខ្លួនរបស់ប្អូនសប្បាយចិត្ត។

មិនត្រឹមតែដោយសារការស្រលាញ់តន្រ្តីមួយមុខនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺប្អូនស្រីក៏ចង់បង្ហាញស្នាដៃផ្នែកតន្ត្រីរបស់ប្អូនទៅកាន់មនុស្សទាំងអស់ឲ្យបានស្គាល់និងស្តាប់ផងដែរ។ បើនិយាយពីចំណុចសំខាន់មួយនៃតន្ត្រីនោះគឺថាវាប្រៀបបានដូចជាការនាំសារមួយជាសំឡេងទៅឲ្យដល់មនុស្សគ្រប់គ្នា អាចជាសណ្ឋាននៃការលើកទឹកចិត្ត សេចក្ដីស្រឡាញ់ ការណែនាំ និងជាការអប់រំជាដើម ទាំងនេះអាចកើតឡើងតាមរយៈការបំប្លែងសារទាំងអស់នោះ ឲ្យទៅជាទំនុកចម្រៀង ដែលធ្វើឲ្យអ្នកស្ដាប់កាន់តែងាយយល់ និងមានអារម្មណ៍ល្អប្រសើរឡើង។

មុនចូលរួមក្នុងកម្មវីធី .WAV គម្រោងសម្រាប់តម្លើងសម្លេងស្រ្តី ក្នុងជំនាញនៃការផលិតតន្រ្តី ប្អូនស្រី ធីតា បាននិយាយថា៖ Jessie J គឺជាស្ត្រីជនជាតិអង់គ្លេសម្នាក់ក្នុងវិស័យសិល្បៈ ដែលគេរាល់គ្នាបានស្គាល់ថាអ្នកចម្រៀង និងជាអ្នកនិពន្ធល្បីឈ្មោះម្នាក់ ហើយ ដែលបានធ្វើឲ្យប្អូនស្រីធីតា ចង់បន្តដំណើរនៅក្នុងវិស័យតន្ត្រីមួយនេះ។កាលពីឆ្នាំ ២០១៦ មុនពេលតារាស្រីរូបនេះចាប់ផ្ដើមសម្ដែងបទចម្រៀងរបស់គាត់នៅលើឆាក គាត់បាននិយាយអំពីដំណើរជីវិតគាត់ ប្រាប់ទៅកាន់ទស្សនិកជនដ៏គួរឱ្យចាប់អារម្មណ៍ថា៖ “នៅពេលគាត់មានអាយុ ១៧ ឆ្នាំ Jessie J មិនបានដឹងថាគាត់គួរធ្វើអ្វី ឬចាប់យកជំនាញអ្វីនោះទេ។ គាត់មិនបានពេញចិត្តទៅនឹងអ្វីដែលគាត់ធ្វើ និងមានឡើយ គឺប្រៀបបានទៅនឹងពេលដែលកំពុងស្ថិតនៅក្នុងស្ថានភាពវង្វេងគ្មានទិសដៅអ្វីទាំងអស់ ហើយគ្មានមិត្តភក្តិ គឺមានតែភាពងងឹតឈឹង។ នោះហើយគឺជាពេលដែលគាត់បានចាប់ផ្ដើមសរសេររឿងរ៉ាវរបស់ខ្លួន ការជួបបញ្ហា ប្រឈមឧបសគ្គ និងការដោះស្រាយរបស់ខ្លួន រហូតដល់ពេលដែលគាត់បានយកឈ្នះបញ្ហាទាំងអស់នោះ”។

«​ទទួលយកការពិត ធ្វើការដោះស្រាយ ហើយបន្ដដំណើរឆ្ពោះទៅមុខ និងប្រាប់ខ្លួនឯងថា ខ្ញុំមិនអីទេ ខ្ញុំអាចធ្វើបាន ឆាកជីវិតរបស់ខ្ញុំនឹងផ្លាស់ប្ដូរ»។ នេះជាសាររបស់ Jessie J ដែលធ្វើឱ្យធីតា ដក់អារម្មណ៍កាន់តែចង់ចួលរួមក្នុងផ្នែកតន្រ្តី។

ថ្វីត្បិតតែវាជាអ្វីដែល ធីតា ស្រឡាញ់ចង់បាន ចង់ធ្វើក៏ពិតមែន ប៉ុន្តែវាក៏បានធ្វើឲ្យប្អូនស្រីមានការព្រួយបារម្ភផងដែរ ដោយសារការងារជាតន្ត្រីករនៅក្នុងស្រុកយើងមិនមានចំណូលច្បាស់លាស់ជាប្រចាំខែដូចជាធ្វើការនៅក្នុងការិយាល័យឡើយ។ ខែខ្លះក៏មានសិស្សរៀន រីឯខែខ្លះក៏មិនប្រាកដថាមាន ហើយពេលខ្លះក៏មានគេហៅលេងភ្លេង និងពេលខ្លះទៀងក៏អត់។ដូច្នេះហើយមានតែការខិតខំតស៊ូបង្កើតម៉ាកយីហោទីផ្សាររបស់ខ្លួនឲ្យគេស្គាល់ និងបានដឹងថាយើងជាអ្នកណានោះទេ ទើបអាចប្រកួតប្រជែងនៅក្នុងទីផ្សារសព្វថ្ងៃនេះបាន និងដើម្បីឲ្យមានស្ថេរភាពផ្នែកហិរញ្ញវត្ថុជាងមុន។

ការសិក្សាមួយបានរកឃើញថាចំនួនស្ត្រីនៅក្នុងវិស័យតន្ត្រីនៅមានតិចនៅឡើយ បើគិតត្រឹមឆ្នាំ ២០២១ ដោយតួលេខបានចុះមកត្រឹម ០២ ភាគរយប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រ Rolling Stone។ ក្នុងរបាយការណ៍ដដែល បានបញ្ជាក់ថា៖ ក្នុងរយៈពេល ០៩ឆ្នាំចុងក្រោយនេះ ស្ត្រីនៅក្នុងវិស័យតន្ត្រីមានចំនួនសរុបត្រឹម ២១.៦ ភាគរយនៃចំនួនសិល្បករទាំងអស់ ១២.៦ ភាគរយ នៃចំនួនអ្នកនិពន្ធបទចម្រៀងទាំងអស់ និង ២.៦ ភាគរយប៉ុណ្ណោះនៃចំនួនផលិតករទាំងអស់។

ក្នុងនាមជាស្ត្រីរវល់យ៉ាងមមាញឹកម្នាក់ ធីតា បានបញ្ជាក់ថា៖ ការមើលថែទាំសុខភាពខ្លួនឯងក៏ជារឿងសំខាន់ណាស់ដែរ ទាំងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ដែលវាប្រៀបបានដូចជាកុំព្យូទ័រអញ្ចឹង បើប្រើវាយូរគឺត្រូវការបញ្ចូលថ្មដើម្បីប្រើបន្ដទៀត មនុស្សយើងក៏ដូចគ្នាដែរ ទោះបីជារវល់យ៉ាងណាក៏ដោយត្រូវតែមានពេលសម្រាប់ខ្លួនឯង ទាំងការញ៉ាំ ការហាត់ប្រាណ ការធ្វើសមាធិ និងការធ្វើអ្វីៗដែលអាចធ្វើឲ្យខ្លួនឯងសប្បាយចិត្ត ទើបអាចមានសុខភាពល្អ ដើម្បីសម្រេចបាននូវគោលបំណងដែលខ្លួនប៉ងចង់បាននៅថ្ងៃអនាគត៕

ដើម្បីបង្ហាញស្នាដៃបទចម្រៀងថ្មីរបស់ធារី រួមជាមួយសិស្សទាំងអស់របស់វគ្គ .WAV អង្គការ The Sound Initiative បានសហការជាមួយផលិតកម្មរណ្តំ ដោយមានការគាំទ្រដោយ USAID, PACT និង គម្រោង WE Act នឹងមានការប្រគុំតន្រ្តីហៅថា SOUND.WAV ថ្ងៃសុក្រ ២៥ មីនា ឆ្នាំ២០២២ ឆាប់ៗនេះ ដើម្បីប្រារព្ធការបញ្ចប់វគ្គសិក្សារបស់ពួកគាត់។ ទស្សនាការសម្តែងដោយសេរី ចាប់ផ្តើមវេលាម៉ោង ៦កន្លះល្ងាច ដល់ម៉ោង ៩ល្ងាច នៅ Factory Phnom Penh ដោយមានការចូលរួមសម្តែងពីតារាកិត្តិយសពិសេសគឺកញ្ញា ចិត្ត កញ្ចនា កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា និង Sam Rocker ជាដើម។

តាមដានពត៍មានបន្ថែមលើទំព័រហ្វេកប៊ុករបស់ The Sound Initiative

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម