៥ សញ្ញា បញ្ជាក់ថារាងកាយរបស់អ្នក មិនបានទទួលយកពន្លឺថ្ងៃគ្រប់គ្រាន់

  • 2021-10-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពន្លឺ​ព្រះ​អាទិត្យ​អាច​ជះ​ឥទ្ធិពល​​ទៅ​លើ​រាង​កាយ​ជា​ច្រើន​រួម​មាន​អារម្មណ៍ ទម្ងន់​ និង​សុខភាព​របស់​អ្នក​។ ហេតុ​នេះ​ហើយ​ទើប​បាន​ជា​ការ​ស្រូប​យក​ពន្លឺ​ព្រះ​ទិត្យ​ឲ្យ​បាន​ត្រឹម​ត្រូវ​​ ពិត​ជា​សារៈ​សំខាន់​ខ្លាំង​ណាស់​៕

​តើ​នឹង​មាន​រឿង​អ្វី​កើតឡើង​ប្រសិន​បើ​អ្នក​​មិន​បាន​​ឲ្យ​រាង​កាយ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់?

អ្នក​ប្រាកដ​ជា​បាន​ដឹង​ហើយ​ថា ប្រសិន​បើ​ត្រូវ​ពន្លឺ​ថ្ងៃ​យូរ​​ខ្លាំង​ពេក​ គឺ​អាច​បង្ក​គ្រោះ​ថ្នាក់ ប៉ុន្តែ​កុំ​ភ្លេច​ថា​សូម្បី​តែ​ការ​មិន​បាន​ស្រូប​យក​​វា​ទាល់​​តែ​សោះ ក៏​​អាច​បណ្ដាល​ឲ្យ​មានផល​ប៉ះពាល់​ចំពោះ​សុខភាព​ដែរ។

​​​​​ស្រប​ពេល​ដែល​​មាន​ជំងឺ​កូវីដ​១៩ កំពុង​តែ​ហាម​ឃាត់​អ្នក​ឲ្យ​សំងំ​នៅ​ក្នុង​ផ្ទះ​ច្រើន​​ជាង​មុន​ផង​នោះ មាន​មនុស្ស​មួយ អ្នក​ជំនាញ​នៃ CDC បាន​ណែនាំ​ឲ្យ​​ចេញ​ស្រូប​យក​ខ្យល់​អាកាស​ខ្លះ​ក៏​មិន​អី​ដែរ ប៉ុន្តែ​កុំ​ភ្លេច​ប្រកាន់​ខ្ជាប់​នូវ​អនាម័យ​និង​ការ​ការពារ​ឲ្យ​បាន​ត្រឹម​ត្រូវ។ អ្នក​អាច​ដើរ​លំហែ​នៅ​កន្លែង​គ្មាន​មនុស្ស​កុះករ អាច​​អង្គុយ​នៅ​រាន​ហាន​មុខ​ផ្ទះ​ ឬ​អង្គុយ​នៅ​ជាប់​បង្អួត​ដែល​មាន​ពន្លឺ​ថ្ងៃ​ចេញ​ចូល​គ្រប់​គ្រាន់​។

​​ប្រសិន​បើ​​​​រាង​កាយ​លេច​ចេញ​សញ្ញា ៥ យ៉ាង​នេះ បញ្ជាក់​ថា​អ្នក​មិន​ទទួល​បាន​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់​នោះ​ទេ​។

១. មាន​អារម្មណ៍​ឆាប់​មួម៉ៅ​ និង​ពិបាក​ចិត្ត​ច្រើន

​ស្ថិត​ក្នុង​អាកាសធាតុ​ត្រជាក់ អាច​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​​ប្រែ​ជា​​អាប់អួ ដោយ​សារ​ខ្វះ​ពន្លឺ​ថ្ងៃ។ តាម​ការ​អះអាង​របស់​លោក​ Wesley Delbridge ដែល​ជា​អ្នក​ជំនាញ​ផ្នែក​អាហារូបត្ថម្ភ​និង​អាហារ​បំប៉ន បាន​បង្ហាញ​ថា នៅ​​​ពេល​រាង​កាយ​មិន​បាន​ស្រូប​យក​ពន្លឺ​ថ្ងៃ​គ្រប់គ្រាន់ កម្រិត​នៃ​អ័រម៉ូន​សេរ៉ូតូនីន​នៅ​ក្នុង​ខួរក្បាល​បាន​ធ្លាក់​ចុះ បណ្តាល​ឲ្យ​អ្នក​មាន​អារម្មណ៍​មិន​ល្អ ឆាប់​ខឹង​មួម៉ៅ​ស្មុគស្មាញ​ពិបាក​ចិត្ត​ច្រើន​។

​២. ឡើងគីឡូ

​ក្រៅ​ពី​ផ្តល់​វីតាមីន​ D មកឲ្យ​ស្បែក ពន្លឺ​ព្រះ​អាទិត្យ​​មាន​​សារធាតុចិញ្ចឹម​នីត្រាត​អុកស៊ីដ (nitric oxide) ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ដំណើរ​ការ​ល្អ និង​កាត់​បន្ថយ​​ការ​ឃ្លាន​ហួស​ប្រមាណ។ តាម​ការ​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​​នៃ​ជំងឺ​បាន​សរសេរ​ទៀត​ថា ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់ អាច​ជួយ​បន្ថយ​ការ​ឡើង​គីឡូ និង​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​ផង​។ ​​បញ្ហា​ឡើង​គីឡូ​ភាគ​ច្រើន​កើត​មាន​ក្នុង​រដូវ​រងា ដែល​មូលហេតុ​អាច​បណ្តាល​មក​ពី​ខ្វះ​ពន្លឺ​ថ្ងៃ នេះ​បើ​យោង​តាម​​ការ​សិក្សា​ស្រាវជ្រាវ​របស់​ជំនាញ​ផ្នែកធម្មជាតិ នៃ​ប្រទេស​កាណាដា​ក្នុង​ឆ្នាំ​២០១៧។ យ៉ាង​ណា​មិញ ប្រសិន​បើ​អ្នក​មិន​បាន​​ស្រូប​យក​ពន្លឺ​ថ្ងៃ​ឬ​ទទួល​បាន​តិចតួច​បំផុត គួរ​ញ៉ាំ​ព្យាយាម​ញ៉ាំ​​អាហារ​ណា​​ដែល​មាន​វីតាមីន​ D ជំនួស​វិញ​។

៣. ឈឺ​ឆ្អឹងឆ្អែង

​​​​​​​អ្នក​ប្រហែល​ជា​មើល​រំលង​ ពី​ជំងឺរលាកសន្លាក់ឬជំងឺរលាកសាច់ដុំ​ ដែល​កើត​មាន​ទៅ​លើ​វ័យ​ជំទង់​ តាម​ការ​ពិត​វា​​ក៏​អាច​បណ្តាល​មក​ពី​កង្វះ​វីតាមីន​ D ដោយ​សារ​​រាង​​កាយ​មិន​ត្រូវ​ពន្លឺ​គ្រប់គ្រាន់​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ថា​ឈឺ​ឬ​រោយ​​ក្នុង​ឆ្អឹង​ ឬ​ឈឺ​ចុក​ចាប់​ពេញ​រាង​កាយ​នៅ​ពេល​ព្រឹក។ ជីវជាតិ​កាល់ស្យូម និង​ខូឡាជែន អាច​ធ្វើ​ការ​ជាមួយ​គ្នា​​បាន​ល្អ ដើម្បី​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ ប៉ុន្តែ​បើ​ខ្វះ​វីតាមីន D ដំណើរ​ការ​នឹង​រអាក់រអួល ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្អឹង​មាន​ការ​ឈឺចាប់ ឬ​មាន​អារម្មណ៍​លោត​កន្រ្តាក់​​​ខុស​ធម្មតា​នៅ​ក្នុង​ឆ្អឹង។

៤. គេង​មិន​ស្កប់

​​​កង្វះ​ពន្លឺ​ថ្ងៃ​ពិត​ជា​ប៉ះពាល់​ដល់​រាង​កាយ​ខ្លាំង​ណាស់​។ ការ​ចំណាយ​ពេល​យូរ​ ជាមួយ​នឹង​ពន្លឺ​​ដែល​ចេញ​ពី​ទូរសព្ទ​ឬ​កុំព្យូរទ័រ អាច​បង្ក​ផល​មិន​ល្អ​ចំពោះ​ដំណេក គេង​មិន​ស្កប់ស្កល់ យូ​ៗ​ទៅ​អាច​បណ្តាល​ទៅ​ជា​ជំងឺ​គេង​ពុំ​លក់​តែម្តង។

៥. បែក​ញើស​លើស​កម្រិត

ការ​បែក​ញើស​ខ្លាំង​នៅ​លើ​ថ្ងាស ជាពិសេស​សូម្បី​ពេល​​មិន​បាន​ហាត់​ប្រាណ ឬ​​មិន​ស្ថិត​ក្នុង​កន្លែង​ក្តៅ​ ប៉ុន្តែ​អ្នក​​នៅ​តែ​បែក​ញើស​ជោគ វា​ជា​សញ្ញា​​មួយ​ដែល​បញ្ជាក់​ថា អ្នក​កំពុង​ខ្វះ​វីតាមីន​ D​ ហើយ។ ប្រសិន​បើ​អ្នក​​នៅ​បន្ត​មាន​បញ្ហា​បែប​នេះ គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដើម្បី​វាស់​ស្ទង់​ពី​កម្រិត​នៃ​វីតាមីន D ក្នុង​រាង​កាយ​ឲ្យ​បាន​ត្រឹម​ត្រូវ។ កាលណា វីតាមីន D មាន​​កម្រិត​ទាប​ខ្លាំង​ពេក​ អ្នក​អាច​​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ដូចជា ទឹក​នោម​ផ្អែម រលាក​សន្លាក់ និង​មហារីក​៕

ចុចអានបន្ត៖ សញ្ញា​​​បញ្ជាក់​ថា​​អ្នក​​​ហត់​​នឿយ​​​​ចិត្ត​​​​​​​​​​​​​​​​​​ ច្រើន​​​ជាង​​ហត់​​​​​​នឿយ​កាយ

ប្រភព៖ .thehealthy ប្រែសម្រួល៖ ដេត ឈុនអ៊ី