អំណោយដ៏មានអត្ថប្រយោជន៍សម្រាប់រដូវភ្ជុំបិណ្ឌចំពោះអ្នកក្រខ្សត់

  • 2021-09-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកប្រាកដជាបានដឹងហើយថាប្រទេសកម្ពុជាយើងមានពិធីបុណ្យជាច្រើនក្នុងមួយឆ្នាំៗ និងអាចមានសឹងតែរាល់ខែទៀត។ ប៉ុន្ដែអ្នកមានបានដឹងទេថា ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីដែលមានសារសំខាន់ជាងគេ ពីព្រោះវាជាពេលដែលប្រជាពលរដ្ឋខ្មែរយើងត្រូវបំពេញជាពុទ្ធសាសនិក ការទៅជួបជុំសាច់ញាតិគ្រួសារ និងការបង្ហាញពីការដឹងគុណចំពោះលោកយាយ លោកតា ឪពុកម្ដាយ បងៗ ជាពិសេសនោះគឺចំពោះដួងប្រលឹងដូនតាដែលបានលាចាកលោកទៅ។

ការទៅវត្តអារាមធ្វើបុណ្យដាក់បិណ្ឌ សម្រាប់គ្រួសារអ្នកមានធូរធារ ឬមធ្យមនឹងមិនចោទជាបញ្ហាឡើយ តែសម្រាប់ក្រុមគ្រួសារក្រីក្រដែលគ្នាគ្មាអ្វីទាល់តែសោះវិញ វានឹងផ្ដល់ផលលំបាកយ៉ាងខ្លាំង ជាពិសេសនោះគឺចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ ចូលមក អ្វីៗគឺមិនងាយស្រួលនោះទេ។ ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋខ្មែរនៅតែសស្រាក់សស្រាំនាំគ្នាយកចង្ហាន់ទៅវត្ដចាប់ពីបិណ្ឌទី ១រហូតដល់ថ្ងៃបុណ្យភ្ជុំបិណ្ឌធំ។

ដោយសារម្នាក់ៗសម្រុកទៅវត្តអារាមជួនៗគ្នានៅរដូវភ្ជុំបិណ្ឌទើបធ្វើឲ្យវត្ដអារាមនីមួយៗសម្បូរហូរ​ហៀរទៅដោយម្ហូបអាហារ ភេសជ្ជ និងរបស់របរគ្រឿងកំប៉ុងដែលភាគច្រើនគឺត្រូវបានចាក់ចោលអត់ប្រយោជន៍។ ប៉ុន្តែប្រសិនបើរបស់ទាំងនោះត្រូវបានបរិច្ចាគទៅកាន់អ្នកក្រវិញ វាអាចចិញ្ចឹមពួកគេបានមួយគ្រួសារ និងបានមួយរយះពេលយូរថែមទៀតផង។

ហេតុដូច្នេះហើយបានជាមនុស្សសម័យថ្មីនេះមិនធ្វើដូចកាលពីមុនឡើយ ពួកគេដឹងថារឿងអ្វីដែលចាំបាច់នឹងមិនចាំបាច់ ហើយពួកគេតែងតែធ្វើទាំងពីរគឺចំពោះព្រះសង្ឃផង និងចំពោះអ្នកក្រខ្សត់ផង។ ឥឡូវនេះយើងតែងតែសង្កេតឃើញថា អ្នកមានធូរធារភាគច្រើន គឺតែងតែយករបស់របរសំខាន់ៗចាំបាច់ទៅចែកជូនអ្នកក្រខ្សត់បន្ទាប់ពីការប្រគេនជូនទៅកាន់ព្រះសង្ឃនៅក្នុងវត្ត។

ជាធម្មតាការចែកអំណោចបន្ដិចបន្ដួចភាគច្រើនគឺផ្ដោតទៅលើលុយកាក់ និងនៅពេលដែលអ្នកមិនបានត្រៀមរបស់របរសម្រាប់ចែកជូន។ ហេតុដូច្នេះហើយ កញ្ញា សូមណែនាំលោកអ្នកមករៀបចំអំណោចដ៏មានប្រយោជន៍ទុកសម្រាប់ចែកជូនពលរដ្ឋក្រីក្រនៅក្នុងរដូវភ្ជុំបិណ្ឌនេះ៖

សម្រាប់មនុស្សធំ៖ អ្នកគួរមាន អង្ករ (មិនចាំបាច់ច្រើននោះទេ ត្រឹមមួយថង់ពីរបីគីឡូក៏បានដែរ) ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ មីដាក់លាយបញ្ចូលគ្នាមួយថង់ជាមួយនឹងថវិការបន្ដិចបន្ដួចប្រសិនបើអ្នកមានបន្ថែមទៀត។

សម្រាប់កូនក្មេង៖ អ្នកគួរមាន សៀវភៅ ឬរបស់របរសិក្សាមួយឈុតតូច សម្លៀកបំពាក់ (មិនចាំបាច់តែថ្មីនោះទេ) នំកញ្ចប់បន្តិចបន្ដួច និងលុយកាក់ខ្លះប្រសិនបើអ្នកចង់បន្ថែមទៀតនោះ។

អ្នកត្រូវដឹងថាអំណោចមិនចាំបាច់តែមានរបស់របរគ្រប់សព្វ ឬរបស់ច្រើនលើសលុបនោះទេ វាអាចជាការបរិច្ចាគរបស់ចាស់ៗទៅកាន់អ្នកក្រខ្សត់ដែលគ្នាគ្មានអ្វីទាល់តែសោះ វាប្រៀបបានដូចជាអំណោចដ៏ល្អនឹងមានអត្ថប្រយោជន៍មួយសម្រាប់ពួកគេ។ ទាំងនេះគឹជារឿងដ៏គួរឲ្យកោតសរសើរសម្រាប់អ្នកដែលមានគម្រោងក្នុងការធ្វើបុណ្យដាក់ទាននារដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ មនុស្សម្នាក់ៗត្រូវចងចាំថាការធ្វើបុណ្យទាំងបីជារឿងចាំបាច់បំផុតដែលអ្នកត្រូវធ្វើ ចំពោះឪពុកម្ដាយ ចំពោះព្រះសង្ឃ និងទៅកាន់អ្នកក្រីក្រ៕

ប្រភពរូបភាព៖ Sabay

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den