សាយ៖ កុំចាំដល់ក្លាយជាអ្នកមាន ចាំជួយសង្គម!
- 2021-09-19 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាយ៖ កុំចាំដល់ក្លាយជាអ្នកមាន ចាំជួយសង្គម!
កម្មវិធី Starting Up បានឈានដល់សប្ដាហ៍ទី៤ ហើយ ដែលមានលោក អ៊ួន បឋម ហៅ សាយ ជាភ្ញៀវកិត្តិយស រួមជាមួយអ្នកសម្របសម្រួលកម្មវិធី២រូប គឺលោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group និងកញ្ញា ដែក ដារី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន 360 Events។
នៅក្នុងកម្មវិធីដែលមានរយៈពេលប្រមាណ ១ម៉ោងនេះ សាយ បានរៀបរាប់រឿងរ៉ាវជាច្រើនទាក់ទងនឹងការបង្កើតកម្មវិធីសង្គមកន្លងមក ជាពិសេសគឺកម្មវិធីរត់ដើម្បីសប្បុរសធម៌ RUN WITH SAI កាលពីឆ្នាំមុន។ ដែលក្នុងនោះ សាយ បានលើកពាក្យមួយឃ្លា ដែលជម្រុញចិត្តខ្លួនឯង ឲ្យបង្កើតកម្មវិធីសង្គមនេះឡើង គឺ "កុំចាំដល់ក្លាយជាអ្នកមាន ចាំជួយសង្គម"។
សាយ បានពន្យល់ថា "អ្នកមានច្រើនណាស់ បានជួយសង្គម រហូតដល់ធ្វើឲ្យមានការគិតថា ការជួយសង្គម គឺជាទំនួលខុសត្រូវរបស់អ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ ប៉ុន្តែធាតុពិត សង្គមទាំងមូល គឺជាទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា"។
តារាល្បី ដែលជាម្ចាស់កសិដ្ឋាន Sai Farm នៅខេត្តរតនគិរីរូបនេះ បានបន្ថែមថា "បើយើងចង់ឃើញសង្គមមួយដ៏ល្អ យើងត្រូវចូលរួមដោយខ្លួនឯង ជួយសង្គមដោយខ្លួនឯង ទោះតិចក្ដី ច្រើនក្ដី ទៅតាមជំនាញរៀងៗខ្លួន ជាជាងការអង្គុយរិះគន់គ្នា។ ខ្ញុំចង់ឲ្យទស្សនវិស័យហ្នឹង សាយភាយដល់អ្នកផ្សេងទៀត ខ្ញុំចង់ឲ្យពួកគាត់ មានអារម្មណ៍ចង់ជួយសង្គមដូចខ្ញុំដែរ"។
ដោយសារតែមានផ្នត់គំនិតជួយសង្គមខាងលើនេះហើយ ទើបសាយ បានសម្រេចចិត្តរត់ជុំវិញប្រទេសកម្ពុជា រកថវិកាជួយមន្ទីរពេទ្យកុមារអង្គរកាលពីឆ្នាំមុន។ ហើយនៅឆ្នាំនេះដែរ សាយ នឹងចាប់ផ្ដើមកម្មវិធីសប្បុរសធម៌ថ្មីមួយទៀត ស្របតាមបរិបទកូវីដ-19 ដែលមានឈ្មោះថា "RUN WITH SAI Virtual Run 2021"។
សាយបានឲ្យដឹងថា "RUN WITH SAI Virtual Run 2021" គឺជាផ្នែកមួយដើម្បីរក្សាសុខភាពផ្លូវកាយ តភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នាដើម្បីរក្សាសុខភាពផ្លូវចិត្ត ព្រមទាំងបានចូលរួមក្នុងកិច្ចការងារមនុស្សធម៌ផងដែរ។ ប្រិយមិត្តដែលចង់ចូលរួម សូមចុះឈ្មោះតាមរយៈដំណភ្ជាប់នេះ៖ https://www.saicambodianartist.com/។
ចង់ដឹងកាន់តែច្បាស់ សូមទស្សនាក្នុងកម្មវិធី Starting Up សប្ដាហ៍ទី៤ ខាងក្រោមនេះ៖