អំណោយដែលកូនៗមិនគួរភ្លេច ជូនដល់អ្នកមានគុណជិតដល់ខែភ្ជុំហើយ

  • 2021-09-10 15:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុណ្យភ្ជុំបិណ្ឌ ជាពិធីសាសនាធំមួយរបស់ខ្មែរយើង ដែលប្រជាពលរដ្ឋតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ រដូវកាលនេះ គឺជាពេលវេលាជួបជុំគ្នា បងប្អូនកូនចៅ សាច់ញាតិទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយចាស់ៗ ដើម្បីរៀបចំអំណោយនានា ឬម្ហូបអាហារ បាយសម្លជូន និងរៀបចំជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម​។ ដោយសារបរិបទកូវីដ​ ១៩ យើងក៏មិនភ្លេចវិធានការណ៍សុខភាព គឺ ៣កុំ ៣ការពារ ដើម្បីធានាថាសុខភាពសប្បាយទាំងអស់គ្នា។

បើទោះនៅជិត១ខែទៀត ទើបដល់ថ្ងៃភ្ជុំធំក៏ដោយ ក៏កូនចៅ ជាពិសេសអំឡុងពេលនេះ កូនចៅដែលមានចាស់ទុំនៅជិត តែងត្រៀមចិត្ត ត្រៀមកាយគោរព និងរៀបចំកាដូទុកជូនចាស់ជាស្រេច ទៅតាមធនធាន និងលទ្ធភាពជាក់ស្តែង។

១.ចំណី​អាហារចំណី​អាហារ​ជា​បច្ច័យ​

ក្នុង​បច្ច័យ​ទាំង​បួន​ មាន​ឈ្មោះ​ថា បិណ្ឌបាត​បច្ច័យ សំដៅ​លើ​ចំណី​អាហារ​ បើ​កូន​ៗ​ អាច​ធ្វើ​បាន​គឺ​ល្អ​ប្រពៃ​​​ណាស់ ហើយ​វា​ជា​ស្បៀង​ដែល​ត្រូវ​ការ​ជាង​គេ។ « ចំណី​អាហារ​ អាចជូនតាមធនធាន និងលទ្ធភាពមានដូចជា៖ ត្រី​ងៀត​ ត្រី​ឆ្អើរ​ គ្រឿង​កំប៉ុង ដែលអាចទុក​បាន​យូរ ឬបាយ​សម្ល​ ចម្អិនជូនលោកពិសារក្តៅក៏បាន»។

២.ថ្នាំ​សង្កូវ ជួួយដល់សុខភាពឪពុក​ម្ដាយ​

បើអ្នកមានគុណរស់​នៅ​​ឯ​ស្រុក​ឆ្ងាយ​ពី​កូនៗ កាលបើឈឺ​ថ្កាត់ពេល​យប់​ព្រលប់​ ចាំបាច់ត្រូវ​តែ​មានថ្នាំខ្លះនៅផ្ទះ ដូច្នេះ​​កូន​ៗ គួរ​តែ​ទិញ​ថ្នាំ​សង្កូវ ឬ ថ្នាំ​ជួយសុខភាព​ជូន​លោក​ទាំង​ពីរជាបណ្តោះអាសន្ន ក្នុងនោះមានដូចជា៖ ប្រេង​កូឡា ទឹក​ត្រចៀក​កាំ ថ្នាំ​រឹត​ដៃ​ជើង ថ្នាំ​ក្ដៅ​ ថ្នាំ​ត្រជាក់​ ឬកញ្ចប់ដាក់សម្ភារៈសង្គ្រោះបឋមជាដើម គួរទិញជាប្រអប់មួយទុកដាក់ដើម្បីសុវត្ថិភាព និងងាយស្រួលរក។ កូនៗគួរ​តែ​ទិញ​ជូន​ពួក​គាត់ជាកញ្ចប់ក៏ល្អ ហើយ​​សរសេរ​អក្សរ​ដាក់​ពី​របៀប​ប្រើ​ប្រាស់​ឱ្យ​ត្រឹម​ត្រូវ​កុំ​ឱ្យ​ ពួក​គាត់​ប្រើ​ខុស នាំបញ្ហាសុខភាព! »។

៣.សំលៀក​បំពាក់

សំលៀក​បំពាក់​ជា​គ្រឿង​លម្អរពីខាងក្រៅ ដែល​អ្នក​មាន​គុណ​ត្រូវ​ការ​ប្រើ​ប្រាស់​រាល់​ថ្ងៃ មិន​តែ​ប៉ុណ្ណោះ​ តម្លៃ​​វា​សម​ស្រប​ទៅ​តាម​លទ្ធភាព​របស់​កូន​គ្រប់​គ្នា។ ពេល​ដែល​គាត់​ស្លៀក​ខោ​អាវ​ដែល​យើង​ទិញ​ជូន គាត់​នឹង​នឹក​ឃើញ​ដល់​កូន​ដែល​នៅ​ឆ្ងាយ និយាយ​ទៅពាក់​អាវ​នឹក​ឃើញ​ម្ចាស់! អ្នកគុណនឹងញញឹម សប្បាយចិត្តពេលមានខោអាវថ្មីៗ ស្អាតៗ ហើយកូនជាអ្នករៀបចំជូនទៀតនោះ!

៤.លុយកាក់

ថវិកា គឺជាអំណោយដែលស្រួល​ជាង​គេ​រៀបចំជូនអ្នកគុណបំផុត​ ហើយអាចជូនគ្រប់ពេលមិនថានៅជិត ឬឆ្ងាយគ្នា! បើ​ទិញ​អី​មិន​ទាន់​ជូន​លុយ​គាត់​ក៏​បាន​ដែរ! ការ​ជូន​លុយ​កាក់​ បាន​ផ្ដល់​​​ជម្រើស​​ឱ្យ​លោក​ទាំង​ពីរ​ច្រើន ទោះ​គាត់​ចង់​ពិសា​អី ទិញ​អ្វីក៏ដោយក៏អាចប្រើ​ប្រាស់​ធម្មតាប្រចាំថ្ងៃ ឬសម្រាប់គាត់រៀបចំពេលបុណ្យ​ទាន​​​ក៏​បានស្របពេលឱកាសបុណ្យភ្ជុំបិណ្ឌឆាប់ៗនេះ៕

អត្ថបទ៖ សិរីរត្នន៍