អំឡុងពេលមើលចិត្តគ្នា បើម្ខាងទៀតមានសញ្ញាបែបនេះយកល្អកុំបន្តធ្វើសង្សារគ្នាអី
- 2021-05-22 01:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អំឡុងពេលមើលចិត្តគ្នា បើម្ខាងទៀតមានសញ្ញាបែបនេះយកល្អកុំបន្តធ្វើសង្សារគ្នាអី
ដំណាក់កាលមើលចិត្តគ្នា ជានាទីដ៏សំខាន់ដែលមិនអាចថ្លោះធ្លោយបានឡើយ ព្រោះអ្នកក៏មិនចង់មានសង្សារត្រឹម១ខែ ២ខែ ហើយចែកផ្លូវគ្នាដើរឡើយ។ ម្ល៉ោះហើយ បើសង្កេតឃើញដៃគូអ្នកបង្ហាញកាយវិការមួយចំនួនដែលពិបាកនឹងទទួលយក កុំបន្តស្ទាក់ស្ទើរចង់ធ្វើសង្សារជាមួយគ្នាទៀតអី ព្រោះមានតែពិបាកចិត្តលើសជាងនៅម្នាក់ឯងនោះទេ។
**១. ហៅគេឲ្យគិតលុយ ទាំងដែលយើងមិនទាន់ញ៉ាំរួច**
មានមនុស្សស្រីច្រើនណាស់មើលរំលងរឿងនេះព្រោះយល់ថាតូចតាច។ ពេលណាត់គ្នាទៅញ៉ាំអី ហើយខាងប្រុសកាយញាត់ៗ ញ៉ាំលឿនៗយកតែម្នាក់ឯង ដោយមិនចាំយើងឲ្យទំពារមួយៗសោះ។ សំខាន់ ពេលគេញ៉ាំរួច គេបែរជាហៅអ្នកលក់ឲ្យមកគិតលុយឲ្យហើយ ទាំងដែលយើងអត់ទាន់បានញ៉ាំរួចរាល់។ កាយវិការនេះ ហាក់ដូចបង្ហាញថា ឲ្យយើងញ៉ាំឲ្យលឿនៗទៅ ព្រោះគេប្រញាប់ ដែលហាក់មិនឲ្យតម្លៃបន្តិចសោះ។ បើគ្រាន់តែពេលវេលាប៉ុណ្ណឹង គាត់ចាំមិនបានទេ ពេលវេលាធ្វើសង្សារគ្នាគាត់ក៏មិនបាច់ប្រញាប់ចង់បានដែរ នៅ Single ម្នាក់ឯងដូចកាលមុនទៅចុះ។
២. ប្រាប់អ្នកឲ្យជួយចេញលុយ
ក្នុងថ្ងៃណាត់ជួបដំបូង ពិតជាសំខាន់ខ្លាំងណាស់សម្រាប់គូស្នេហ៍។ តែបើខាងប្រុស គ្រាន់អាហារមួយពេលក៏មិនអាចចេញឲ្យអ្នកបានទេ នេះគួរដឹងហើយថា តើថ្ងៃមុខគាត់អាចចិញ្ចឹមអ្នកបានឬទេ? មិនមែនយើងសម្លឹងមើលតែលុយគេនោះទេ តែវាជាសុជីវធម៌របស់មនុស្សប្រុសក្នុងថ្ងៃណាត់ជួបដំបូង។ ប្រសិនគាត់និយាយថា "ខ្ញុំប៉ាវអ្នកញ៉ាំអាហារ តែអ្នកត្រូវប៉ាវខ្ញុំមើលកុនវិញ" ទាំងនេះក៏មិនគួរពិចារណាលើបុរសបែបនេះយូរដែរ។
៣. មិនជួយសូម្បីកាន់ឥវ៉ាន់
បើទោះជាពេលខ្លះ ឥវ៉ាន់មួយចំនួនយើងអាចកាន់ខ្លួនឯងបានមែន តែពេលកំពុងដើរជាមួយគ្នា តើខាងប្រុសអាចបង្ហាញភាពជាសុភាពបុរសបានទេ? បើគាត់សូម្បីមិនយកភ្នែកមើលពីឥវ៉ាន់សំពីងសំពោងរបស់អ្នកដែលកំពុងយួរនេះទេ កុំថាឡើយរឿងធំដុំក្នុងគ្រួសារនៅពេលក្លាយជាប្តីប្រពន្ធនឹងគ្នា ក៏គាត់មិនយកភ្នែកខ្វល់ដែរ។
៤. ពេលឆ្លងផ្លូវ អត់ខ្វល់ពីអ្នកសោះ
ថ្វីដ្បិតអ្នកលែងជាកូនក្មេង ដែលពេលឆ្លងថ្នល់ត្រូវមានមនុស្សធំដឹកដៃទៀតក៏ពិតមែន តែបើនៅពេលក្បែរមនុស្សកំពុងមើលចិត្តគ្នា គេអត់ចិត្តហើយឆ្លងទៅម្នាក់ឯងបែបនេះ ក៏មិនគួរបន្តជាមួយទៀតដែរ។ ព្រោះបង្ហាញពីគ្មានទំនួលខុសត្រូវ មិនបារម្ភ មិនយកចិត្តទុកដាក់។ បើគាត់ពិតជាស្រលាញ់អ្នកមែន គាត់មិនគួរបណ្តោយឲ្យអ្នកឆ្លងថ្នល់យ៉ាងគ្រោះថ្នាក់ម្នាក់ឯងបែបនេះទេ។
៥. មិនឃើញពីគុណសម្បត្តិគ្នា
ពេលជួបអ្នក គាត់ចូលចិត្តនិយាយថា អ្នកមើលទៅធាត់ខ្លាំងណាស់ ! ហើយប្រាប់ឲ្យអ្នកស្លៀកអ៊ីចេះ ស្លៀកអ៊ីចុះតាមចិត្តគាត់។ ប្រសិនបើគាត់ចង់ឲ្យអ្នកគ្រាន់បំពេញការចង់បានរបស់គាត់ទេ ហើយមិនដែលមើលឃើញពីសម្រស់ពិតរបស់អ្នកសោះ ក៏មិនគួរចង់បានបុរសបែបនេះជាសង្សារនាំដំបៅស្អិតទ្រូងឥតអំពើដែរ។
៦. រាល់កន្លែងណាត់ជួបញ៉ាំអីរាល់ដងគាត់ជាអ្នកកំណត់គ្រប់ពេល
មិនថាម៉ោង ទីតាំង គឺខាងប្រុសកំណត់ម្នាក់ឯង ដោយមិនសួរសោះថា តើយើងចង់ទៅទីនោះអត់? ម៉ោងហ្នឹងយើងទំនេរឬទេ? គេកំណត់ខ្លួនឯងជាមុន ដោយមិនសួរយោបល់យើងជាមនុស្សស្រីមុនសោះ។ បើអ៊ីចឹងៗអី បង្ហាញថាបុរសម្នាក់នេះជាមនុស្សអត្តនោម័ត អត់ចេះស្ដាប់យោបល់នរណាគេទេ បើបានជាសង្សារគ្នាទៅ នាំតែអំពល់ចិត្តលើសដើម៕
អានបន្ត៖ នារីមាន៤យ៉ាងនេះ នឹងទទួលបានតែការឈឺចាប់ គ្មានសុភមង្គល ទោះរូបស្អាតក៏ដោយ